លោក​លឹម​គានហោ : ជំរុញ​មន្ត្រី​ឱ្យធ្វើ​ទំនើបកម្ម​លើ​ការគ្រប់គ្រង​ធនធានទឹក​

337
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញ​: នៅក្នុង​កិច្ចបញ្ចប់​នៃ​ការប្រជុំ​បូកសរុប​វាយតម្លៃ និង​លើក​ទិសដៅការងារ​វិស័យ​ធនធានទឹក និង​ឧតុនិយម​រយៈពេល​ពីរ​ថ្ងៃ​(៣-៤​ធ្នូ​) លោក​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ឱ្យ​ខិតខំ​បន្ថែមទៀត​ដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បម្រើ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ចុងដៃ​និង ស្រូវប្រាំង​២០១៩-២០២០ និង​ឈានទៅ​សម្រេច​ឱ្យបាន​ជោគជ័យ​លើ​ការធ្វើ​ទំនើបកម្ម​គ្រប់គ្រង​ធនធានទឹក ដើម្បី​ឆ្លើយតបបាន​ទាន់ពេល​ទៅនឹង​ការវិវឌ្ឍនៃ​អាកាសធាតុ​។​

​កិច្ចប្រជុំ​បូកសរុប​វាយតម្លៃ និង​លើក​ទិសដៅ​ការងារ​វិស័យ​ធនធានទឹក និង​ឧតុនិយម បាន​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ បានបញ្ចប់​នៅ​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយមាន​ការអញ្ជើញ ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង នាយកដ្ឋាន​ចំណុះ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ទាំង​២៥​រាជធានី​-​ខេត្ត ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប​។

​នៅ​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃនេះ មាន​ធ្វើ​បទ​បង្ហាញ​ដោយ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ទាំង​២៥​រាជធានី​ខេត្ត និង​ការ​ថ្លែង​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ដែល​ទទួល​មុខព្រួញ​នីមួយៗ អំពី​ពេលវេលា​ បរិមាណ​ទឹកភ្លៀង និង​ទឹកទន្លេ ដោយ​ធ្វើការ​ប្រៀបធៀប​ឆ្នាំ​ចាស់ និង​មធ្យម​ភាគច្រើន​ឆ្នាំ​, ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០១៩ ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ឆ្នាំ​២០១៩-២០២០, ទិសដៅ​ការងារ​នៅពេល​ខាងមុខ និង​បញ្ហា​ប្រឈម​ផ្សេងៗ ទៀត​ដែល​បាន និង​កំពុង​កើតមានឡើង​។​

​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ទុ​និយម​បាន​មានប្រសាសន៍ថា ឆ្លងកាត់​ការប្រជុំ​បូកសរុប​វាយតម្លៃ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​ថ្នាក់ដឹកនាំ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ធនធានទឹក និង​ឧតុនិយម រហូត​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាងច្រើន ដែល​នេះ​ជា​ស្នាដៃ​រួម និង​ជា​មោទនភាព​របស់​យើង​ទាំងអស់​គ្នា​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​សង្កត់​ធ្ងន់​ថា ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ ក៏ដូចជា​ការ គ្រប់គ្រង​ធនធានទឹក ឲ្យ​មាន​ប្រសិទ្ធភាព និង​និរន្ត​ភាព ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍនៃ​អាកាសធាតុ​បាន​ទាន់ពេលវេលា ត្រូវខិតខំ​យកចិត្តទុកដាក់​បន្ថែម ទៀត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផលស្រូវ រដូវវស្សា​ចុងដៃ និង​ស្រូវប្រាំង ២០១៩-២០២០ បាន​លទ្ធផល​ល្អ​។ ត្រូវខិតខំ​បន្តទៀត​ដើម្បី​ឈានទៅ​សម្រេច​ជោគជ័យ ក្នុង​ការធ្វើ​ទំនើបកម្ម​លើ​ការគ្រប់គ្រង​ធន ធាន​ទឹក​ដោយ​ធ្វើការ​តាមដានច្នៃប្រឌិត​ឲ្យ​បាន​ទាន់ពេល ទៅនឹង​ការវិវឌ្ឍនៃ​អាកាសធាតុ​។​ត្រូវធ្វើ​ការតាមដាន​និង​កត់ត្រា​ឱ្យបាន​ច្បាស់លាស់​នូវ​គ្រប់​សមិទ្ធផល ដែល​សម្រេចបាន​ឱ្យមាន​ការ​ស៊ីសង្វាក់​គ្នា​រវាង​ថ្នាក់​ក្រសួង​និង​មន្ទីរ​៕ ល​/Ha