លោក​ហ្គោ​បា​ឆូវ​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការប្រណាំង​ប្រជែង​សព្វាវុធ​ថ្មី​

485
ចែករម្លែក

​អតីត​មេដឹកនាំ​សូ​វៀត​លោក មី​ខា​អ៊ី​ល ហ្គោ​បា​ឆូវ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​វិច្ឆិកា​ថា កិច្ចខិតខំ​ប្រឹងប្រែង​បន្ទាន់​ត្រូវតែ​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការប្រណាំង​ប្រជែង​សព្វាវុធ​ថ្មី​។​

​លោក​ហ្គោ​បា​ឆូវ​អាយុ ៨៧ ឆ្នាំ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​ក្រុង​វ៉ាស៊ីនតោន​គួរតែ​ផ្តោតលើ​ការដោះស្រាយ​ជម្លោះ​របស់​ពួកគេ និង​ការជំរុញឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​របស់​ពួកគេ ដែល​លោក​ធ្លាប់បាន​ពណ៌នា​ថា​ជា​រឿង​សំខាន់បំផុត​នៅក្នុង​ពិភពលោក​។​

​លោក​ហ្គោ​បា​ឆូវ​បាន​និយាយថា “​ខ្ញុំ​សង្ឃឹមថា​ការប្រណាំង​សព្វាវុធ​អាច​ត្រូវបាន​បញ្ឈប់​ហើយ​យើង​អាច​បន្ត​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​” ដែល​លោក​និង​ប្រធានាធិបតី​អាមេរិក រ៉ូ​ណា​ល់ រី​ហ្គែ​ន បាន​ផ្តួចផ្តើមឡើង​។​

​គាត់​និយាយ​ដូច្នេះ​គឺ​បន្ទាប់ពី​បាន​ចូលរួម​ការដាក់​បញ្ចាំង​ភាពយន្ត​មួយ​នៅ​ទីក្រុង​មូ​ស្គូ ដែល​ផលិត​ដោយ​លោក វេ​ន័​រ ហឺ​ហ្ស​ក់ ដោយ​ផ្អែកលើ​ការសន្ទនា​របស់​មេដឹកនាំ​ទាំង​២ (​ហ្គោ​បា​ឆូវ​និង​រី​ហ្គែ​ន​)​។​

​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាលពី​ខែ​មុន​ថា​លោក​មានបំណង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​កងកម្លាំង​អាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF) ដែល​លោក​ហ្គោ​បា​ឆូវ​និង​លោ​ករី​ហ្គែ​ន​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ១៩៨៧ ជុំវិញ​ការរំលោភបំពាន​ជាច្រើន​ដែល​ធ្វើឡើង​ដោយ​រុស្ស៊ី​។​

​លោក​ហ្គោ​បា​ឆូវ​ដែល​បាន​កាន់តំណែង​ជា​មេដឹកនាំ​សូ​វៀត​នៅ​ឆ្នាំ ១៩៨៥ ហើយ​បាន​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំ ១៩៩១ នៅពេលដែល​សហភាពសូវៀត​ដួលរលំ​នោះ បានទទួល​ការកោតសរសើរ​ជា​អន្តរជាតិ​ចំពោះ​តួនាទី​របស់គាត់​ក្នុង​ការជួយ​បញ្ចប់សង្គ្រាម​ត្រជាក់​៕ ដោយ៖ កញ្ញាដាលីស

អតីត​មេដឹកនាំ​សូ​វៀត​លោក មី​ខា​អ៊ី​ល ហ្គោ​បា​ឆូវ