លោក​ហ៊ុន ម៉ា​ណែ​ត​៖​ការស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព គឺ​ត្រូវ​យល់ដឹង​អំពី​តួនាទី​ភារកិច្ច​កងទ័ព​

135
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ជួប​សំណេះសំណាល​ជាមួយ​ពលទាហាន​ថ្មី​ដែល​ទើបត្រូវ​បានជ្រើសរើស​បំពេញ​ក្របខណ្ឌ​ឱ្យ​កងទ័ពជើងគោក​ឆ្នាំ​២០២០​។​កំពុង​ហ្វឹកហ្វឺន​រៀនសូត្រ​នៅក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​និង​នៅ​សាលា​ពលទាហាន​ទី​៣​យោធភូមិភាគ​ទី​៣​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​សូម​អបអរសាទរ​ចំពោះ​ពលទាហាន​ថ្មី​ដែល​ទើប​ទទួលបាន​ការជ្រើសរើស​ឱ្យចូល​បម្រើ​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​ដោយ​ឆ្លងកាត់​ការត្រួតពិនិត្យ​វាយតម្លៃ​យ៉ាង​ហ្មត់ចត់​។​សម្រិតសម្រាំង​ចេញពី​បេក្ខជន​ដែល​បាន​ស្ម័គ្រចិត្ត​ដាក់ពាក្យ​ដ៏​ច្រើន​ហើយ​ដែល​កំពុង​ឆ្លង​វគ្គ​ហ្វឹកហ្វឺន​នៅក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​។​នៅ​សាលា​ពលទាហាន​ទី​៣ យោធភូមិភាគ​ទី​៣ នេះ ដើម្បី​ក្លាយខ្លួនជា​កងទ័ព​បម្រើ​ជាតិ​, ត្រៀមលក្ខណៈ​បម្រើ​ប្រជាពលរដ្ឋ និង​ការពារ​សុខសន្តិភាព​។

​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា​ការស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព​មិនមែន​ត្រឹមតែ​ជាការ​ប្តូរ​មក​ពាក់​ឯក​សណ្ឋាន​តែប៉ុណ្ណោះ​ទេ​។​ក្នុងនាម​ជា​កងទ័ព​គឺ​ត្រូវ​យល់ដឹង​អំពី​តួនាទី​ភារកិច្ច​កងទ័ព​,​វិន័យ​សណ្តាប់ធ្នាប់​ជួរ​ទ័ព និង​ចំណេះដឹង​យោធា​ផ្សេងៗ ដោយ​ត្រូវ​ឆ្លងកាត់​ការហ្វឹកហ្វឺន​ត្រឹមត្រូវ និង​តឹងរ៉ឹង​។

​ពិតណាស់ វគ្គ​ហ្វឹកហ្វឺន​រយៈពេល​៣ ខែ​នេះ ទោះបី​ជាមាន​រយៈពេល​មិន​វែង ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​១​មក វគ្គ​ហ្វឹកហ្វឺន​នេះ​បាន​ផ្តល់ឱ្យ​ពលទាហាន​ថ្មី​នូវ​ចំណេះដឹង​និង​បទពិសោធន៍​ជាច្រើន​ដូចជា​ការយល់ដឹង​អំពី​ជីវិត​ជា​កងទ័ព របៀបរបប​ការងារ​កងទ័ព​, ចេះ​លះបង់​ភាពជា​បុគ្គល​ដោយ​ចាប់ផ្តើម​ធ្វើការ​ងារ​ជា​ក្រុម​, ចេះ​ជួយ​យកអាសារ​គ្នា​ក្នុង​គ្រា​លំបាក​,​ទទួលបាន​ការយល់ដឹង​អំពី​តួនាទី​ភារកិច្ច​កងទ័ព​និង​សណ្តាប់ធ្នាប់​ជួរ​ទ័ព​ព្រមទាំង​យុទ្ធវិធី​យោធា​,​ចំណេះដឹង​យោធា​,​ឋានលេខា​,​និង​ក្បួនច្បាប់​វិន័យ​យោធា​ដែល​មិនអាច​ហ្វឹកហ្វឺន​រៀនសូត្រ​នៅក្នុង​គ្រឹះស្ថាន​អប់រំ​ស៊ីវិល​បានឡើយ​។

