លោក​រាជទូត​ជប៉ុន​ថ្មី​អញ្ជើញ​ទស្សនកិច្ច​សាលាក្តី​ខ្មែរក្រហម​,​បញ្ជាក់​ពី​ការបន្ត​គាំទ្រ​

353
ចែករម្លែក
លោក​រាជទូត​ជប៉ុន​ថ្មី​អញ្ជើញ​ទស្សនកិច្ច​សាលាក្តី​ខ្មែរក្រហម​,​បញ្ជាក់​ពី​ការបន្ត​គាំទ្រ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម និង​អ្នកនាំពាក្យ​សាលាក្តី​ខ្មែ​ក្រហម​បាន​ឲ្យ​ដឹងថា​ឯកអគ្គរាជទូត​ថ្មី​របស់​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បានធ្វើ​ទស្សនកិច្ច​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០១៩​នេះ​ដើម្បី​ស្វែងយល់​អំពី​ការរៀបចំ​និង​ដំណើរការ​នីតិវិធី​ក្នុងការ​ជំនុំជម្រះ​ក្តី​លើ​អតីត​មេដឹកនាំ​ជាន់ខ្ពស់ និង អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​ប្រព្រឹត្តឡើង ក្នុង​របប​ខ្មែរក្រហម​ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ ១៩៧៩​។​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ក៏បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរក្រហម​បន្ទាប់ពី​បាន​ទស្សនកិច្ច​សាល​សវនាការ និង​ធ្វើ​បទ​បង្ហាញ​ដោយ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​។​

លោក​រាជទូត​ជប៉ុន​ថ្មី​អញ្ជើញ​ទស្សនកិច្ច​សាលាក្តី​ខ្មែរក្រហម​(​រូបថត​សាលាក្តី​ខ្មែរក្រហម​)


​អ្នកនាំពាក្យ​ដដែល​បាន​បន្តថា​ក្នុងជំនួប​ជាមួយ​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បាន ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ស្តារ​និង​អភិវឌ្ឍន៍​ជាតិ​ឡើងវិញ ហើយ​ជាពិសេស​គឺ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រទេស​ជប៉ុន​ចំពោះ​ដំណើរការ​ជំនុំជម្រះ​ក្តី​លើ​ឧក្រិដ្ឋកម្ម​នៃ​របប​ខ្មែរក្រហម​នាំយក​យុត្តិធម៌ និង​ការពិត​ជូន ដល់​ជនរងគ្រោះ​។


​លោក ក្រាញ់ តូ​នី មានប្រសាសន៍ថា​«​ការចូលរួម​វិភាគទាន​ហិរញ្ញវត្ថុ​របស់​ជប៉ុន ដើម្បី​គាំទ្រ​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​នាំយក​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម និង​អ្នក ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មក​ជំនុំ​ជម្រះក្តី គឺ​ពិត​ជាមាន​សារសំខាន់ និង​បាន​ចូលរួម​ក្នុង​ដំណើរ​ការនាំ យក​យុត្តិធម៌​ជូន​ជនរងគ្រោះ ក៏ដូចជា​បាន​ចូលរួម​ក្នុងការ​ផ្សះផ្សា​ជាតិ និង​ពង្រឹង​សន្តិភាព​នៅ​កម្ពុជា​»​។ ជា មួយ​គ្នា​នេះ លោក ក្រាញ់ តូ​នី​បាន​ជម្រាបជូន​លោក​ទូត​ជប៉ុន​អំពី​ការវិវឌ្ឍ​ថ្មី​របស់​សាលាក្តី​ខ្មែរ​ក្រ ហម​ទាំង​ផ្នែក​ដំណើរការ​សំណុំរឿង ផ្នែក​ហិរញ្ញវត្ថុ និង​ការងារ​ផ្សព្វផ្សាយ​អំពី​ដំណើរការ​តុលាការ​ទៅកាន់​សាធារណជន​។ ការងារ​ផ្សព្វផ្សាយ​ដែល​រហូត​មកទល់ពេលនេះ​សាលាក្តី​ខ្មែរក្រហម​បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​ដោយបាន​ធ្វើការ​ផ្សព្វផ្សាយ​ទាំង​ក្នុង​និង​ក្រៅ​តុលាការ ហើយ​មាន​សាធារណជន​ជិត ៧ សែន នាក់​ទទួលបាន​ផលប្រយោជន៍​ពី​ការងារ​ផ្សព្វផ្សាយ​នេះ​។

