លោក​ហ៊ុន​ម៉ា​ណែ​ត​ប្រាប់​ទាហាន​ទាំងអស់​ត្រូវ​ស្មោះត្រង់​ជាមួយ​ជាតិ សាសនា ព្រះមហាក្សត្រ

226
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ប្រាប់​មេបញ្ជាការ​មេបញ្ជាការរង​គ្រប់លំដាប់​ថ្នាក់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ត្រូវ​រក្សា​ភាពស្មោះត្រង់​ដាច់ខាត​ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ​។​គោរព​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ​ច្បាប់​លក្ខន្តិកៈ​យោធា​ច្បាប់​រដ្ឋ​ផ្សេងៗ​និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​អគ្គបញ្ជាការដ្ឋាន​និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។​

​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ដឹកនាំ​គ្រប់គ្រង​កម្លាំង​ឱ្យបាន​ល្អ​ចាត់តាំង​ប្រគល់​ភារកិច្ច​ឱ្យ​សមស្រប​តាម​ជំនាញ​ហើយក៏​ត្រូវ​ពង្រឹង​ផងដែរ​លើ​ការងារ​ហ្វឹកហ្វឺន​,​ការងារ​បច្ចេកទេស​,​ការលើកស្ទួយ​ជីវភាព​និង​សុខមាលភាព​កងទ័ព​,​និង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​និង​គ្រោះមហន្តរាយ​ផ្សេងៗ​។​ការ​ថ្លែង​នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយទាហាន​នាយទាហានរង​ពលទាហាន​និង​ពិធី​ប្រកាស​តែងតាំង​មុខងារ​នាយទាហានជាន់ខ្ពស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តថា​រាជរដ្ឋាភិបាល​តែង​បាន​យកចិត្ត​ទុក​គិតគូរ​និង​ដោះស្រាយ​គោលនយោបាយ​លើកទឹកចិត្ត​ជាច្រើន​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​និង​កិត្តិយស​នៃ​ការបំពេញ​តួនាទី​និង​ភារកិច្ច​បស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​។​ជាក់ស្តែង​ឆ្លងតាម​ដំណើរការ​នៃ​ការជ្រើសរើស​យោធិន​សព្វថ្ងៃនេះ​មជ្ឈដ្ឋាន​មហាជន​បាន​ចាប់អារម្មណ៍​ជាខ្លាំង​លើ​ការស្នើ​សុំចូល​បម្រើ​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​។​

​នេះ​គឺជា​ការបង្ហាញ​យ៉ាងច្បាស់​អំពី​ការយល់ដឹង​,​ការគោរព​ស្រឡាញ់​និង​ការឱ្យ​តម្លៃ​លើ​កិត្តិយស​និង​សារៈសំខាន់​នៃ​តួនាទី​និង​ភារកិច្ច​របស់​កងទ័ព​ចំពោះ​ជាតិ​មាតុភូមិ​ជា​តួនាទី​ប្រកបដោយ​ការលះបង់​និង​ការទទួលខុសត្រូវ​ចំពោះ​អាយុជីវិត​ប្រជាជន​និង​ជោគវាសនា​ប្រទេសជាតិ​ដោយ​ប្រើប្រាស់​ចំណេះដឹង​ជំនាញ​ដឹកនាំ​,​ចំណេះដឹង​យុទ្ធសាស្ត្រ​ចំណេះដឹង​យុទ្ធវិធី​ដែល​ទទួលបាន​ពី​ការអប់រំ​ហ្វឹកហ្វឺន​ដ៏​ហ្មត់ចត់​បំផុត​។​

​លោក​បន្តថា ក្នុងនាម​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក សូម​ថ្លែង​នូវ​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​យោធភូមិភាគ​ពិសេស​ព្រមទាំង​គ្រប់​បណ្តា​កងឯកភាព​ចំណុះ​និង​ដោយឡែក​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​។​កន្លងមក​បាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ប្រមូលផ្តុំ​អនុវត្ត​តួនាទី​និង​ភារកិច្ច​សម្រេចបាន​ស្នាដៃ​និង​លទ្ធផល​ការងារ​ស្នូល​សំខាន់ៗ​ជាច្រើន​ធានាបាន​នូវ​ប្រៀប​ការពារជាតិ​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​។​

​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បន្តទៀតថា ការជ្រើសរើស​ថ្នាក់ដឹកនាំ​អង្គភាព​គឺ​មេបញ្ជាការ ឬ​នាយសេនាធិការ​បាន​ត្រឹមត្រូវ​គឺជា​កត្តា​ធានាបាន​នូវ​សាមគ្គីភាព​,​ឯកភាព​ផ្ទៃក្នុង​និង​ប្រសិទ្ធភាព​ការងារ​បានល្អ​ហើយ​មិនមែនជា​ការផ្ទេរ​សិទ្ធ​អំណាច​នោះទេ​។​ប៉ុន្តែ​ជាការ​ផ្ទេរ​ការទទួលខុសត្រូវ​បន្ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​និង​និរន្តរភាព​នៃ​ការបំពេញ​តួនាទី​និង​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ​។​

​ដូច្នេះ​ការដំឡើងឋានៈ​និង​តែងតាំង​មុខងារ​កម្រិត​ថ្នាក់​បញ្ជាការ​នេះ​គឺជា​ការសម្រេច​ដោយ​ឈរលើ​ការពិនិត្យ​និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​របស់​ថ្នាក់ដឹកនាំ​នៃ​កងយោធពល​ខេមរភូមិន្ទ​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក​ស្រប​នឹង​គោលការណ៍​ច្បាប់​ជា​ធរមាន​ជាពិសេស​ការវាយតម្លៃ​អំពី​ឆន្ទៈ​សមត្ថភាព​អតីតភាព​ការងារ​ចំណេះដឹង​បទពិសោធន៍​សីលធម៌​ភាព​តស៊ូ​អំណត់​ព្យាយាម​និង​ឥរិយាបទ​ទទួលខុសត្រូវ​ចំពោះ​ការងារ​របស់​សាមីខ្លួន​នីមួយៗ​៕S/​