លោក​លី​ខឺ​ឈាង​នាយករដ្ឋមន្ត្រី​ចិន​ថ្លែង​សុន្ទរកថា​នៅ​វេទិកា​សិង្ហ​បុរី​

574
ចែករម្លែក


​ប្រភព​បរទេសៈ
​ព្រឹក​ថ្ងៃទី ១៣ ខែវិច្ឆិកា តាម​ម៉ោង​ក្នុង​តំបន់ លោក លី​ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​វេទិកា​សិង​បុរី ក្រោម​ចំណងជើង​ថា “​រួមគ្នា​បង្កើត​និង​ចែករំលែក​ភាពរុងរឿង​ក្នុងការ​បើកទូលាយ​និង​រួមបញ្ចូល​គ្នា ” ព្រមទាំង​បាន​ឆ្លើយ​សំណួរ​របស់​អង្គប្រជុំ​ផងដែរ ។ លោក លី​សៀង​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​មាន​វត្តមាន​ក្នុង​វេទិកា​លើក​នេះ ។​

​ថ្លែង​ក្នុង​សុន្ទរកថា លោក លី​ខឺ​ឈាង បាន​លើកឡើងថា បច្ចុប្បន្ន ទំនាក់ទំនង​រវាង​ចិន​និង​សិង្ហ​បុរី​បាន​រីក​ចម្រើន​ដោយ​នឹងនរ កិច្ច​សហ​ប្រតិ​ប​តិ្ត​ការជាក់ស្តែង​ទ្វេភាគី​ត្រូវ​ជំរុញ​យ៉ាង​ស៊ីជម្រៅ​ជា​បន្តបន្ទាប់ ។ កាលពី​ឆ្នាំ ២០១៥ លោក ស៊ី ជីន​ភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​សិង្ហ​បុរី ប្រទេស​ទាំងពីរ​បានកំណត់​ទំនាក់ទំនង​ភាពជា​ដៃគូ​សហ​ប្រតិ​ប​តិ្ត​ការ​គ្រប់​ជ្រុងជ្រោយ ។ តាំងពី​ប្រទេស​ចិន​បាន​អនុវត្ត​គោលនយោបាយ​កែទម្រង់​និង​បើកទូលាយ​រយៈពេល ៤០ ឆ្នាំ​មក គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រទេស សិង្ហ​បុរី​បាន​ចូលរួម​យ៉ាង​ទូលំទូលាយ​ក្នុង​ដំណើរ​នេះ ព្រមទាំង​បានសម្រេច​ការផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​និង​ឈ្នះ​-​ឈ្នះ​ជាមួយ​ប្រទេស​ចិន​ផងដែរ ។​

​លោក លី​ខឺ​ឈាង បាន​គូសបញ្ជាក់ថា ត្រូវ​ប្រកាន់ខ្ជាប់​យ៉ាង​មុតមាំ​នូវ​គោលការណ៍​ពហុភាគី​និយម ប្រកាន់ខ្ជាប់​ការគោរព​គ្នា​ទៅវិញទៅមក និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក ។ ប្រទេស​ចិន​ផ្តួចផ្តើម​គំនិត​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី ហើយក៏​គាំទ្រ​សច្ចភាព​និង​យុត្តិធម៌​របស់​ពាណិជ្ជកម្ម ។ សំដៅ​ចំពោះ​បញ្ហា​ប្រឈម​ដែល​បាន​លេចចេញ​ក្នុង​ដំណើរ​ពិភពលោក​ភាវូបនីយកម្ម​និង​ពាណិជ្ជកម្ម​សេរី គួរតែ​មើល​តាម​ក្រសែភ្នែក​អភិវឌ្ឍន៍ និង​ដោះស្រាយ​តាម​វិធីសាស្ត្រ​ជំរុញ​ការកែទម្រង់ ។​
​លោក លី​ខឺ​ឈាង បាន​គូស​បញ្ជាក់ទៀតថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បុរី​របស់ខ្ញុំ​លើក​នេះ ខ្ញុំ​នឹងចូលរួម​ស​និ្ន​សីទ​ថ្នាក់ដឹកនាំ​ពាក់​ពន្ធ​មួយចំនួន​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អាស៊ី​បូព៌ា ដើម្បី​ជំរុញ​ថែម​មួយកម្រិត​ទៀត​នូវ​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន ។ កិច្ចព្រមព្រៀង​អំពី​ទំនាក់ទំនង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(RCEP) និង​គ្របដណ្តប់​ប្រជាជន​ចំនួន​ជិត​ពាក់កណ្តាល និង​បរិមាណ​ពាណិជ្ជកម្ម​ជិត​មួយ​ភាគបី នៃ​ពិភពលោក​ទាំងមូល ដែលមាន​អំណោយផល​ដល់​ប្រទេស​ក្នុង​តំបន់​ក្នុង​ការជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ ។ ការចរចា RCEP​ក្នុង​ឆ្នាំ ២០១៨​នេះ​ទទួលបាន​ការវិវឌ្ឍ​យ៉ាង​ប្រាកដប្រជា រំពឹងថា ការចរចា​មួយ​នេះ​អាច​បញ្ចប់​នៅ​ឆ្នាំ ២០១៩ ។​

