លោក​រ៉ុង ឈុន បដិសេធ​ព័ត៌មាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ការបោះឆ្នោត​

1718
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​រ៉ុង ឈុន ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា​បាន​បដិសេធ​និង​ច្រានចោល​ចំពោះ​ព័ត៌មាន​ច​ចាម​អារាម​ដែលថា លោក​មាន​គម្រោង​នឹង​ដឹកនាំ​កម្មករ កម្មការិនី ប្រជាពលរដ្ឋ និង​គ្រូបង្រៀន ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ទៅនឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ (​ខាងឆ្វេង)និង​លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​

ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា លោក​រ៉ុង ឈុន មាន​គម្រោង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​នាពេលខាងមុខ​នេះ ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​លោក​រ៉ុង ឈុន បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២១ ខែកក្កដា ថា លោក​មិនមាន​គម្រោង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ការបោះឆ្នោត​នាពេលខាងមុខ​នេះ​ទេ ពីព្រោះ​ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​មិនមាន​គណបក្សប្រឆាំង​ចូលរួម​។​លោក​បាន​បដិសេធថា នៅក្នុង​ការបោះឆ្នោត គឺ​មិនមាន​ការតវ៉ា​ទាមទារ​អ្វី​ទេ ហើយ​អ្វីដែល​លេចឮ​គ្រាន់តែ​ជា​ព័ត៌មាន​ច​ចាម​អារាម​តែប៉ុណ្ណោះ ពីព្រោះ​បើ​លោក​ធ្វើ​ត្រូវ​ជូនដំណឹង​ទៅ​អាជ្ញាធរ​ហើយ ។​តែ​លោក​មិនមាន​គម្រោង​ធ្វើការ​តវ៉ា​អ្វី​ទាំងអស់​។

​ចំណែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា ថា ការតវ៉ា ឬ​ធ្វើ​អ្វីមួយ​ត្រូវ​ជូនដំណឹង​ទៅ​អាជ្ញាធរ​។ ប៉ុន្តែ​ការតវ៉ា​ប្រឆាំង​ការ​បោះឆ្នោត គឺ​គ្មានទេ ពីព្រោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺ​ធ្វើ​ទៅតាម​រដ្ឋធម្មនុញ្ញ​ប្រាំ​ឆ្នាំ​ម្តង ហើយ​បើ​ប្រឆាំង​ទៅនឹង​ការបោះឆ្នោត​បានន័យថា ប្រឆាំង​ទៅ​និង​រដ្ឋធម្មនុញ្ញ​។ ក្នុងករណី​មាន​អ្វី​ជា​ភស្តុតាង​ក្នុងការ​រាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត គឺ​អនុវត្ត​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។

​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ឆាប់ៗ​ខាងមុខ ដោយមាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រ​កូត​ប្រជែង​៕សរន