លោក​លី​ សុវណ្ណ​រតនា ​ធ្វើ​ស​ន្និសីទ​កាសែត​សុំឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ផលប៉ះពាល់​មុន​នឹង​ឈូសឆាយ

874
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា​នេះ លោក លី សុវណ្ណ​រតនា បាន​ប្រមូល​ផ្តុំគ្នា​នៅ​កន្លែង​ឈូសឆាយ​របស់​ក្រុមហ៊ុន OCIC បានធ្វើ​ស​ន្និសិត​កាសែត ក្នុង​បំណង​សុំឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ផលប៉ះពាល់ ជាមួយ​ប្រជាពលរដ្ឋ​ជាមុនសិន ចាំ​ឈូសឆាយ​ជា​ក្រោយ បន្ទាប់ពី​អាជ្ញាធរ និង​ក្រុមហ៊ុន​OCIC រុះរើ​របង​ដែល​លួច​ធ្វើ​ហ៊ុមព័ទ្ធ​ដី កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​។​ ការប្រមូលផ្តុំ​គ្នា​ធ្វើ​ស​ន្និសិទ​សារព័ត៌មាន​នេះ នៅ​ព្រឹក​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៧ នៅ​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​គោលបំណង​នៃ​ការធ្វើ​ស​ន្និសីទ​កាសែត​នោះ គឺ​បងប្អូន​ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អា​ជ្ញ​ធរ ជួយ​ដោះស្រាយ​ផលប៉ះពាល់​ឲ្យ​ពួកគាត់ ទទួលយកបាន​ជាមុន​សិន ចាំ​ក្រុមហ៊ុន​ឈូសឆាយ​ជា​ក្រោយ ព្រោះ​ដី​ទាំងនោះ គឺជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់ខ្លួន​គាត់​។​

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ឱ្យដឹងថា លោក លី សុវណ្ណ​រតនា ធ្លាប់​មានរឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​នេះ តាំងពី​៥​ឆ្នាំមុន​ម្លេះ ហើយក៏​ធ្លាប់​ជាប់ពន្ធនាគា​ផងដែរ ហើយ​នៅពេល​គាត់​ចេញពី​គុក​វិញ គាត់​បាន​លួច​សាងសង់​របង​នេះ​ទៀត ទោះបី​អាជ្ញាធរ​ជូនដំណឹង​ជាច្រើន ដង​ហើយក៏​នៅតែ​មិន​ស្តាប់​។​

​មន្ត្រី​សាលាខណ្ឌ​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​ទៀតថា ការ​ឈួ​ស​ឆាយដី​នោះ មិនមែនជា​ដី​របស់​ប្រជាពលរដ្ឋ​រាប់សិប​គ្រួសារ ដូច​ការលើកឡើង​នោះទេ គឺជា​ដី​របស់​ឈ្មួញ​ទិញ​ទុក​លក់​យកចំណេញ​តែប៉ុណ្ណោះ បើទោះជា​ដឹងថា ដី​តំបន់​នេះ ត្រូវ​រាជរដ្ឋាភិបាល​បង្កក​មិន​ឲ្យ​ទិញ​លក់ ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក​ក៏ដោយ​។​

​មន្ត្រី​សាលាខណ្ឌ​ជ្រោយចង្វា បាន​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ឈ្មោះ​លី​សុវណ្ណ​រតនា សាងសង់​របង​ព័ទ្ធ​ដី​លើ​គំរោង​ស្ថាបនា​ផ្លូវ​នេះ​។​

​មន្ត្រី​សាលាខណ្ឌ​ជ្រោយចង្វា​ដដែល​បាន​ឲ្យ​ដឹង​បន្ថែមថា លោក លី សុវណ្ណ​រតនា តែងតែ​ដើរ​ទិញ​ដី​នៅ​តំបន់​នោះ បង្កក​ទុក​លក់បាន​បង្ក​ការងារ​រាំ​ស្ទះ​ដល់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ដី​មួយចំនួន​ដែល​គាត់​បាន​ទិញ​គាត់​បាន ជួល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា ឬ​ទាមទារ ដើម្បី​ទទួលបាន​សំណង​ច្រើន​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​។

​តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា កន្លងមក​អាជ្ញាធរ និង​ក្រុមហ៊ុន បាន​អញ្ជើញ លោក លី សុវណ្ណ​រតនា ឲ្យ​មក​ដោះស្រាយ​ជាច្រើនលើក​ច្រើនសា​រួចមកហើយ ប៉ុន្តែ​គាត់​មិន​ចូល​ដោះស្រាយ ហើយ​នៅតែ​បង្ក​ការរាំងស្ទះ​ដល់​ការអភិវឌ្ឍន៍ ដោយ​សាងសង់​របង​បេតុង​រឹងមាំ​ចំ​គំរោង​ផ្លូវ​នោះ​ទៀត​។​

គួររំលឹកថា កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ផលប៉ះពាល់​សូមកុំ​បារម្ភ ព្រោះ​អាជ្ញាធរ​នៅតែ​បន្ត ដោះស្រាយ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​គិតគូរ​ពី​ផលប្រយោជន៍រ​បស់បង​ប្អូន​ជាធំ​។ ដើម្បី​ជៀសវាង​ការលិចលង់​ដល់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ សាលា​រាជធានី​ភ្នំពេញ កំពុងតែ​ប​ន្លឿ​ន​ឲ្យ​បាន​រួចរាល់​ក្នុង​រដូវវស្សា​នេះ ប៉ុន្តែ​នៅតែមាន​ការរារាំង​ពី​ឈ្មួញ​ដែលមាន​ដី​ធំៗ នៅ​តំបន់​នោះ​។​

​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា បានបញ្ជាក់​ទៀតថា ផ្លូវ​មួយ​ខ្សែ​ថ្មី​ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​សារសំខាន់​ណាស់ សម្រាប់​ប្រជាជន​ដែល​រស់នៅ​ជាប់​តំបន់​អភិវឌ្ឍន៍​នេះ ដើម្បី​សម្រួល​ដល់​ធ្វើដំណើរ​ផង និង​ដើម្បី​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ការពារ​ការលិចលង់​ពេល​មាន​ភ្លៀង​ធ្លាក់​។​

​សូមជម្រាបថា​បន្ទាប់ពី​ទទួលបាន​សិទ្ធិ ក្នុងការ​អភិវឌ្ឍន៍​តំបន់​ទីក្រុង​រណប​ជ្រោយចង្វា ពី​សាលា​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១១​រួចមក គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ដ៏​ទំនើប​មួយ​នេះ កំពុងដំណើរការ​ទៅមុខ​យ៉ាង​រលូន ជាមួយនឹង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​បញ្ចប់​ស្ទើរ​ទាំងស្រុង​។
​បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​ខិតខំ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់ ដែល​បង្ហាញ​ពី​ភាពខុសប្លែក និង​អភិវឌ្ឍន៍​នៅ​តំបន់​ដ៏​មាន​សក្តានុពល​មួយ​នេះ ជាមួយ​ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​តម្កល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជាធំ​។​

​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២១​ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ដឹកនាំ​ដោយ​លោក ហ៊ុយ សារុន សហការ​ជាមួយ​ក្រុមហ៊ុន​OCIC បាន​ចុះ​វាយរបង​ថ្ម​ដែល​សង់​រំលោភ​លើ​គំរោង​ផ្លូវ​ក្នុង​តំបន់​អភិវឌ្ឍ​ជ្រោយចង្វា ហើយ​ការធ្វើការ​ឈួ​ស​ឆាយ​រុះរើ​នោះ ក៏បាន​សាងសង់​ផ្លូវ​ធ្វើ​ប្រព័ន្ធ​លូ និង​ធ្វើ​សួនច្បារ​ស្រប​ផ្លូវ​ទន្លេសាប ក្នុង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា​តែម្តង​។​

​ជាមួយគ្នា​នោះ ក៏មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​មួយចំនួន និង​ក្រុម​កូនចៅ​របស់ លោក លី សុវណ្ណ​រតនា ដែលជា​ឈ្មួញ​ទិញ​ដី​បង្កក​ទុក​លក់ ហើយ​ធ្វើ​របង​ហ៊ុម​ព័ន្ធ​ដី​នោះ​ផងដែរ​។​ ដី​ដែល​សាងសង់​របង​នោះ មាន​បណ្តោយ​៤០​ម៉ែត្រ កំពស់​២​ម៉ែត្រ ជា​របស់​ឈ្មោះ លី សុវណ្ណ​រតនា ដែល​សង់​ចំ​គំរោង​ផ្លូវ​របស់​ក្រុមហ៊ុន ហើយ​អះអាងថា អាជ្ញាធរ​មិនបាន​ជូនដំណឹង តែ​តាម​ការពិត​អាជ្ញាធរ​ជូនដំណឹង​២​ដង​មកហើយ​៕L ដោយ​៖ ម៉េង​សែ​