លោក​ហោ ណាំហុង ប្រទេស​កម្ពុជា និង​ចិន​មិន​គ្រាន់តែ​ជា​មិត្ត​ល្អ​ប៉ុណ្ណោះ​ទេ ថែមទាំង​ក៏​ជា​បងប្អូនល្អ​ទៀតផង​

982
ចែករម្លែក

​ក្នុង​ឳ​កាស​អបអរសាទរ​ខួប​លើក​ទី ៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ចិន លោក​ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​កម្ពុជា បានផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​ចិន​ថា មិត្តភាព​កម្ពុជា និង​ចិន​មាន​ប្រវត្តិសាស្ត្រ​យូរលង់​ណាស់​មកហើយ ។ ប្រទេស​ទាំងពីរ​មិន​គ្រាន់តែ ជា​មិត្ត​ល្អ​ប៉ុណ្ណោះ​ទេ ថែមទាំង​ក៏​ជា​បងប្អូន​ល្អ​ទៀតផង ។ ជំនួយ​របស់​ប្រទេស​ចិន​បាន និង​កំពុង ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​កម្ពុជា ។​

​លោក​មានប្រសាសន៍ថា ក្រោយពី​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៥៨ រៀងមក ថ្នាក់ ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​និង​ចិន​បានរ​ក្ដា​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ជា​ញឹកញាប់ ។ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ចំណែក​ទំនាក់ទំនង​រវាង ភាគី​ទាំងពីរ​ក៏បាន​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ​។ នៅ​ឆ្នាំ​២០១០ ប្រទេស​កម្ពុជា និង​ចិន​បាន​បង្កើត កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។​

​លោក​បន្តទៀតថា ក្រោម​គំនិត​ផ្ដួចផ្ដើម ”​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ប្រទេស​កម្ពុជា និង​ចិន​បាន ទទួលលទ្ធផល​ជា​ផ្លែផ្កា​ថ្មី​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ហេ​ដ្ឋា រចនាសម្ព័ន្ធ និង​ការផ្លាស់ប្ដូរ​ផ្នែក​វប្បធម៌​ជាដើម ។​

​នៅពេល​និយាយ​ចំពោះ​គម្រោង​វិនិយោគ​របស់​សហគ្រាស​ចិន​នៅ​ប្រទេស​កម្ពុជា​លោក​បានធ្វើ​បទ ឧទ្ទេសនាម​យ៉ាង​ក្បោះក្បាយ ។ លោក​បាន​បញ្ជាក់ថា ប្រទេស​ចិន​បាន​សាងសង់​ស្ពាន និង​ផ្លូវ​ច្រើន នៅ​ប្រទេស​កម្ពុជា ។ ផ្លូវថ្នល់​ដែល​ត្រូវបាន​សាងសង់​រួចរាល់ និង​កំពុងដំណើរការ​សាងសង់​ដោយ ប្រទេស​ចិន​មាន​ប្រវែង​សរុប​ជិត ៣.០០០​គីឡូម៉ែត្រ ចំណែក​ស្ពាន​ធំ​ដែល​សាងសង់​ដោយ​ប្រទេស ចិន​មាន​ចំនួន ៧ ខ្សែ ។ ជាពិសេស​គម្រោង​សាងសង់​ស្ពាន​ធំ​ទី ៨ ដែល​វិនិយោគ​ដោយ​ប្រទេស​ចិន នោះ បាន​បើក​ការដ្ឋាន​សាងសង់ និង​កំពុងដំណើរការ​សាងសង់​យ៉ាង​រលូន ។ ក្នុង​ឳ​កាស​ខួប​ទី ៦០ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា និង​ចិន​សហគ្រាស​ចិន​បាន​ចូលរួម​អនុវត្តន៍​គម្រោង ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ។ គម្រោង​ទាំងពីរ​នេះ​មាន​សារសំខាន់​សម្រាប់​ជំរុញ​ការអភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា ។​

​លោក សង្កត់ធ្ងន់ថា បើ​គ្មាន​ធនធានមនុស្ស កម្ពុជា​មិនអាច​ទទួល​ការរីកចម្រើន​បានទេ ។ សព្វថ្ងៃ និស្សិត​ខ្មែរ​ជាង ១.២០០​នាក់​បានទទួល​អាហារូបករណ៍​ពី​រដ្ឋាភិបាល​ចិន ។ និស្សិត​ដែល​បញ្ចប់ ការសិក្សា​នៅ​ប្រទេស​ចិន​ទាំងនោះ​នឹង​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ដើម្បី​ចូលរួម​ការអភិវឌ្ឍន៍​នៃ​មាតុ ប្រទេស​ហើយ​ជា​ធនធានមនុស្ស​សំខាន់​សម្រាប់​ការអភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា ៕ ដោយ ហ្វឺ​ង ហួយ (​ស៊ីន ហួ​ចិន​)