លោក​ហ៊ុន​ម៉ា​ណែ​ត​!”​តើ​លោក​សមរង្ស៊ី​ហ៊ាន​ភ្នាល់​គ្នា​ជាមួយ​ខ្ញុំ​ដើម្បី​ការពារ​សម្តី​របស់លោក​ទេ​?”

491
ចែករម្លែក

​ដោយៈ វង្ស​សុភាព​/​ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត បាន​បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ការ​ភ្នាល់​គ្នា​ជា​សាធារណៈ​ជា​រឿង​មួយ​ដែល​លោក​មិនសូវ​ដែល​ចង់​ធ្វើ​ទេ​។​ប៉ុន្តែ​ពេលខ្លះ​គ្មាន​ជម្រើស​ផ្សេង​ក្នុង​ការការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់លោក​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ជា​សាធារណៈ​ដោយ​គ្មាន​ហេតុផល​ពី​សំណាក់​បុគ្គល​មួយចំនួន​។​

​លោក​បាន​បន្តថា​កន្លង​ទៅ​ពេល​ជួប​ជជែក​គ្នា​ជាមួយ​កូន​របស់លោក​សមរង្ស៊ី​លោក​ធ្លាប់បាន​ប្រាប់​គាត់​ថា​ឪពុក​របស់លោក​ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ​លោក​មិនដែល​វាយប្រហារ​ទៅលើ​គ្រួសារ​របស់​គូបដិបក្ខ​ទេ​។​ជាពិសេស​គឺ​ទៅលើ​កូនចៅ​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​។​លោក​ក៏បាន​ប្រាប់​ទៅ​កូន​របស់គាត់​(​កូន​សមរង្ស៊ី​)​ឱ្យជួយ​ប្រាប់​ទៅ​ឪពុក​របស់គាត់​ផង​ថា​ក្នុងនាម​ជា​អ្នកនយោបាយ​ចាស់ទុំ​មិនគួរ​វាយប្រហារ​ទៅលើ​ក្រុមគ្រួសារ​របស់​គូបដិបក្ខ​របស់ខ្លួន​ទេ​។

​គួរ​មាន​ព្រំដែន​សីលធម៌​គុណធម៌​មួយ​ក្នុង​ការធ្វើ​នយោបាយ​។​ប៉ុន្តែ​ជាច្រើនលើក​ច្រើនសា​រហើយ​ដែល​លោក​សមរង្ស៊ី​បើក​ការវាយប្រហារ​មួលបង្កាច់​មកលើ​ក្រុម​គ្រួ​ស្រារ​របស់លោក​ដោយ​រួមទាំង​រូបលោក​និង​ប្អូនៗ​របស់លោក​។​ជាក់ស្តែង​ថ្ងៃនេះ​លោក​ក៏មាន​ការភ្ញាក់ផ្អើល​មួយ​នៅពេលដែល​បានឃើញ​វីដេអូ​ដែល​លោក សម រង្ស៊ី និយាយ​ជា​សាធារណៈ​ទៅកាន់​អ្នកគាំទ្រ​គាត់​នៅ​សហរដ្ឋអាមេរិក (​កាលពី​ថ្ងៃទី​២៨​កញ្ញា​២០១៩)​។​

​ដែល​ក្រៅពី​លើកតម្កើង​ប្រព័ន្ធ​អប់រំ​ស្រុក​បារាំង​និង​ខ្លួន​គាត់​ដែល​បាន​សិក្សា​នៅ​ទីនោះ​គាត់​ក៏បាន​វាយប្រហារ​មើលងាយ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា​និង​សម្តេច​តេ​ជោ​ផងដែរ​។​អ្វីដែល​ជាការ​ចាប់អារម្មណ៍​សម្រាប់​លោក​គឺ​គាត់​ក៏បាន​ចោទ​ជា​សាធារណៈ​ថា​សញ្ញាបត្រ​ដែល​លោក​បានទទួល​ពីសា​លាប​ណ្ឌិ​ត​សភា​យោធា​សហរដ្ឋអាមេរិក​WestPoint​ជា​សញ្ញាបត្រ​ក្លែងក្លាយ​។​ជា​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់ឱ្យ​និស្សិត​យោធា​បរទេស​ដើម្បី​ជាការ​លើកទឹកចិត្ត​តែប៉ុណ្ណោះ​។​