លោក​រាជទូត​ជប៉ុន​ថ្មី​អញ្ជើញ​ទស្សនកិច្ច​សាលាក្តី​ខ្មែរក្រហម​(​រូបថត​សាលាក្តី​ខ្មែរក្រហម​)


​ប្រភព​ដដែល​បន្តថា ចំណែក​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​បាន​ចូលរួម​បំពេញការងារ​បាន​យ៉ាង​ល្អ​ហើយ​តុលា ការ​ចម្រុះ​កម្ពុជា​-​អង្គការសហប្រជាជាតិ​នេះ​មិនមែន​ត្រឹមតែ​ចូលរួម​នាំយក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៃ​របប ខ្មែរក្រហម​ទេ ប៉ុន្តែ​បាន​ចូលរួម​ផ្តល់​យុត្តិធម៌ និង​ដំណើរការ​សន្តិភាព​សម្រាប់​ពិភពលោក​ទាំងមូល​។​លោក​បាន​គូ​បញ្ជាក់ថា​ប្រទេស​ជប៉ុន​នៅតែ​បន្ត​គាំទ្រ​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​នេះ និង​ខិតខំ​ប្រឹងប្រែង ផ្តល់​ការគាំទ្រ​ថវិកា​បន្ថែមទៀត​។​លោក​ទូត​បាន​ថ្លែងថា​សាលាក្តី​ខ្មែរក្រហម​បាន​ដើរតួនាទី យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ពិភពលោក​បានដឹងថា​មានរឿង​អ្វី​កើតឡើង​ពិតប្រាកដ​នៅក្នុង​អតីតកាល​នៃ​របប ខ្មែរក្រហម​។​


​លោក​ទូត​បញ្ជាក់ថា​បេសកកម្ម​របស់លោក​នៅ​កម្ពុជា​គឺ​ដើម្បី​បន្ត​ពង្រឹង​កាន់តែខ្លាំង​ថែម ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​កា​រ​ទូត​រវាង​ជប៉ុន​និង​កម្ពុជា ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​រ​វាង​ជប៉ុន​និង​សាលាក្តី ខ្មែរក្រហម​ក៏​ជា​កិច្ចការ​មួយ​ដែល​សំខាន់​ផងដែរ​។ ជប៉ុន​ក៏បាន​គាំទ្រ​លើ​ដំណើរការ​របស់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ទាក់ទង​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (LDC) ផងដែរ​។

លោក​រាជទូត​ជប៉ុន​ថ្មី​អញ្ជើញ​ទស្សនកិច្ច​សាលាក្តី​ខ្មែរក្រហម​(​រូបថត​សាលាក្តី​ខ្មែរក្រហម​)


​សូមបញ្ជាក់ថា​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានចាប់ផ្តើម​ដំណើរការ​ពី​ដើមខែ​កុម្ភៈ ឆ្នាំ ២០០៦ ហើយ​រហូតមក​ទល់នឹង​ឆ្នាំ ២០១៩ នេះ​មាន​សំណុំរឿង​បួន ចំពោះមុខ​។​ក្នុងនោះ សំណុំរឿង ០០១ ប្រឆាំង​អតីត​ប្រធាន​គុក​ទួលស្លែង​ត្រូវបាន​បិទ​បញ្ចប់​ទាំងស្រុង​ជាមួយ​ការផ្តន្ទាទោស​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច ដាក់ពន្ធនាគារ​អស់​មួយជីវិត​។ សំណុំរឿង ០០២/០១ ប្រឆាំងនឹង​នួន ជា និង​ខៀវ សំផន អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ទាក់ទង​នឹង​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ដោយ​តុលាការ​កំពូល​សម្រេច ផ្តន្ទាទោស នួន ជា និង​ខៀវ សំផន ដាក់ពន្ធនាគារ​អស់​មួយជីវិត​។ សំណុំរឿង ០០២/០២ ប្រឆាំងនឹង នួន ជា និង​ខៀវ សំផន ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ហើយ​បច្ចុប្បន្ន ខៀវ សំផន​កំពុង​បន្ត​នីតិវិធី​បណ្តឹងសាទុក្ខ​ប្រឆាំង​សាលក្រម​សំណុំរឿង ០០២/០១ ខណៈ សំណុំរឿង នួន ជា ត្រូវបាន​បិទ​បញ្ចប់​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ក្រោយពី ជនជាប់ចោទ នួន ជា ទទួលមរណភាព​កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ ២០១៩​។


