លោក​ស៊ី​ប្រាប់​ហុងកុង​ថា លោក​ស្វះ​ស្វែងរក “​អនាគត​វែងឆ្ងាយ​” សម្រាប់​ស្វ័យភាព​របស់​ទីក្រុង​នេះ​

1066
ចែករម្លែក

​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មិថុនា​ថា ចិន​នឹង​ធ្វើការ​ដើម្បី​ធានា​នូវ “​អនាគត​វែងឆ្ងាយ​” សម្រាប់​ស្វ័យភាព​របស់​ហុងកុង ប៉ុន្តែ​លោក​ស៊ី​បាន​ប្រឈម​នឹង​ទីក្រុង​ដ៏​បែកបាក់ ជាមួយ​អ្នក​តវ៉ា​ជាច្រើន​កំពុង​ខឹងសម្បា​ដោយសារ​ការជ្រៀតជ្រែករ​បស់​ប៉េកាំង ខណៈដែល​ខ្លួន​ប្រារព្ធ​ខួប ២០ ឆ្នាំ​នៃ​ការគ្រប់គ្រង​របស់​ចិន​។​

ចក្រភព​អង់គ្លេស​បានប្រគល់​ហុង​កុង​មក​ចិន​គ្រប់គ្រង​វិញ​នៅ​ថ្ងៃទី ១ កក្កដា ឆ្នាំ ១៩៩៧ ក្រោម​រូបមន្ត “​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” ដែល​ធានា​សេរីភាព​ទូលំទូលាយ និង ឯករាជ្យ​ខាង​ប្រព័ន្ធតុលាការ មិន​ធ្លាប់​ឃើញ​នៅ​ចិនដីគោក​។

​ប៉េកាំង​បាន​សន្យាថា ប្រព័ន្ធ​មូលធននិយម​របស់​ហុងកុង​នឹង​បន្ត​រក្សា​មិន​ផ្លាស់ប្តូរ “​យ៉ាងហោច​” ៥០ ឆ្នាំ​រហូតដល់​ឆ្នាំ ២០៤៧ ប៉ុន្តែ​ចិន​មិនបាន​បញ្ជាក់ថា​នឹងមាន​អ្វី​កើតឡើង​បន្ទាប់ពី​នោះទេ​។

នៅពេល​មកដល់​អាកាសយានដ្ឋាន​ហុងកុង​សម្រាប់​ពិធី​រំលឹក​ខួប​ផ្ទេរ​ហុងកុង នៅ​ចំពោះ​ហ្វូងមនុស្ស​ដែល​គ្រវីទង់ជាតិ​នៅ​ដើម​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ លោក​ស៊ី​និយាយថា “​ហុងកុង​តែងតែ​ដក់​ជាប់​នៅក្នុង​បេះដូង​របស់ខ្ញុំ​។ យើង​មាន​ឆន្ទៈ​សម្លឹងមើល​ទៅលើ​វិថី​មិនធម្មតា​របស់​ហុងកុង​ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ ទាញ​សេចក្តីសន្និដ្ឋាន​ពីបទ​ពិសោធន៍ សម្លឹង​មើលទៅ​អនាគត និង ធានា​ឱ្យបាន ថា “​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” មាន​ស្ថិរភាព និង មាន​អនាគត​វែងឆ្ងាយ រួមជាមួយ​វិស័យ​ផ្សេងៗ​ជាច្រើន​នៃ​សង្គម​ហុងកុង​”​។

សារ​របស់លោក​ស៊ី​គឺ​ស្របគ្នា​ទៅនឹង​អ្នកដឹកនាំ​ចិន​ជាន់ខ្ពស់​មុនៗ ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​ហុងកុង ដែលថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ការពារ​ការអភិវឌ្ឍ​និង​វិបុល​សុខ​របស់​ក្រុង​នេះ​។​

ប៉ុន្តែ ធាតុពិត ការបារម្ភ​អំពី​ឥទ្ធិពល​របស់​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​ក្រុង​ប៉េកាំង​បានបង្ហាញ​ចេញ​ជាក់ស្តែង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តាមរយៈ​ការចាប់​ពង្រត់​ដោយ​ភ្នាក់ងារ​របស់​ចិនដីគោក​ទៅលើ​អ្នកលក់​សៀវភៅ​ហុងកុង​ជាច្រើនរូប ដែល​ជំនាញ​ខាង​និពន្ធ​អត្ថបទ​រសើប​ខាង​នយោបាយ និង ការប្រឹងប្រែង​របស់​ប៉េកាំង​ដើម្បី​ដកសិទ្ធិ​របស់​សមាជិក​សភា​គាំទ្រ​ឯករាជ្យ​ពីររូប ដែល​បាន​ជាប់ឆ្នោត​ក្នុង​សភា​ហុងកុង​។​

