លោក​ហ៊ុន​ម៉ា​ណែ​ត​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ​សិក្សា​នៅ​អូស្ត្រាលី​និង​នូ​វែ​ល​ហ្សេ​ឡង់​

270
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​:​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ កាលពី​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​ថ្លែងថា​កម្មវិធី​ដ៏​រីករាយ​នេះ​គឺជា​ការជួបជុំ​ប្រជុំ​ឆ្នាំ​ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​,​ចែករំលែក​ផ្លាស់ប្តូរ​បទពិសោធន៍​។​ជួយ​គ្នា​ទៅវិញទៅមក​រវាង​បងប្អូន​និស្សិត​និង​អតីត​និស្សិត​ដែល​បាន​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​និង​នូ​វែ​ល​ហ្សេ​ឡង់​ព្រមទាំង​បងប្អូន​និស្សិត​ដែល​កំពុងតែ​រៀបចំខ្លួន​ទៅ​បន្ត​ការសិក្សា​នៅ​ទីនោះ​ផងដែរ​។​

​លោក​បន្តថា ការ​ទៅ​សិក្សា​នៅ​បរទេស​ឆ្ងាយ​ពី​ផ្ទះ ពី​គ្រួសារ រមែង​មាន​បញ្ហា​ប្រឈម​ច្រើន ប៉ុន្តែ​សំខាន់ យើង​ត្រូវ​តស៊ូ​ជម្នះ​ឱ្យដល់​គោលដៅ​របស់​យើង គឺ​ការ​ស្រូបយក​ចំណេះដឹង ដើម្បី​បង្កើន​សមត្ថភាព បង្កើន​សក្តានុពល និង​បង្កើន​ភាពជោគជ័យ​រប​ស់​ខ្លួន​យើង​ផ្ទាល់ របស់​គ្រួសារ និង​របស់​ប្រទេសជាតិ ។​សូម​រក្សា​គោលដៅ​នេះ​ឱ្យ​ជាប់​កុំ​បោះបង់​ព្រោះ​ការ​មានចំណេះដឹង​និង​ជំនាញ​ច្បាស់លាស់​គឺជា​មូលដ្ឋាន​ធ្វើឱ្យ​យើង​ទទួលបាន​ជោគជ័យ​ជាពិសេស​នៅក្នុង​បរិបទ​សេដ្ឋកិច្ច​ទីផ្សារសេរី​ដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង​។

​លើសពីនេះ​បងប្អូន​ក៏ត្រូវ​យកចិត្តទុកដាក់​ផងដែរ​លើ​ការប្រុងប្រយ័ត្ន​ល្អិតល្អន់​លើ​ការបំពេញ​ការងារ​តូចៗ​ឱ្យ​ល្អ​មុននឹង​អាចឈាន​ទៅ​សម្រេច​កិច្ចការ​ធំៗ​។​ក្នុងនោះ​ក៏ត្រូវ​រៀនសូត្រ​ជាប់​ជានិច្ច​ពី​មជ្ឈដ្ឋាន​ក្រៅ​សាលា​ដើម្បី​ស្វែងយល់​អំពី​របៀបរបប​រស់នៅ​,​របៀប​គ្រប់គ្រង​,​របៀប​ធ្វើការ​និង​ផ្នត់គំនិត​របស់​មិត្ត​ភ័ក្ត្រ​បរទេស​ដែលជា​ការបំពេញបន្ថែម​នូវ​អ្វីដែល​រៀន​នៅក្នុង​សាលា​ហើយ​ដែល​នឹង​នាំមក​នូវ​គំនិត​ច្នៃប្រឌិត និង​វិធីសាស្ត្រ​ថ្មីៗ ដើម្បីឱ្យ​ជីវិត​របស់​យើង​កាន់តែ​ទទួលបាន​ជោគជ័យ​។​

​លោក​បាន​បន្តថា​ឆ្លងតាម​ការបំពេញ​ទស្សនកិច្ច​ការងារ​នៅក្នុង​ប្រទេស​ជាច្រើន​ខ្ញុំ​ពិតជា​មាន​មោទនភាព​ជាមួយ​និស្សិត​ខ្មែរ​របស់​យើង​ទាំង​និស្សិត​យោធា​និង​ស៊ីវិល​ដែល​ភាគច្រើន​ទទួលបាន​ការកោតសរសើ​រ​ពី​គ្រូៗ​បរទេស​។​នេះ​គឺជា​មោទនភាព​របស់​បុគ្គល​និស្សិត​យើង​ផ្ទាល់​ក៏ដូចជា​មោទនភាព​របស់​ជាតិ​ទាំងមូល ដោយ​បងប្អូន គឺជា​គ្រាប់ពេជ្រ​របស់​កម្ពុជា ធ្វើ​ឱ្យគេ​ចាប់ផ្តើម​ស្គាល់​កម្ពុជា​ក្នុង​ទស្សនៈ​ថ្មី ដែលមាន​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព សីលធម៌ និង​គុណធម៌​ខ្ពស់​។​

​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​បញ្ជាក់ថា​នៅលើ​ទឹកដី​បរទេស​បងប្អូន​គឺជា​តំណាង​ប្រទេស​យើង​តំណាង​ជាតិ​យើង​។​ដូច្នេះ​វា​ជាការ​ចាំបាច់​ផងដែរ​ដែល​យើង​ត្រូវខិតខំ​ធ្វើ​សកម្មភាព​វប្បធម៌​ផ្សេងៗ​ដើម្បី​បង្ហាញ​អត្ត​សញ្ញា​ណា​ជាតិ​របស់​យើង​ទៅកាន់​ឱ្យ​ពិភពលោក​បាន​ស្គាល់​។​ត្រូវ​បន្ត​ខិតខំ​រៀនសូត្រ​ឱ្យ​ក្លាយខ្លួនជា​ធនធានមនុស្ស​និង​រួបរួមសាមគ្គី​ជួយ​គ្នា​កសាង​ប្រទេសជាតិ​យើង​សម្រាប់​កូនចៅ​យើង​ត​ទៅមុខទៀត​៕S/​