ដោយៈស៊ាថាំង/ភ្នំពេញៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថានៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩លោកវង្សីវិស្សុតរដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Alexander Feldman និងលោក Michael W. Wichalak។
មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថាគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានមកទស្សនកិច្ចធុរកិច្ចនៅកម្ពុជានាពេលនេះមានការចូលរួមពីក្រុមហ៊ុនធំៗអាមេរិកចំនួន១៥។មានគោលបំណងស្វែងយល់នូវឱកាសវិនិយោគក៏ដូចជាដើម្បីធ្វើការពិភាក្សាលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការវិនិយោគ និងធុរកិច្ចរបស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជា។
លោកវង្សីវិស្សុតមានប្រសាសន៍ថារូបលោកនិងសហការីមានសេចក្តីសោមនស្សរីករាយក្នុងការពិភាក្សាលើបញ្ហានានាដែលជាសំណូមពរឬបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនអាមេរិកដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជាក៏ដូចជាដើម្បីទាក់ទាញការវិនិយោគថ្មីពីអាមរិកបន្ថែមទៀត។ ក្នុងគោលដៅពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យដល់កម្រិតមួយថ្មីទៀតដើម្បីផលប្រយោជន៍ទាំងសងខាងក្នុងរយៈពេលវែង។
លោកបានគូសបញ្ជាក់ថាកម្ពុជាចង់បានការវិនិយោគបន្ថែមកាន់តែច្រើនពីអាមេរិក ដើម្បីធ្វើពិពិធកម្ម, បង្កើតការងារនិងបង្កើនតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជាក៏ដូចជាដើម្បីតភ្ជាប់កម្ពុជាទៅកាន់ខ្សែសង្វាក់ផលិតកម្មនៅតំបន់ និងពិភពលោក ជាពិសេសការផ្ទេរនូវចំណេះដឹង, បច្ចេកវិទ្យា, នានុវត្តន៍ និងសហគ្រិនភាពជាដើម។
រដ្ឋលេខាធិការវង្សីវិស្សុតបានប្រាប់គណៈប្រតិភូថាពេលនេះសេដ្ឋកិច្ចប្រទេសកម្ពុជាបាននិងកំពុងបន្តរីកចំរើនទៅមុខយ៉ាងលឿន។ក៏ប៉ុន្តែនិន្នាការនិងភាពមិនប្រកដប្រជាមួយចំនួនក្នុងពិភពលោកនិងតំបន់បាននាំមកនូវទាំងកាលានុវត្តភាពទាំងហានិភ័យនិងបញ្ហាប្រឈមមកជាមួយគ្នាផងដែរ។កម្ពុជាមានការប្តេជាចិត្តខ្ពស់ក្នុងការជំនះឱ្យបាននូវរាល់បញ្ហាប្រឈមទាំងនេះដើម្បីពន្លឿនកិច្ចអភិវឌ្ឍប្រទេសឱ្យទាន់ចរន្តក្នុងតំបន់និងនាំប្រទេសកម្ពុជាឱ្យឈានទៅដល់កម្រិតនៃការអភិវឌ្ឍថ្មីមួយទៀត។
ក្នុងន័យនេះរាជរដ្ឋាភិបាលនឹងបន្តជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយបរិយាប័ន្នសម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ដោយជំរុញបង្កើនពិពិធកម្ម និងភាពប្រកួតប្រជែងសេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍ចំនួន៤ធំៗរួមមាន៖(១).វិធានការស្រូបយកការប៉ះទង្គិចផលវិបាកពីវិបត្តិណាមួយជាយថាហេតុ(២).វិធានការដោះស្រាយបញ្ហារចនាសម្ព័ន្ធ។
