លោក​ហ៊ុន ម៉ា​ណែ​ត​: “​មិនចាំបាច់​បារម្ភ​ខ្លាច​មាន​សង្គ្រាម​ម្តងទៀត​ទេ ដរាប​ណា​មាន​វត្តមាន​សម្តេច​តេ​ជោ​”

890
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា “​អ្វីដែល​យើង សប្បាយចិត្ត​នៅពេល​បច្ចុបន្ន គឺ​មិនចាំបាច់​បារម្ភ​ថា និង​មាន​សង្គ្រាម​ម្តង​ទៀតឡើយ ដរាប​ណា​មាន វត្តមាន​សម្តេច​តេ​ជោ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ លោកយាយ លោកតា យុវជន យុវនារី ទាំងអស់​មេត្តា​បន្ត​គាំទ្រ​លោក ដើម្បី​ជា​កម្លាំងចិត្ត​ជូន​ដល់​លោក ដូចដែល​លោក​កំពុង​ធ្វើ​អ្វី គ្រប់បែបយ៉ាង និង​អភិវឌ្ឍ​ជាតិ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​”​។​

ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​ទី​វត្ត​មុនី​រតនា​រាម ហៅ​វត្ត​ស្វាយ​ព័ន្ធ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម ថ្ងៃទី ០១ ខែមេសា ឆ្នាំ​២០១៨​។

​លោក​បាន​បញ្ជាក់ថា ជារួម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ថែរក្សា​ការពារ​សន្តិសុខ សន្តិភាព ស្ថេរភាព និង​បន្ត​កា​អភិវឌ្ឍន​ប្រទេសជាតិ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ពុទ្ធចក្រ​រួមមាន វត្ត សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន និង​សមិទ្ធិផល​នានា​ជាច្រើន​ទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជា​ពល​រដ្ឋ ហើយ​ទុកជា​ស្នាដៃ សម្រាប់​កូនចៅ​យើង​គ្រប់ៗ ជំនាន់​ក្រោយ​ទៀត​។ “​យើង​ហ៊ាន​និយាយ ហើយ​យើង​ក៏​ហ៊ាន​ធ្វើ​វា​ឲ្យ​កើតឡើង​មាន​ភស្តុតាង​ត្រឹមត្រូវ​ពិតប្រាកដ នេះហើយ​គឺជា​កិច្ចការ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ លោក​តែ​តែង​បំពេញ​នូវ​ចំណុច​ខ្វះខាត ដែល​ប្រជាពលរដ្ឋ​ចង់បាន ទោះ​វា​មិនបាន​គ្រប់​ជ្រុងជ្រោយ​ក៏ពិតមែន តែ​វា​ប្រសើរ​ជាង​និយាយ​ចោលៗ ហើយ​មិន​ធ្វើ​នោះទេ​”៕ ល​