លោក​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ចុះសួរសុខទុក្ខ​មន្ត្រី​-​បុគ្គលិក​ក្រៅ​ឧទ្យាន​អង្គរ​

801
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក ហង់ ពៅ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ជួប​សំណេះសំណាល​និង​ទទួលទាន​អាហារ​សាមគ្គី ជាមួយ​មន្ត្រី​-​បុគ្គលិក ភ្នាក់ងារ​អភិរក្ស​ប្រាសាទ​និង​ពលករ​ក្រៅ​ឧទ្យាន​អង្គរ​ចំនួន​១៥៥​នាក់ ដែល​មកពី​ទីតាំង​ផ្សេងៗ​គ្នា​ដូចជា នៅ​អភិរក្ស​ដ្ឋា​ន​ភ្នំ​គូលែន ចំនួន​៥៤​នាក់ នៅ​ប្រាសាទបេង​មាលា ស្ពាន​ទ័ព​ជ័យ និង​ស្ពាន​ព្រះ​ទិស សរុប​ចំនួន​៥១​នាក់ ប្រាសាទចៅស្រីវិបុល វត្ត​ចេតិយ បន្ទាយ​អំពិល ក្បាលស្ពាន និង​បន្ទាយ​ខ្យង សរុប​ចំនួន​៥០​នាក់​។​

​លោក​បាន​លើកឡើងថា បងប្អូន​ដែល​ឈរជើង​នៅតាម​ទីតាំង​ក្រៅ​ឧទ្យាន​អង្គរ គឺមាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការមើល​ការខុសត្រូវ​ដោយផ្ទាល់​នៅតាម​គោលដៅ​រៀងៗ​ខ្លួន បញ្ចៀស​បាន​យ៉ាង​ល្អ​នូវ​រាល់​ការ​អន្តរាយ​ផ្សេងៗ​ដែល​កើតឡើង​ជាយថាហេតុ​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ប្រាសាទ និង​សោ​ភណ្ឌ​ភាព​នៃ​ប្រាសាទ​ជាដើម​។

​លោក​អគ្គនាយករង​បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​-​បុគ្គលិក ភ្នាក់ងារ និង​ពលករ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​យ៉ាង​ល្អ និង​សូម​កោតសរសើរ​រាល់​ស្នាដៃ​ថែរក្សា ធ្វើយ៉ាងណា​ឱ្យ​កិច្ចការ​អភិរក្ស​មណី​យ​ដ្ឋា​ន​អង្គរ​មាន​ចីរភាព និង​កាន់តែ​លេចធ្លោ​ជា​សាកល ស័ក្តិ​សមជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែលមាន​ឈ្មោះ​ល្បីល្បាញ​។

​ក្នុងឱកាស​នោះដែរ លោក​ក៏​មិន​ភ្លេច​រំឭក​ដល់​មន្ត្រី​-​បុគ្គលិក ភ្នាក់ងារ​អភិរក្ស​ប្រាសាទ និង​ពលករ​ទាំងអស់​ដែលមាន​ឈ្មោះ​បោះឆ្នោត ត្រូវ​ត្រៀមខ្លួន​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់គ្នា​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ដែលមាន​សិទ្ធិ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កុំបី​ខកខាន​៕ ល​

#