​ម្យ៉ាងវិញទៀត​វគ្គ​ហ្វឹកហ្វឺន​នេះ​ក៏​ជា​មូលដ្ឋាន​សំខាន់​ដើម្បីឱ្យ​ពលទាហាន​ថ្មី​មាន​សមត្ថភាព​ចេញទៅ​បំពេញភារកិច្ច​នៅតាម​បណ្តា​អង្គភាព​ក៏ដូចជា​ដើម្បីឱ្យ​ពួកគេ​ក្តាប់ជាប់​នូវ​តួនាទី​និង​ភារកិច្ច​ចាប់ពី​ថ្នាក់​ពលទាហាន​ទៅ មុននឹង​អាច​ទទួលបាន​ចំណេះដឹង​បន្ថែម​ពី​ការអនុវត្ត​ការងារ​ជាក់ស្តែង ឬ​បន្ត​រៀនសូត្រ​ទៅមុខ ហើយ​ដែល​ថ្ងៃក្រោយ​ក៏​អាច​នឹង​ក្លាយខ្លួនជា​នាយទាហាន​ប្រកបដោយ​សមត្ថភាព​ផងដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តថា​ការ​ស្រូបយក​ចំណេះដឹង​និង​ទាញយក​អត្ថប្រយោជន៍​ជាក់ស្តែង​ចេញពី​វគ្គ​ហ្វឹកហ្វឺន​នេះ​គឺ​អាស្រ័យ​លើ​កម្រិត​នៃ​ការតស៊ូ​ព្យាយាម​យកចិត្តទុកដាក់​របស់​ខ្លួន​យើង​ម្នាក់ៗ ។​ដូច្នេះ​សូម​ផ្តាំផ្ញើ​សិក្ខាកាម​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​រៀនសូត្រ​, ខិតខំ​គោរព​វិន័យ​, ត្រងត្រាប់​ស្តាប់​ការបង្រៀន​របស់​យោធា​ចា​រ្យ​និង​តស៊ូ​ប្រឹងប្រែង​លុត​ដំ​ខ្លួន​ដើម្បីឱ្យ​ម្នាក់ៗ​ក្លាយជា​យោធិន​ល្អ​នៃ​កងយោធពល​ខេមរភូមិន្ទ​សម្រាប់​អនាគត​ខ្លួនឯង​។​អនាគត​កងទ័ព​យើង​ហើយក៏​ត្រូវ​ពង្រឹងស្មារតី​រួបរួមសាមគ្គី​គ្នា​,​បង្កើត​និង​រក្សា​មិត្តភាព​ឱ្យបាន​ទៅ​ថ្ងៃក្រោយ​ទៀត​មុននឹង​ទទួល​ការចាត់តាំង​ឱ្យទៅ​បំពេញភារកិច្ច​នៅតាម​បណ្តា​អង្គភាព ក្រោយពី​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​។​

​ជាមួយគ្នានេះ មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​អរគុណ​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​, ថ្នាក់ដឹកនាំ​សាលា​, គណៈ​គ្រប់គ្រង​វគ្គ​,​យោធា​ចា​រ្យ​និង​ស្ថាប័ន​ជំនាញ​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ដែល​បាន​ខិតខំ​សហការ​ដឹកនាំ​សម្របសម្រួល​គ្រប់គ្រង​កិច្ចការ​ហ្វឹកហ្វឺន​នេះ​។​ទន្ទឹមនឹង​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​,​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​,​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​,​និង​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក​លើ​ការងារ​ធានា​ផ្គត់ផ្គង់​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​វគ្គ​ហ្វឹកហ្វឺន​នេះ​អាច​ដំណើរការ​ទៅបាន​ដោយ​ជោគជ័យ​៕S/

​រូបថត​លោក​ហ៊ុន​ម៉ា​ណែ​ត​សំណេះសំណាល​ជាមួយ​ពលទាហាន​ថ្មី​ជ្រើសរើស​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ពជើងគោក​