លោក​ហ៊ុន ម៉ា​ណែ​ត​: កម្ពុជា​សហការ​ជាមួយ​បរទេស​ជា​មិត្ត ប៉ុន្តែ​មិន​ពឹង​បរទេស​ទាំងស្រុង​នោះទេ​

313
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់ថា កម្ពុជា​សហការ​ជាមួយ​បរទេស​ជា​មិត្ត ក៏ប៉ុន្តែ​កម្ពុជា​មិន​ពឹង​បរទេស​ទាំងស្រុង​នោះទេ ព្រោះ​គេ​មាន​ប្រជាពលរដ្ឋ​របស់គេ​រាប់រយ​លាន​នាក់​ដែរ​។ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញទៅ​ក្រៅប្រទេស ខិតខំ​គៀងគរ​ឲ្យ​វិនិយោគិន​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​សម្បូរ​សប្បាយ និង​ធ្វើ​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​សំបូរ​សប្បាយ​រុងរឿង​។ ផ្ទុយ​ពី​អ្នកនយោបាយ​ខ្លះ​ដែល​ទៅ​អង្វរ​បរទេស​ឲ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ម​កលើ​ប្រទេស​របស់ខ្លួន និង​មិន​ឲ្យ​វិនិយោគិន​មក​វិនិយោគ​នៅក្នុង​ប្រទេស​របស់ខ្លួន​។ ផ្ទុយទៅវិញ​សម្តេច​តេ​ជោ​បាន​ខិតខំ​ឲ្យ​គេ​មក​វិនិយោគ​លើ​គ្រប់​វិស័យ​ជាពិសេស​គឺ​ឧស្សាហកម្ម​ធុន​តូច និង​មធ្យម​ដែលមាន​រោងចក្រ សហគ្រាស​ជាច្រើន ហើយ​អាចមាន​សមត្ថភាព​ផលិត​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​ការ​ថ្លែង​បញ្ជាក់​របស់លោក​ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​អគារសិក្សា សាលាបឋមសិក្សា​អង្គ​ថ្មី និង​សមិទ្ធផល​នានា​ក្នុង​វត្ត​អង្គ​ថ្មី ស្ថិតក្នុង​ឃុំ​សំបូរ ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​។​

​លោក​បន្តថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​បង្កើត​នូវ​យន្តការ​ជាច្រើន​ដើម្បី​កសាង​សមិទ្ធផល និង​ជួយ​បម្រើ​ប្រជាពលរដ្ឋ​។ ដោយសារ​ប្រជាពលរដ្ឋ​បាន​ជឿទុកចិត្ត​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា នេះហើយ​គឺជា​អ្វីដែល​ជាការ​ប្ដេជ្ញាចិត្ត ការ​តបស្នង​សងគុណ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ដើម្បី​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​។ សូម​ឲ្យ​ស្មារតី​នេះ​បន្ត​ជឿទុកចិត្ត​ទៅលើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​។

​ជាមួយគ្នានេះ លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ដែល​បាន​ចូលរួម​កសាង​ភូមិ​ឃុំ​របស់​យើង​និង​ចូលរួម​ថែរក្សា​សុខសន្តិភាព ស្ថេរភាព និង​គាំទ្រ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​។ មានតែ​ខ្មែរ​រួបរួមគ្នា ជួយ​គ្នា នេះហើយ ទើប​យើង​អាច​កសាង​សមិទ្ធផល​។ យើង​សហការ​ជាមួយ​បរទេស​ជា​មិត្ត ក៏ប៉ុន្តែ​យើង​មិន​ពឹង​បរទេស​ទាំងស្រុង​នោះទេ ព្រោះ​គេ​មាន​ប្រជាពលរដ្ឋ​របស់គេ​រាប់រយ​លាន​នាក់​ដែរ​។ អ្វី​ដែលជា​គោល​គំនិត​សំខាន់​របស់​សម្តេច​តេ​ជោ​គឺ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ដើម្បី​ប្រទេសជាតិ​របស់​យើង​។ នេះហើយ​គឺជា​ស្មារតី និង​ទទួលខុសត្រូវ​របស់​ស​ម្ដេច​តេ​ជោ​ចំពោះ​ប្រជាពលរដ្ឋ​៕ ល​