លោក​ស៊ី ជីន​ពីង​មានបំណង​បំបាត់​ការព្រួយបារម្ភ​អំពី​គម្រោង​ក្រវាត់​និង​ផ្លូវ​

143
ចែករម្លែក

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​មេសា​បាន​ស្វះស្វែង​បំបាត់​ការព្រួយបារម្ភ​អំពី​គម្រោង​ក្រវាត់​និង​ផ្លូវ​ដ៏​មហិច្ឆតា​របស់គាត់ ដោយ​និយាយថា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សកល​របស់គាត់​នឹង “​មិន​អត់ឱន​” ចំពោះ​អំពើពុករលួយ ខណៈ​ប្តេជ្ញា​ទប់ស្កាត់​ហានិភ័យ​បំណុល​។​

​ក្នុង​សុន្ទរកថា​ដើម្បី​ចាប់ផ្តើម​ជំនួប​កំពូល​ស្តីពី​គម្រោង​ក្រវាត់​និង​ផ្លូវ (BRI) លោក​ស៊ី​ក៏បាន​ថ្លែង​បំបាត់​ការបារម្ភ​ដល់​សហរដ្ឋអាមេរិក​ផងដែរ​ស្តីពី​ការឧបត្ថម្ភ​ធន ប្រាក់​យ័ន និង​ការធ្វើ​ពាណិជ្ជកម្ម ខណៈដែល​ភាគី​ទាំងពីរ​ឈានដល់​ការចរចា​កម្រិត​ខ្ពស់​ថ្មីៗ​នៅ​សប្តាហ៍​ក្រោយ​។​

​គោលនយោបាយ​ការបរទេស​ដ៏​សំខាន់បំផុត​របស់លោក​ស៊ី​នេះ​គឺមាន​គោលបំណង​បង្កើត​ឡើងវិញ​នូវ​ផ្លូវ​សូត្រ​បុរាណ​ដើម្បី​ត​ភ្ជាប់​អាស៊ី​ទៅកាន់​អឺរ៉ុប​និង​អាហ្វ្រិក​តាមរយៈ​ការវិនិយោគ​យ៉ាង​ធំធេង​នៅក្នុង​គម្រោង​ផ្លូវគោក ផ្លូវ​សមុទ្រ និង​ផ្លូវដែក​។​

​គម្រោង​នេះ​ផ្តល់ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយថា​គម្រោង​នេះ​ផ្តល់​ប្រៀប​ឱ្យទៅ​ខាង​ក្រុមហ៊ុន​ចិន​ខណៈ​ដាក់​អន្ទាក់​បំណុល​លើ​ប្រជាជាតិ​នានា​និង​បង្ក​ការខូចខាត​ដល់​បរិស្ថាន​។​

​ភាព​ស្រអាប់​នៃ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ចិន​និង​រដ្ឋាភិបាល​ក្នុង​តំបន់​ក៏បាន​បង្កឱ្យមាន​ការប្រុងប្រយ័ត្ន​ដែរ​។​

​លោក​ស៊ី​បាន​និយាយ​នៅឯ​កិច្ចប្រជុំ​មេដឹកនាំ​ពិភពលោក​ចំនួន ៣៧ នាក់​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​ថា “​អ្វី​គ្រប់យ៉ាង​គួរតែ​ត្រូវបានធ្វើ​ដោយមាន​តម្លាភាព​ហើយ​យើង​ពុំ​អត់ឱន​ចំពោះ​អំពើពុករលួយ​ឡើយ​”​។​

​ប្រទេស​ចិន​ក៏បាន​ច្រានចោល​ការចោទប្រកាន់ថា​គម្រោង​ក្រវាត់​និង​ផ្លូវ គឺជា “​អន្ទាក់​បំណុល​” និង​ជា​ឧបករណ៍​ភូមិសាស្ត្រ​នយោបាយ​សម្រាប់​មហិច្ឆតា​របស់​ក្រុង​ប៉េកាំង​ក្នុងការ​ក្លាយជា​មហាអំណាច​សកល​លោក​។​

​លោក​ស៊ី​បាន​មានប្រសាសន៍ថា “​គម្រោង​ក្រវាត់​និង​ផ្លូវ​មិនមែនជា​គម្រោង​របស់​ក្រុម​ផ្តាច់មុខ​ណាមួយ​ទេ​”​។​