​និស្សិត​បរទេស​មិនបាច់​ខំរៀន​ក៏បាន​ចូល​និង​បាន​ជាប់​ដោយ​ងាយ​ដែរ​។​ចំពោះ​លោក​សមរង្សី​ដែល​គាត់​បាន​តាំងខ្លួន​ជា​អ្នកចេះដឹង​ខ្ពស់​និង​មាន​សញ្ញាបត្រ​ពី​ស្រុក​បារាំង​នោះ​។​លោក​គិតថា​ការដែល​គាត់​ហ៊ាន​លើក​យកមក​និយាយ​ជា​សាធារណៈ​ថា​សញ្ញាបត្រ​WestPoint​របស់លោក​ជា​សញ្ញាបត្រ​ក្លែងក្លាយ​ឬ​ជា​សញ្ញាបត្រ​ការទូត​នោះ​គឺ​គាត់​ប្រាកដជា​បាន​ស្រាវជ្រាវ​ច្បាស់លាស់​ហើយ​មាន​ភស្តុតាង​រឹងមាំ​។​ដើម្បី​ការពារ​អំណះអំណាង​របស់គាត់​ហើយនឹង​មិន​ខ្លា​ចនឹង​ការពារ​សម្តី​របស់គាត់​នោះទេ​។​

ហេតុដូច្នេះ​ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់​ដែល​បាន​រង​ការវាយប្រហារ​ជា​សាធារណៈ​ពី​សំណាក់​លោក​សមរង្ស៊ី​បែបនេះ​។​ប៉ុន្តែ​ត្រូវការ​ការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​លោក​ផ្ទាល់​(​ក៏ដូចជា​របស់​និស្សិត​បរទេស​ផ្សេងទៀត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា​WestPoint​។​ដែល​រួមមាន​អតីត​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​FidelRamos,​អតីត​ប្រធានាធិបតី​ប្រទេស​នី​កា​រ៉ា​ហ្គ័ Anastasia Debayle,​អតីត​ប្រធានាធិបតី​ប្រទេស​កូ​ស្តា​រី​កា​JoseMariaFigures…​។​ល​។​

​ដើម្បី​ការពារ​តម្លៃ​របស់​សាលា​WestPoint​ដែលជា​ស្ថាប័ន​អប់រំ​ជាន់ខ្ពស់​មួយ​របស់​សហរដ្ឋអាមេរិក​ដែលមាន​ស្តង់ដារ​អប់រំ​តឹងរឹង​ម៉ត់ចត់​និង​ស្មើរ​ភាព​គ្មាន​ការយោគយល់​ចំពោះ​និស្សិត​យោធា​បរទេស​ឬ​អាមេរិកាំង​នោះទេ​)​។​លោក​សូម​អញ្ជើញលោក​សមរង្សី​ភ្នាល់​គ្នា​បន្តិច​ដើម្បីឱ្យ​លោក​និង​លោក​សមរង្ស៊ី​មានឱកាស​ការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​រៀងៗ​ខ្លួន​តាមរយៈ​ការការពារ​នូវ​ពាក្យសម្តី​ឬ​អំណះអំណាង​ដែល​លោក សម រង្ស៊ី​បាន​លើក​មក​និយាយ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក ÷

១.​បើសិនជា​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក​WestPoint​មានការ​ផ្ដល់​សញ្ញាបត្រ​ពីរ​ប្រភេទ​ដូច​លោក​សមរង្ស៊ី​បាន​លើក​នោះ​ជាពិសេស​គឺ​សញ្ញាបត្រ​ប្រភេទ​២​ដែលជា​សញ្ញាបត្រ​ក្លែងក្លាយ​ឬ​ការទូត​ដែល​សាលា​WestPoint​ផ្តល់អោយ​និស្សិត​យោធា​បរទេស​នោះ​។​បើ​ការបណ្ដុះបណ្ដាល​នៅ​សាលា​WestPoint​ពិតជា​មានការ​បែងចែក​ស្តង់ដារ​ខុសគ្នា​រវាង​និស្សិត​យោធា​បរទេស​និង​អាមេរិក​មែន​នោះ​÷​ខ្ញុំ​នឹង​លាលែង​តួនាទី​ទាំងអស់​របស់ខ្ញុំ​ក្នុង​កងកម្លាំងប្រដាប់អាវុធ​ហើយ​ធ្វើជា​ប្រជាជន​ស៊ីវិល​ជា​រៀងរហូត​។​