លោក​ស៊ី​មិនបាន​ឆ្លើយតប​ទៅនឹង​អ្នកកាសែត​ទេ រួមទាំង​អ្នកកាសែត​ម្នាក់ ដែល​សួរថា​តើ​លោក លីវ សៀវ​បូ ជ័យលាភី​ណូបែល​សន្តិភាព​ចិន និង ជា​ជន​ប្រឆាំង​ដែល​កំពុង​ជាប់គុក នឹងត្រូវ​ដោះលែង ហើយ​អនុញ្ញាតឱ្យ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​ព្យាបាល​ជំងឺមហារីក ឬ អត់​។

​ដោយ​ថ្លែង​នៅពេល​ក្រោយ​បន្តិច​មក​នោះ លោក​ស៊ី​បាន​កោតសរសើរ​មេដឹកនាំ​ត្រៀម​ចេញពី​តំណែង​របស់​ហុងកុង លោក លឿង​ជុង​យី​ង ដែល​បាន​បង្ក្រាប​យ៉ាង​ចាស់ដៃ​លើ​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ ២០១៤ សម្រាប់​ការរួមចំណែក​ឥត​ងាករេ​របស់គាត់​ចំពោះ​ប្រទេស​ចិន “​ជាពិសេស​ការពារ​សន្តិ​សុខ​ជាតិ​”​។

លោក​ស៊ី​បាន​បន្ថែមថា “​រយៈពេល ៥ ឆ្នាំ​មកនេះ​មិនមាន​ភាពងាយស្រួល​ឡើយ​”​។​

លោក​ស៊ី​ជំ​រុញឱ្យ​មន្ត្រី​គាំទ្រ​មេដឹកនាំ​បន្ទាប់ គឺ​លោកស្រី ខា​រី ឡា​ម ដែល​នឹង​ស្បថ​កាន់តំណែង​នៅ​ថ្ងៃ​សៅរ៍ ទី​១ កក្កដា និង រួមចំណែក​ដល់ “​ក្តី​សុបិន​របស់​ចិន​”​។

​ការតវ៉ា​ថ្ងៃទី ១ កក្កដា​ប្រចាំឆ្នាំ ដែល​ធ្វើឡើង​ដើម្បី​បុព្វហេតុ​សង្គម រួមមាន​ការអំពាវនាវ​ឱ្យមាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ ត្រូវគេ​រំពឹងថា​នឹងធ្វើ​ឡើង បន្ទាប់ពី​លោក​ស៊ី​ចាកចេញ​នៅ​ថ្ងៃ​សៅរ៍​។ កាលពី​យប់​ថ្ងៃ​ពុធ ប៉ូលិស​បាន​ចាប់ខ្លួន​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ល្បីៗ​ជាច្រើនរូប ដែល​ក្នុងចំណោម​នោះ​មួយចំនួន​ថែមទាំង​បាន​ឡើង​តោង​លើ​រូបសំណាក​តំណាង​ការប្រគល់​ហុងកុង​ពី​ការគ្រប់គ្រង​របស់​អង់គ្លេស​មក​ចិន​ផងដែរ​។

ក្នុងចំណោម​ពួកគេ​គឺ​មេដឹកនាំ​និស្សិត លោក​យ៉ូ​ស្វេ វ៉ង់ ដែល​និយាយ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ មិថុនា​ថា ការឃុំខ្លួន​គាត់​ជាង ១៦ ម៉ោង គឺ​មិនមែនជា​រឿង​ធម្មតា​ទេ​៕ ​ដោយ ៖កញ្ញាដាលីស

លោក​ស៊ី​ប្រាប់​ហុងកុង​ថា លោក​ស្វះ​ស្វែងរក “​អនាគត​វែងឆ្ងាយ​” សម្រាប់​ស្វ័យភាព​របស់​ទីក្រុង​នេះ​
#