លោក​ស៊ី​ជួប​លោក​ម៉ូ​ឌី ដើម្បី​បើក “​ទំព័រ​ថ្មី​” ក្នុង​ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌា​

871
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​ស្វះស្វែង​បើក “​ទំព័រ​ថ្មី​” ក្នុង​ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌា នៅពេល​លោក​ទទួល​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី កាលពី​ថ្ងៃ​សុក្រ​ទី​២៧ មេសា សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​ក្នុង​បំណង​ពង្រឹង​ទំនាក់ទំនង ដែល​ញាំញី​ដោយ​ជម្លោះព្រំដែន​។​

​លោក​ស៊ី​បាន​ស្វាគមន៍​លោក​ម៉ូ​ឌី​នៅឯ​សារមន្ទី​ខេត្ត​ហ៊ូ​ប៉ី ក្នុង​ទីក្រុង​វូ​ហាន សម្រាប់​អ្វីដែល​គេ​ចាត់ទុកថា​ជា​កិច្ចប្រជុំ “​ក្រៅផ្លូវការ​” ដែល​នឹង​បន្ត​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ខណៈដែល​ភាព​តានតឹង​ក្នុង​កម្រិត​ខ្ពស់បំផុត​កាលពី​ឆ្នាំមុន​នៅ​តំបន់ភ្នំ​ហេមពាន្ត​ត្រូវបាន​ដោះស្រាយ ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​ពិភពលោក​ទាំង​២​នេះ​មាន​ប្រវត្តិ​មិន​ជឿទុកចិត្ត​គ្នា​ជា​យូរណាស់​មកហើយ​។​

​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី​ក៏បាន​លើកឡើង​អំពី​កង្វល់​អំពី​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផងដែរ ដែលជា​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​សកល​មួយ រួមបញ្ចូល​នូវ​គម្រោង​សំខាន់​មួយ​តាមរយៈ​តំបន់​កា​ស្មៀ​រ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ប៉ា​គី​ស្ថាន ជា​ដែនដី​ជម្លោះ ដែល​ញ៉ូ​ដេលី​អះអាងថា ត្រូវបាន​កាន់កាប់​ខុសច្បាប់​។​

​ការប្រជុំ​កាលពី​ថ្ងៃ​សុក្រ​រួមមាន​ទស្សនកិច្ច​នៅ​សារមន្ទីរ​និង​អាហារ​ពេល​ល្ងាច​។ នៅ​ថ្ងៃ​សៅរ៍​នេះ ពួកគេ​នឹង​ដើរលេង​នៅតាម​បឹង​ខាងកើត ជិះទូក និង ពិសា​អាហារ​ថ្ងៃត្រង់​រួមគ្នា​។ នេះ​បើ​យោងតាម​របៀបវារៈ​ផ្លូវការ​របស់​មេដឹកនាំ​ឥណ្ឌា​។​

​លោក​ស៊ី​បាន​និយាយថា “​ខ្ញុំ​សង្ឃឹមថា​លោកនាយក​រដ្ឋមន្ត្រី​និង​ខ្ញុំ​អាច​បើក​ទំព័រ​ថ្មី​ក្នុង​ទំនាក់ទំនង​ចិន​-​ឥណ្ឌា​អំឡុង​កិច្ចប្រជុំ​នេះ​”​។ នេះ​បើ​យោងតាម​ទូរទស្សន៍​រដ្ឋ CCTV ។​

​មេដឹកនាំ​ចិន​បាន​និយាយថា​ភាគី​ទាំង​២​បាន​បង្កើត​ទំនាក់ទំនង​ការងារ​ល្អ ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មានបំណង​កសាង​ភាពជា​ដៃគូ​និង​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​។​

​លោក​ស៊ី​បាន​និយាយថា “​ខ្ញុំ​ចង់​ធ្វើឱ្យ​ទំនាក់ទំនង​មិត្តភាព​របស់​ប្រទេស​យើង​កាន់តែ​រីកចម្រើន​ឥតឈប់ឈរ ចង់ឱ្យ​ទំនាក់ទំនង​នេះ​ហូរ​ទៅមុខ​ឥត​ឈប់​ដូច​ទន្លេ​យ៉ាង​សេ​និង​ទន្លេ​លឿង ដែល​ហូរ​ទៅមុខ​ជានិច្ច​និរន្ត​”​។​

​លោក​ម៉ូ​ឌី​បាន​អរគុណ​លោក​ស៊ី​ដែល​បាន​ជួប​លោក​នៅ​ខាងក្រៅ​ទីក្រុង​ប៉េកាំង​ពីរដង ដោយ​ប្រាប់​មេដឹកនាំ​ចិន​ថា “​នេះ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​និង​សុ​ឆ្ឆន្ទៈ​ចំពោះ​ប្រទេស​ឥណ្ឌា​” ។​

​លោក​ម៉ូ​ឌី​បាន​និយាយថា ជាមួយនឹង ៤០ ភាគរយ​នៃ​ចំនួន​ប្រជាជន​ទាំងអស់​លើ​ពិភពលោក ឥណ្ឌា​និង​ចិន​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាច្រើន​របស់​ពិភពលោក ដោយ​បន្ថែមថា កិច្ចប្រជុំ​នេះ​គឺជា “​ឱកាស​ដ៏​ល្អ​” ដើម្បី​ធ្វើ​ដូច្នេះ​។​

​ដោយ​រំលឹក​នូវ​ពាក្យស្លោក​នយោបាយ​របស់​លោក​ស៊ី និង ពាក្យស្លោក​ផ្ទាល់​របស់លោក លោក​ម៉ូ​ឌី​បាន​និយាយថា “​ក្តី​សុបិន​អំពី​យុគសម័យ​ថ្មី​របស់​អ្នក​រួមគ្នា​ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​ថ្មី​របស់​ឥណ្ឌា គឺ​នឹង​ក្លាយជា​ជំហាន​ដ៏​ត្រឹមត្រូវ​សម្រាប់​ជា​ប្រយោជន៍​ដល់​ពិភពលោក​”​។​

​ប៉ុន្តែ​មេដឹកនាំ​ទាំង​២​មិនបាន​លើកឡើង​ដោយផ្ទាល់​អំពី​រឿង​ព្រំដែន​ឬ​ប្រភព​នៃ​ភាព​តានតឹង​ដទៃទៀត​នៅក្នុង​សុន្ទរកថា​របស់​ពួកគេ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​ស៊ី និង លោក​ម៉ូ​ឌី កំពុង​ស្វះស្វែង​ជួសជុល​ទំនាក់ទំនង បន្ទាប់ពី​ជម្លោះព្រំដែន​រវាង​ចិន​និង​ឥណ្ឌា​កាលពី​ឆ្នាំមុន