​ក្នុងការ​ថ្លែង​អំពី​ក្តីបារម្ភ​រឿង​ប្រាក់កម្ចី លោក​បាន​បន្ថែមថា “​យើង​ក៏ត្រូវ​ធានា​និរន្ត​ភាព​ពាណិជ្ជកម្ម​និង​សារពើពន្ធ​នៃ​គម្រោង​ទាំងអស់​ផងដែរ​ដើម្បីឱ្យ​ពួកគេ​សម្រេច​គោលដៅ​ដែល​បានគ្រោង​ទុក​”​។​

​ការអត្ថាធិប្បាយ​របស់​លោក​ស៊ី​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លីវ គុន​បាន​និយាយថា​ប្រទេស​ចិន​នឹង​បង្ហាញ​វេទិកា​មួយ​ស្តីពី​និរន្តរភាព​បំណុល​ដើម្បី​ទប់ស្កាត់​ហានិភ័យ​បំណុល ជា​ចំណាត់ការ​មួយ​ដែល​ទទួលបាន​ការស្វាគមន៍​ពី​លោកស្រី​គ្រីស្ទី​ន ឡា​ហ្គា​ត ប្រធាន​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។​

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម​រ៉ា​ន់ ខាន់ ដែល​បាន​និយាយថា​ប្រទេស​របស់លោក​គឺជា​អ្នកគាំទ្រ “​ដ៏​ក្លៀវក្លា​” នៃ​គម្រោង​ក្រវាត់​និង​ផ្លូវ បាន​អំពាវនាវ​ឱ្យ​បង្កើត​ការិយាល័យ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​អំពើពុករលួយ​។​

​ប្រទេស​ទាំងពីរ​កំពុង​សាងសង់​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន (CPEC) ដែលជា​គម្រោង​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​ដើម្បី​ត​ភ្ជាប់​តំបន់​ស៊ីន​ជាំ​ង​ប្រទេស​ចិន​ភាគ​ពាយព្យ​ទៅ​កំពង់ផែ​សមុទ្រ​អារ៉ាប់ ក្វា​ដា (Gwadar)​។​

​ចំពេល​មានការ​ព្រមាន​ថា​គម្រោង​ធំៗ​មួយចំនួន​កំពុង​បង្ក​ការខូចខាត​បរិស្ថាន​នៅ​អាស៊ី លោក​ស៊ី​បាន​និយាយថា​ប្រទេស​ចិន​ក៏​នឹង​លើកកម្ពស់​ការអភិវឌ្ឍ “​បៃតង​” ផងដែរ​។​

​លោក អេ​រិ​ក អូ​លែ​ន​ឌ័​រ អ្នកគ្រប់គ្រង​ផ្នែក​និពន្ធ​នៃ​វេ​ប​សាយ China Africa Project ដែល​មិន​ប្រកាន់​បក្ខពួកនិយម បាន​និយាយថា មិនមាន​ទិន្នន័យ​ណាមួយ​អះអាងថា គម្រោង BRI ធ្វើឱ្យ​បញ្ហា​បំណុល​កាន់តែ​អាក្រក់​នោះទេ ប៉ុន្តែ​ការរិះគន់​របស់​អាមេរិក​មាន​ផលប៉ះពាល់​។​

​លោក​អូ​លែ​ន​ដូ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ខ្ញុំ​គិតថា​លោក​ប្រធានាធិបតី (​ស៊ី​) ចង់​ផ្លាស់ប្តូរ​ការនិយាយ​អំពី​អន្ទាក់​បំណុល​ដើម្បីឱ្យ​គាត់​អាច​កែប្រែ​និង​កំណត់​ឡើងវិញ​នូវ​គម្រោង BRI ឱ្យ​ងាក​ចេញពី​បញ្ហា​បំណុល និង​ផ្តោត​កាន់តែ​ច្រើនឡើង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​របស់​ចិន ដែល​គាត់​ចង់​ប្រាប់​”៕ ដោយ៖ កញ្ញាដាលីស

លោក​ស៊ី​ថ្លែង​នៅ​ពិធី​បើក​វេទិកា​ស្តីពី​គម្រោង​ក្រវាត់​និង​ផ្លូវ​នៅ​ទីក្រុង​ប៉េកាំង