លោក​ស៊ី​ជីន​ពីង​ត្រៀម​កាន់តំណែង​អាណត្តិ​ទី​២ ជាមួយ​អំណាច​ខ្លាំង​ជាង​មុន​

1477
ចែករម្លែក

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង នឹង​ទទួលបាន​អាណត្តិ ៥ ឆ្នាំ​មួយទៀត​នៅ​ថ្ងៃ​សៅរ៍​ទី​១៨​មីនា ជាមួយ​បុរស​ដៃស្តាំ​របស់គាត់​ត្រៀម​ក្លាយទៅជា​អនុ​ប្រធានាធិបតី ដើម្បី​ជួយ​គាត់​ពង្រឹង​អំណាច​និង​ដោះស្រាយ​ការគំរាមកំហែង​ផ្នែក​ពាណិជ្ជកម្ម​ពី​សំណាក់​សហរដ្ឋអាមេរិក​។​

​ការតែងតាំង​សាជាថ្មី​របស់លោក​ស៊ី​ដោយ​អង្គនីតិបញ្ញត្តិ​គ្រប់គ្រង​ដោយ​បក្ស​កុម្មុយនីស្ត​នេះ​គឺជា​ការសន្និដ្ឋាន​ទុកជាមុន​រួចទៅហើយ ប៉ុន្ដែ​ភ្នែក​ទាំងអស់​នឹង​ក្រឡេក​មើលថា​តើ​អតីត​អ្នកប្រឆាំង​អំពើពុករលួយ​ដ៏​ឈ្មុសឈ្មុល លោក វ៉ាង ឈី​សាន នឹង​ក្លាយទៅជា​អនុ​ប្រធានាធិបតី​របស់លោក ដូច​អ្វីដែល​អ្នកវិភាគ​បាន​រំពឹងទុក​ឬ​យ៉ាងណា​នោះ​។​

​សមាជ​ប្រជាជន​ថ្នាក់ជាតិ​បាន​ពង្រីក​អំណាច​យ៉ាង​ទូលំទូលាយ​របស់លោក​ស៊ី​រួចទៅហើយ នៅក្នុង​សម័យប្រជុំ​ប្រចាំឆ្នាំ​របស់ខ្លួន ដោយ​បញ្ចូល​ឈ្មោះ​របស់គាត់​ទៅក្នុង​រដ្ឋ​ធម្មនុញ្ញ​និង​ដកចេញ​នូវ​ការកំណត់​២​អាណត្តិ​រយៈពេល ៥ ឆ្នាំ​សម្រាប់​តំណែង​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​។​

​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ប្រធានាធិបតី​និង​មន្ត្រី​រដ្ឋាភិបាល​ដទៃទៀត​នឹងធ្វើ​សច្ចាប្រណិធាន​ជា​លើកដំបូង​ដោយ​សន្យា​គោរព​តាម​រដ្ឋធម្មនុញ្ញ​។​

​ការដំឡើង​តំណែង​លោក​វ៉ាង​ជា​អនុ​ប្រធានាធិបតី​នឹង​អនុញ្ញាតឱ្យ​លោក​ស៊ី​រក្សា​សម្ព័ន្ធមិត្ត​ដ៏​គួរឱ្យ​ទុកចិត្ត​បំផុត​មួយរូប​នៅក្បែរ​ខ្លួន​គាត់ ក្នុងនាម​គាត់​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ចិន ចាប់តាំងពី​លោក​ម៉ៅ សេទុង បាន​ពង្រឹង​សិទ្ធិអំណាច​របស់គាត់ និង​កំណត់​ទស្សនៈវិស័យ​របស់គាត់​លើ​ការ​កាន់អំណាច​អស់​មួយជីវិត​នោះ​។​

​លោក​វ៉ាង​អាយុ ៦៩ ឆ្នាំ​បាន​លាលែង​ពី​ក្រុមប្រឹក្សា​ដឹកនាំ​របស់​គណបក្ស​កុម្មុយនីស្ត​កាលពី​ខែតុលា​ក្រោម​ច្បាប់​ចូលនិវត្តន៍​ក្រៅផ្លូវការ​។​

​ប៉ុន្តែ​លោក​បាន​រក្សា​ភាព​លេចធ្លោ​របស់គាត់​ដដែល ដោយ​អង្គុយ​នៅ​តុ​តែមួយ​ជាមួយ​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ចំនួន​៧​រូប អំឡុងពេល​កិច្ចប្រជុំ​សាធារណៈ​នៃ​សភា​ប្រជាជន​ចិន​។​

​ដោយ​ត្រូវបាន​គេ​ស្គាល់​ជា​អន្តរជាតិ​ថា​ជា​អ្នកចង្អុល​បង្ហាញ​អំពី​ពាណិជ្ជកម្ម​របស់​ចិន ក្រុមអ្នកវិភាគ​និយាយថា លោក​វ៉ាង​អាចជួយ​ឱ្យ​លោក​ស៊ី​ដោះស្រាយ​ទំនាក់ទំនង​កាន់តែ​តានតឹង​ខ្លាំង​ឡើងជា​មួយ​អាមេរិក ចំពេល​មានការ​ព្រួយបារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​។​

​លោក​វ៉ាង​បាន​ស្ថិតនៅ​ជួរមុខ​នៃ​ភារកិច្ច​ប្រឆាំង​អំពើពុករលួយ​របស់លោក​ស៊ី ជីន​ពីង ដោយ​ដឹកនាំ​គណៈកម្មាធិការ​មជ្ឈិម​សម្រាប់​ការត្រួតពិនិត្យ​វិន័យ ដែល​បានដាក់​ពិន័យ​មន្ត្រី ១,៥ លាន​នាក់​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ រាប់​ចាប់ពី​កម្មាភិបាលជាន់ខ្ពស់​រហូត​ដល់​មេដឹកនាំ​ថ្នាក់​តំបន់​និង​ឧ​ត្ត​ម​សេនីយ៍​ថ្នាក់​តំបន់​។​

​តំណែង​សំខាន់បំផុត​របស់លោក​ស៊ី​គឺ​អគ្គលេខាបក្ស​កុម្មុយនីស្ត​ប៉ុន្តែ​ដោយ​ដាក់​អ្នក​ស្មោះត្រង់​របស់​គណបក្ស​ដែល​ចូលនិវត្តន៍​រូបនេះ (​លោក​វ៉ាង​) ក្នុង​តំណែង​អនុ​ប្រធានាធិបតី នោះ​លោក​ស៊ី​ជាថ្មី​ម្តងទៀត​នឹង​ទាត់ចោល​ច្បាប់ទម្លាប់​ចាស់វស្សា​របស់​បក្ស និង​ច្បាប់​ស្នង​តំណែង​ដែល​មិន​បានចែង​ទុក​ពីមុន​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង នឹង​ទទួលបាន​អាណត្តិ ៥ ឆ្នាំ​មួយទៀត​នៅ​ថ្ងៃ​សៅរ៍​ទី​១៨​មីនា