២.​ប៉ុន្តែ​បើ​លោក​សមរង្ស៊ី​មិនអាច​បង្ហាញថា​សាលា​WestPoint​មាន​សញ្ញាប័ត្រ​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ខុសគ្នា​ដោយ​មួយ​ប្រភេទ​មានតម្លៃ​ពិតប្រាកដ​សម្រាប់​ផ្ដល់​ដល់​និស្សិត​យោធា​អាមេរិក​និង​មួយ​ប្រភេទ​ទៀត​ដែលជា​សញ្ញាបត្រ​ក្លែងក្លាយ​ឬ​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ដល់​និស្សិត​នាយទាហាន​បរទេស​។​ការអប់រំ​បណ្ដុះបណ្ដាល​និស្សិត​យោធា​បរទេស​និង​និស្សិត​យោធា​អាមេរិក​មាន​ស្តង់ដារ​ខុសគ្នា​នៅ​WestPoint​នោះ​÷​ខ្ញុំ​សូមឱ្យ​លោក​សមរង្ស៊ី​លាឈប់​ពី​នយោបាយ​ជា​រៀងរហូត​។​

​ក្នុងនាម​ជា​ក្មេងជំនាន់ក្រោយ​ម្នាក់​ខ្ញុំ​គិតថា​លោក​សមរង្ស៊ី​ដែល​បាន​តាំងខ្លួន​ជា​អ្នកនយោបាយ​ជើងចាស់​និង​ជា​អ្នកចេះដឹង​ខ្ពស់​មាន​សញ្ញាបត្រ​ពី​ប្រទេស​បារាំង ប្រាកដ​មិន​ខ្លាច​នឹង​ការ​ភ្នាល់​គ្នា​ទេ ។​ដើម្បី​ការពារ​នូវ​អ្វីដែល​គាត់​ហ៊ាន​និយាយ​ជា​សាធារណៈ​ព្រោះ​លោក​សមរង្ស៊ី​ពិតជា​ចង់​រក្សា​តម្លៃ​របស់គាត់​ដើម្បី​ជា​គំរូ​ដល់​អ្នក​អ្នកគាំទ្រ​គាត់​ជាពិសេស​យុវជន​ជំនាន់​ក្រោយ​។​

​ប៉ុន្តែ​បើសិនជា​លោក​សមរង្ស៊ី​មិន​ហ៊ាន​ភ្នាល់​ឬ​មិនអាច​បង្ហាញ​នូវ​ភស្តុតាង​ដើម្បី​ការពារ​នូវ​អ្វីដែល​គាត់​បាន​និយាយ​នោះទេ​គាត់​នឹង​បង្ហាញថា​គាត់​ជា​អ្នកនយោបាយ​ម្នាក់​ដែល​ចាស់​តែ​អាយុ​ចំណេះដឹង​ខ្ពស់​តែ​នៅលើ​ក្រដាស់​សញ្ញាបត្រ​និង​គ្មាន​ការទទួលខុសត្រូវ​និង​គ្មាន​ភាពជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ឡើយ​។​ខ្ញុំ​ហ៊ាន​និយាយ​ខ្ញុំ​ហ៊ាន​ធ្វើ​និង​ហ៊ាន​ទទួលខុសត្រូវ​ជាមួយនឹង​សម្តី​របស់ខ្ញុំ​ដែល​បាន​និយាយ​ខាងលើ​តើ​លោក​សមរង្ស៊ី​ហ៊ាន​ទេ​?​

តើ​លោក​សមរង្ស៊ី​ហ៊ាន​ការពារ​នូវ​អ្វីដែល​លោក​បាន​និយាយ​ជា​សាធារណៈ​នៅ​សហរដ្ឋអាមេរិក​នោះទេ​?​ផ្ញើរ​ជូន​លោក​សមរង្ស៊ី​ពី​សំណាក់​ក្មេងជំនាន់ក្រោយ​ម្នាក់​…​ហើយ​ក្មេង​ម្នាក់នេះ​កំពុង​រង់ចាំ​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​សំណាក់​អ្នក​ចាស់ទុំ​ម្នាក់​នោះ​….៕S/