​លោក លី​ខឺ​ឈាង បាន​ថ្លែង​ទៀតថា ប្រទេស​ចិន​ស្វា​គម​ន៍​សហគ្រាស​នៃ​ប្រទេស សិង្ហ​បុរី​និង​បណ្តា​ប្រទេស​អាស៊ាន​នានា​ក្តាប់ជាប់​កាលានុវត្តភាព បង្កើន​កម្លាំង​វិនិយោគទុន​នៅ​ប្រទេស​ចិន ។ សម្លឹង​មើលទៅ​អនាគត ប្រទេស​ចិន​រីករាយ​ក្នុងការ​ចាប់ដៃ​ធ្វើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​សិង្ហ​បុរី ក្នុងន័យ​ជំរុញ​កិច្ច​កសាង “​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ ” ជំរុញ​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ចិន​និង​សិង្ហ​បុរី ចិន​និង​អាស៊ាន​ឲ្យ​រីកចម្រើន​ទៅមុខ​ជា​និរន្តរភាព ដើម្បី​រួមចំណែក​ថ្មី​ក្នុង​ការជំរុញ​ស​និ្ត​ភាព ស្ថិរភាព​និង​វិបុលភាព​របស់​អាស៊ី​និង​ពិភពលោក ។​

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​បាន​បើក​ធ្វើ​នៅ​ប្រទេស​សិង្ហ​បុរី​នា​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន​ដែល​ចូលរួម​កិច្ចប្រជុំ​លើក​នេះ​នឹង​ខិតខំ​ការជំរុញ​ការធ្វើសមាហរណកម្ម​ក្រោម​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​និយម​ក្រោម​ប្រធានបទ​ភាពរឹងមាំ​និង​ការច្នៃប្រឌិត​ថ្មី​របស់​អាស៊ាន​។​
លោក​លី សៀន​លុង (Lee Hsien Loong)​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ដែលជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន​ប្រចាំឆ្នាំ​២០១៨​នេះ​បាន​គូសបញ្ជាក់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​អំពី​ភាព​បន្ទាន់​និង​សារសំខាន់​នៃ​ការ​គាំពារ​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​និយម​។​

​លោក​បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​នានា​ប្រមូលផ្តុំ​តម្រិះ​ប្រាជ្ញា​និង​ធនធាន​ដើម្បី​រួមគ្នា​ទប់ទល់​នឹង​បញ្ហា​ប្រឈម ជាមួយគ្នានេះដែរ ក៏​គួរតែបង្កើត​យន្តកា​សមូ​ហ​ភាព​ក៏​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ត្រៀម​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​។​

អាស៊ាន​ក៏បាន​រំលឹក​ឡើងវិញ​នូវ​ពាក្យសន្យា​ស្តីពី​ការគាំទ្រ​ពាណិជ្ជកម្ម​ពហុភាគី​ផងដែរ ព្រម​និង​ជំរុញ​ឱ្យសម្រេចបាន​ក្នុងពេល​ឆាប់ៗ​នូវ​ការចរចា​អំពី​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ហៅ​កាត់​RCEP៕សរន