ក្នុងនោះមានការបង្កើនភាពប្រកួតប្រជែងតាមរយៈការកាត់បន្ថយថ្លៃដើមជាពិសេសការផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនិងវិស័យអគ្គីសនី,ការធ្វើពិពិធកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងការធ្វើពិពិធកម្មទំនិញនិងទីផ្សារ។(៣).វិធានការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចដែលមានទាំងគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ,និង(៤).បង្កើនប្រសិទ្ធភាពក្នុងវិស័យសាធារណៈដើម្បីកសាងរដ្ឋបាលសាធារណៈមួយ ដែលកាន់តែស្អាតស្អំ, ឆ្លាតវៃ និងខ្លាំងពូកែមានសមត្ថភាពខ្ពស់ (A Cleaner, Smarter & Stronger Government)។
បន្ថែមលើនេះក្នុងជំនួបនេះលោករដ្ឋលេខាធិការប្រចាំការបានធ្វើការពិភាក្សាផងដែរ អំពីសក្តានុពល និងការទាញយកធនធានប្រេងកាតក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា ដែលបានលើកឡើងដោយក្រុមហ៊ុន ConocoPhillips។ លោកបានលើកឡើងថាក្រៅពីការផ្គត់ផ្គង់គ្រឿងបរិក្ខាពេទ្យ ក្រុមហ៊ុន GE ក្នុងអាចចូលរួមអភិវឌ្ឍវិស័យថាមពលនៅកម្ពុជាបានដែរ។
ចំពោះចំណាប់អារម្មណ៍ និងមតិលើកឡើងរបស់តំណាងក្រុមហ៊ុន VISA, MASTERCARD, AMAZON, Facebook និង ORACLE ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល, E-Commerce, E-Payment System និង Cloud Policy ជាដើមនោះ,លោក វង្សី វិស្សុត មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំក្របខ័ណ្ឌគោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដែលជាក្របខ័ណ្ឌគោលនយោបាយវែង សម្រាប់នាំកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល នៅក្នុងរយៈពេលពី ១៥ ទៅ ២០ ឆ្នាំខាងមុខ។
លោកបានគូសបញ្ជាក់ថាអាទិភាពដំបូងគេនៅក្នុងក្របខណ្ឌនេះគឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចឌីជីថលពិសេសវិស័យអគ្គីសនីនិងការតភ្ជាប់ផ្នែកឌីជីថលនៅក្នុងក្របខណ្ឌទូទាំងប្រទេសក៏ដូចជាការបង្កើតនូវប្រព័ន្ធអេកូ(Ecosystem)សម្រាប់ជំរុញដល់សកម្មភាពសេដ្ឋកិច្ចនានា នៅក្នុងសេដ្ឋកិច្ចឌីជីថល។
ទន្ទឹមនឹងនេះកម្ពុជាក៏នឹងជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិច E-Commerce ឱ្យបានខ្លាំងក្លាថែមទៀតព្រោះបច្ចុប្បន្ននៅមានចំណែកតូចនៅឡើយតាមរយៈការរៀបចំក្របខណ្ឌនីតិកម្មរួមទាំងគោលនយោបាយពន្ធដារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទាំងផ្នែករឹង និងទន់ ដូចជា National Payment Platform ជាដើម។
ដោយឡែកពាក់ព័ន្ធចំពោះការលើកឡើងពាក់ព័ន្ធនឹងការបញ្ឈប់ការនាំចូលប្រេងតាមផ្លូវគោក ខាងភាគីកម្ពុជាបានស្នើសុំឱ្យមានការយោគយល់ព្រោះការដាក់ចេញនូវវិធានការទាំងនេះគឺដើម្បីពង្រឹងការប្រមូលចំណូលក៏ដូចជាពង្រឹងប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពីរត់គេចពន្ធ។
ពិតណាស់ថាក្រុមហ៊ុនមួយចំនួនអាចជួយប្រទះនូវការលំបាកខ្លះក្នុងរយៈពេលខ្លីតែការដាក់ចេញនូវវិធានការទាំងនេះនឹងជួយលើកកម្ពស់អនុលោមភាពពន្ធនិងការប្រកួតប្រជែងដោយស្មើភាពនៅក្នុងរយៈពេលវែង។
ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងយកចិត្តទុកដាក់នូវសំណូមពរទាំងនេះទន្ទឹមនឹងការខិតខំធានាឱ្យមាននូវបរិយាកាសវិនិយោគអនុគ្រោះនិងផ្តល់ប្រព្រឹត្តកម្មដោយស្មើភាពដល់ក្រុមហ៊ុនទាំងអស់៕S/