លោក​ហ៊ុន​ម៉ា​ណែ​ត​៖​កងទ័ព​មាន​ភារកិច្ច​ថែរក្សា​សុខសន្តិភាព និង​បូរណភាព​ទឹកដី​

129
ចែករម្លែក

ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា​៖”​កងទ័ព​តែមួយ​មាន​ភារកិច្ច​តែមួយ​គឺ​ការរួបរួម​សហការ​ថែរក្សា​សុខសន្តិភាព​សន្តិសុខ​និង​បូរណភាព​ទឹកដី​”​។​

​ការ​ថ្លែង​បញ្ជាក់​នេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលទាហាន​ថ្មី​ដែល​ទើបត្រូវ​បានជ្រើសរើស​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ពជើងគោក​ឆ្នាំ​២០២០​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​សាលា​ពលទាហាន​ទី​១​យោធភូមិភាគ​ទី​១​និង​នៅ​សាលា​ពលទាហាន​ទី​៤​យោធភូមិភាគ​ទី​៤​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បន្តថា ក្នុងដំណាក់កាល​នៃ​សុខសន្តិភាព ស្ថិរភាព​ដូច​សព្វថ្ងៃ ពលទាហាន​ថ្មី​ទាំងអស់ ដែល​បាន​សម្រេចចិត្ត​ចូល​បម្រើកងទ័ព ហើយ​កំពុង​ឆ្លង​វគ្គ​ហ្វឹកហ្វឺន​នេះ ។​ទោះបី​មកពី​ប្រភព​ណាក៏ដោយ គឺ​យើងទាំងអស់គ្នា​ស្ថិតនៅក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​តែមួយ មានច្បាប់​វិន័យ​តែមួយ ដែល​បង្កលក្ខណៈ​គ្រប់បែបយ៉ាង​ឱ្យ​យោធិន​យើង​មានឱកាស​ពង្រឹង​ខ្លួនឯង ពង្រឹង​កងទ័ព​យើង​។

​ដូច្នេះ​ត្រូវខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ឱ្យបាន​ម៉ឺងម៉ាត់​ស្រូបយក​ចំណេះដឹង​និង​ជំនាញ​យោធា​ផ្តល់​ដោយ​វគ្គ​ហ្វឹកហ្វឺន​នេះ​ដើម្បី​ធានាបាន​នូវ​មូលដ្ឋាន​នៃ​ការបំពេញភារកិច្ច​ក្នុងនាម​ជា​កងទ័ព​ដូចជា​៖​ទី​១​គឺ​ការយល់ដឹង​អំពី​ជីវិត​កងទ័ព​,​របៀបរបប​ការងារ​កងទ័ព​ដែល​មិន​ត្រឹមតែ​ជាការ​ពាក់​ឯកសណ្ឋាន​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​គឺជា​ការលះបង់​ភាពជា​បុគ្គល​, រួមគ្នា​ធ្វើការ​ងារ​ជា​ក្រុម​, សហការគ្នា​, ជួយ​យកអាសារ​គ្នា​, រស់នៅ​ដោយមាន​វិន័យ​រួម​, និង​មានការ​កំណត់​ពេលវេលា​ត្រឹមត្រូវ​។​

​ទី​២​គឺ​ការទទួលខុសត្រូវ​ខ្ពស់​ទាំង​លក្ខណៈ​រួម​និង​លក្ខណៈ​បុគ្គល​ដោយ​ផ្តើមចេញពី​ការយល់ដឹង​អំពី​តួនាទី​ភារកិច្ច​ជា​យោធិន​,​វិន័យ​សណ្តាប់ធ្នាប់​ជួរ​ទ័ព​និង​ការអនុវត្ត​តាមច្បាប់​,​ក្រឹ​ត្រ​ក្រម​និង​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ដើម្បី​លត់​ដំ​ខ្លួន​ឱ្យមាន​ភាពម្ចាស់ការ​និង​ការអនុវត្ត​ឯកភាពគ្នា​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​។ ទី​៣ គឺ​ការទទួលបាន​នូវ​ចំណេះដឹង​យោធា​,​ឋានលេខា​,​លំ​ហាត់​របៀប​,​និង​យុទ្ធវិធី​ផ្សេងៗ​រួមទាំង​ការ​លត់​ដំ​កាយសម្បទា និង​អារម្មណ៍​ស្មារតី​ឱ្យ​រឹងមាំ តាមរយៈ​ការខិតខំ​ជំរុញ​ខ្លួនឯង និង​ការជំរុញ​ពី​យោធា​ចា​រ្យ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អបអរសាទរ​ចំពោះ​ពលទាហាន​ថ្មី​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ​និង​កំពុង​ឆ្លង​វគ្គ​ហ្វឹកហ្វឺន​នៅក្នុង​សាលា​ពលទាហាន​ទី​១​យោធភូមិភាគ​ទី​១​និង​សាលា​ពលទាហាន​ទី​៤​យោធភូមិភាគ​ទី​៤​។​ការហ្វឹកហ្វឺន​រយៈពេល​៣​ខែ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ព្រោះ​នឹង​បម្រើឱ្យ​អនាគត​នៃ​ការបំពេញ​ការងារ​ក្នុង​រយៈពេល​យូរអង្វែង​ត​ទៅមុខទៀត​។