​យោងតាម​លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម គិត​រហូតមកដល់​ខែមីនា ឆ្នាំ​២០១៩ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានទទួល​ថវិកា​វិភាគទាន ពី​បណ្តា​ប្រទេស​ផ្តល់ជំនួយ មាន​ចំនួន​សរុប​ជិត ៣០៣,៥ លាន​ដុល្លា​អាម៉េរិក ក្នុងនោះ ថវិកា​ចំនួន ២២១,៤ លាន​ដុល្លារ សម្រាប់​ភាគី​អន្តរជាតិ និង ៨២,១ លាន​ដុល្លារ​សម្រាប់​ភាគី​ជាតិ​នៃ អ​.​វ​.​ត​.​ក​។ លោក​បាន​បន្ត​ឱ្យដឹងថា ប្រទេស​ជប៉ុន​ជា​ម្ចាស់ជំនួយ​ធំជាងគេ​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​បានផ្តល់​វិភាគទាន​ថវិកា​ចំនួន​ជាង ៨៧ លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម​ក្នុងនោះ​ជាង ៧១​លាន​ដុល្លារ​ជូន​ដល់​ភាគី​អន្តរជាតិ និង​ជាង​១៦​លាន​ដុល្លារ​ផ្តល់​ដល់​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​។

លោក​រាជទូត​ជប៉ុន​ថ្មី​អញ្ជើញ​ទស្សនកិច្ច​សាលាក្តី​ខ្មែរក្រហម​(​រូបថត​សាលាក្តី​ខ្មែរក្រហម​)


​លោក នេត្រ ភក្ត្រា ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បានរួម​ចំណែក​ថវិកា​ជា​សាច់ប្រាក់​សរុប​ជិត ៣៣ លាន​ដុល្លារ ដែល​ក្លាយជា​អ្នកផ្តល់​ថវិកា​ច្រើនជាងគេ​លំដាប់​ទី​២​បន្ទាប់ពី​ប្រទេស​ជប៉ុន​។ បើ​គិត​រួមទាំង​ការផ្តល់​ជា​សម្ភារ រាជរដ្ឋាភិបាល​កម្ពុជា បានរួម​ចំណែក​មានទឹក​ប្រាក់​សរុប​ចំនួន​ប្រមាណ​៥០​លាន​ដុល្លារ​។ សម្រាប់​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ថវិកា​ចំនួន ៣,៩ លាន​ដុល្លារ ដែល​ស្មើនឹង​៧២​ភាគរយ​នៃ​គម្រោង​ថវិកា​ដែល​បានអនុម័ត​ចំនួន​៥,៤​លាន​ដុល្លារ​សម្រាប់​ភាគី​ជាតិ​នៃ​អ​.​វ​.​ត​.​ក​។ ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​កម្ពុជា ទ្រទ្រង់​១០០​ភាគរយ​នៃ​ចំណាយ​ប្រតិបត្តិការ​ទូទៅ​របស់ អ​.​វ​.​ត​.​ក និង​ចេញ​ប្រាក់ខែ​បុគ្គលិក​ជាតិ​យ៉ាងតិច​ប្រាំ​មួយខែ​៕សរន

លោក​រាជទូត​ជប៉ុន​ថ្មី​អញ្ជើញ​ទស្សនកិច្ច​សាលាក្តី​ខ្មែរក្រហម​(​រូបថត​សាលាក្តី​ខ្មែរក្រហម​)