លោក​សា​ណា​ហាន​នឹង​និយាយ​រិះគន់​ចិន​អំពី​យោ​ធូប​និ​យ​កម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​សុន្ទរកថា​មួយ​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃ​សៅរ៍​នេះ​

640
ចែករម្លែក

​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​របស់​អាម៉េរិក​លោក​ផា​ទ្រី​ក សា​ណា​ហាន (Patrick Shanahan) បាន​និយាយថា​លោក​នឹង​រិះគន់​ប្រទេស​ចិន​នៅក្នុង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​សៅរ៍​ទី​១​មិថុនា​នេះ​ជុំវិញ​ការធ្វើ​យោ​ធូប​និ​យក​ម្ម​នៅលើ​កោះ​សមុទ្រ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ការប្រើប្រាស់​ទូលំទូលាយ​នៃ​ការបង្ខិតបង្ខំ​ដើម្បី​ជំរុញ​ផលប្រយោជន៍​ជាតិចិន​។​

​លោក​បាន​និយាយថា សារ​ទូលំទូលាយ​របស់​លោក​ទៅកាន់​សន្និសីទ​សន្តិសុខ​ស្តីពី​កិច្ចសន្ទនា​សាង​ហ្គ្រី​ឡា (Shangri-La) នៅ​សិង្ហ​បុរី នឹង​ផ្តោតលើ​អ្វីដែល​សហរដ្ឋអាមេរិក​បានធ្វើ​ដើម្បី​ពង្រីក​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ប្រឆាំង​ទៅនឹង​បរិបទ​នៃ​ឥទ្ធិពល​កំពុង​កើនឡើង​របស់​ចិន​និង​ការបង្កើន​កម្លាំងយោធា​ទ្រង់ទ្រាយ​ធំ​របស់​ចិន​។​

​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​មុនពេល​គាត់​ចូលទៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន​លោក​វៃ ហ្វេ​ង​ហឺ លោក​សា​ណា​ហាន​បាន​និយាយថា​លោក​ចង់​ជំរុញ​ទំនាក់ទំនង​យោធា​កាន់តែ​ល្អជា​មួយ​ប៉េកាំង ប៉ុន្តែ​មិនអាច​ព្រងើយកន្តើយ​នឹង​ការអភិវឌ្ឍ​យោធា​ដ៏​ធំ​របស់​ពួក​កុម្មុយនីស្ត​នៅលើ​កោះ​បង្កើត​ដោយ​មនុស្ស​នោះឡើយ​។​

​លោក​សា​ណា​ហាន​បាន​និយាយថា “​ពួកគេ​តវ៉ា​ថា វា​ជាការ​ការពារ​ខ្លួន​។ វា​មើលទៅ​ដូចជា​លើស​បន្តិច​ហើយ មាន​ទាំង​មី​ស៊ី​លពី​ដី​ទៅ​អាកាស ផ្លូវ​ចុះចត​យន្តហោះ​ដ៏​វែង ខ្ញុំ​យល់ថា​វា​លើស​ពេក​ហើយ​”​។​

​សម្តី​របស់លោក​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ល្អក់កករ​រវាង​អាម៉េរិក​និង​ចិន ខណៈដែល​រដ្ឋបាល​ត្រាំ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប៉េកាំង ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន Huawei និង​យល់ព្រម​លក់​អាវុធ​ឱ្យទៅ​កោះ​តៃវ៉ាន់ ជា​កោះ​ស្វ័យគ្រប់គ្រង ដែល​ចិនដីគោក​អះអាងថា​ជា​ទឹកដី​របស់ខ្លួន​។ ហើយ​សម្តី​របស់លោក​ក៏​ឆ្លុះបញ្ចាំង​ផងដែរ​ពី​យុទ្ធសាស្ត្រ​ការពារជាតិ​ថ្មី​របស់​អាម៉េរិក ដែល​បានប្រកាស ការប្រណាំង​ប្រជែង​អំណាច​ជាមួយ​ចិន​និង​រុស្ស៊ី ជា​អាទិភាព​កំពូល​របស់​ប្រទេស​។​

​ការ​ថ្លែង​របស់លោក​សា​ណា​ហាន​នៅ​ថ្ងៃ​សៅរ៍​ទី​១​មិថុនា​នេះ ដែលជា​សុន្ទរកថា​សំខាន់​លើកដំបូង​របស់លោក​នៅ​លើ​ឆាក​អន្តរជាតិ នឹង​កំណត់​សំឡេង​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​ឥទ្ធិពល​យោធា​របស់​អាម៉េរិក​នៅក្នុង​តំបន់​ឥណ្ឌូចិន​។ ហើយ​អ្នក​ដែល​ស្តាប់​យ៉ាង​យកចិត្តទុកដាក់​បំផុត​នឹង​ជា​សម្ព័ន្ធមិត្ត​ដែលមាន​ការព្រួយបារម្ភ​និង​ដៃគូ​នៅក្នុង​តំបន់ ដែលមាន​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន និង​ផលប៉ះពាល់​ខាង​នយោបាយ​នៃ​ការ​ត្អូញត្អែរ​របស់​អាម៉េរិក​អំ​ពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប៉េកាំង​ក្នុង​ការផលិត​អាវុធ​លឿន​ជាង​សំឡេង បច្ចេកវិជ្ជា​នុយក្លេអ៊ែរ និង​ការបាញ់​បង្ហោះ​យានអវកាស​ផ្សេងៗ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​របស់​អាម៉េរិក​លោក​ផា​ទ្រី​ក សា​ណា​ហាន ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន​លោក​វៃ ហ្វេ​ង​ហឺ កាលពី​ថ្ងៃ​សុក្រ​នៅ​សិង្ហ​បុរី នៅមុន​កិច្ចសន្ទនា​សាង​ហ្គ្រី​ឡា