លោក​ហ៊ុន ម៉ា​ណែ​ត ចុះ​MOU​ជាមួយ​សាកលវិទ្យាល័យ Zhejiang Ocean​របស់​ចិន​

214

(​ភ្នំពេញ​)៖ លោក ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​ប្រតិភូ​នៃ​សមាគម​សិស្ស​និស្សិត​អាហារូបករណ៍ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ ធ្វើ​ការចុះ​អនុស្សរណៈ​ជាមួយនឹង​សាកលវិទ្យាល័យ Zhejiang Ocean University និង​ក្រុមហ៊ុន Chinanx Financial Group ក្នុង​គោលបំណង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ផ្តល់​អាហារូបករណ៍​​ថ្នាក់​បរិញ្ញាបត្រ​សម្រាប់​ការសិក្សា​នៅ​ប្រទេស​ចិន​ដល់​សិស្ស​-​និស្សិត​កម្ពុជា ចំនួន​២០​នាក់ ក្នុង​ឆ្នាំ ២០១៧-២០១៨ ។

​លើសពីនេះ ក្នុង​ពិធី​នេះដែរ ថ្នាក់ដឹកនាំ​ជា​ហត្ថលេខី ក៏បាន​ពិភាក្សា បន្ថែម​អំពី​ការចូលរួម និង​លើកកម្ពស់​កម្មវិធី​អប់រំ​កម្ពុជា តាមរយៈ​ការផ្តល់​ឱកាស​ឱ្យ​សិស្ស​-​និស្សិត​កម្ពុជា ទទួលបាន​អាហារូបករណ៍ បន្ថែមទៀត នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ។​

​ជាមួយគ្នានេះដែរ ក្នុងនាម​ជា​ប្រធាន​សមាគម អ​.​ម​.​ត លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ភាគី សាកលវិទ្យាល័យ និង​ក្រុមហ៊ុន ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិការ​លើ​ការផ្តល់​អាហារូបករណ៍​ចំពោះ​សិស្ស​-​និស្សិត​កម្ពុជា ដែលជា​ការចូលរួម​យ៉ាង​ខ្លាំង​ក្នុងការ បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​កម្ពុជា ។ លោក​ក៏បាន​ផ្តាំផ្ញើ​ប្អូនៗ​និស្សិត ដែល​ទទួលបាន​អាហារូបករណ៍​នាឱកាស​នេះ ត្រូវ​យកចិត្តទុកដាក់​លើ​ការសិក្សា​ទាំង​ផ្នែក​ភាសា និង​ជំនាញ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​យ៉ាងពិត​ប្រាកដ ក្រោយពេល​បញ្ចប់​ការសិក្សា និង​វិល​ត្រលប់​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ ៕​ដោយៈ មុនី​រ័ត្ន​/sn

​លោក ហ៊ុន ម៉ា​ណែ​ត ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ Zhejiang Ocean

​លោក​ហ៊ុន ម៉ា​ណែ​ត ជួប​ជាមួយ​និស្សិត​កម្ពុជា​នៅ​ចិន​