​នេះ​គឺជា​ឱកាស​នៃ​អាជីព​មួយ​ដែល​ទទួលបាន​ដោយ​លំបាក​ពីព្រោះ​ការជ្រើសរើស​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​សំរិតសម្រាំង​ហ្មត់ចត់​ក្នុងចំណោម​បេក្ខជន​រាប់ពាន់នាក់​តាមរយៈ​ការត្រួតពិនិត្យ​វាយតម្លៃ​ច្បាស់លាស់​របស់​គណៈកម្មកា​រ​។ ដូច្នេះ ត្រូវ​តស៊ូ​អំណត់​ព្យាយាម​កុំ​បោះបង់​, មាន​ស្មារតី​ម្ចាស់ការ​, សាមគ្គី​គ្នា​, គោរព​វិន័យ​និង​ខិតខំ​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ​ដើម្បី​នៅក្រោយពេល​បញ្ចប់​វគ្គ​អាច​ប្រែ​ក្លាយខ្លួនជា​យោធិន​ម្នាក់​ពេញលក្ខណៈ ប្រកបដោយ​សមត្ថភាព ជា​មោទនភាព​សម្រាប់​ក្រុមគ្រួសារ​។​

​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​សូម​ផ្តាំ​ផ្ញើឱ្យ​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​ស្តាប់​ការណែនាំ​របស់​យោធា​ចា​រ្យពេល​ហ្វឹកហាត់​លើ​ទីលាន​ដើម្បី​រក្សា​សុវត្ថិ​ភាពជា​ចម្បង​ហើយ​តស៊ូ​ព្យាយាម​ប្តេជ្ញាចិត្ត​រៀនសូត្រ​ឱ្យបាន​ល្អ​ទាំង​ការខិតខំ​ខ្លួនឯង​និង​ជួយ​សហការគ្នា​ដើម្បី​ឈានទៅ​បញ្ចប់​វគ្គ​ទាំងអស់គ្នា​។

​វគ្គ​ហ្វឹកហ្វឺន​មាន​រយៈពេល​វែង​ឬ​ខ្លី​មិនមែនជា​បញ្ហា​ចម្បង​នោះឡើយ​អ្វីដែល​សំខាន់​គឺ​ខ្លួន​យើង​ត្រូវ​យកចិត្តទុកដាក់​រៀន​សូត្រ​ឱ្យបាន​ម៉ឺងម៉ាត់​។​ទន្ទឹមនឹងនេះ​ក៏ត្រូវ​យក​ឱកាស​កសាង​មិត្ត​និង​បង្កើត​អនុស្សាវរីយ៍​រួម​ជំនាន់​ឱ្យបាន​ច្រើន​ហើយ​បន្ត​រក្សា​ប្រពៃណី​ចំណង​សាមគ្គីភាព​ឱ្យបាន​ស្ថិតស្ថេរ​ក្រោយពេល​បញ្ចប់​វគ្គ​ព្រោះ​យើង​ជា​កងទ័ព​តែមួយ​មាន​ភារកិច្ច​តែមួយ​គឺ​ការរួបរួម​សហការ​ថែរក្សា​សុខសន្តិភាព​, សន្តិសុខ និង​បូរណភាព​ទឹកដី​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ក៏​សូម​អរគុណ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​, ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​, ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន និង​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក លើ​ការធានា​ការផ្គត់ផ្គង់​បម្រើឱ្យ​វគ្គ​ហ្វឹកហ្វឺន​នេះ​។​សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​១, គណៈ​គ្រប់គ្រង​សាលា​ពលទាហាន​ទី​១, ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៤, គណៈ​គ្រប់គ្រង​សាលា​ពលទាហាន​ទី​៤, ។​ក្រុម​យោធា​ចា​រ្យ និង​គ្រប់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​,​គ្រប់គ្រង​,​សម្របសម្រួល​និង​អនុវត្ត​រៀបចំ​ដំណើរការ​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ​បាន​យ៉ាង​ល្អ រហូតមកដល់​ពេលនេះ​៕S/​