ប្លុកកាន់អំណាចរបស់ជប៉ុនដឹកនាំដោយនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេបានឈ្នះជាងពាក់កណ្តាលនៃអាសនៈដែលប្រជែងគ្នានៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ ដោយរក្សាសំឡេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់។
ទោះយ៉ាងណា គណបក្សកាន់អំណាចនិងបក្សដទៃទៀតដែលគាំទ្រការកែទម្រង់រដ្ឋធម្មនុញ្ញ មិនបានទទួលអាសនៈគ្រប់គ្រាន់ដើម្បីទទួលបានសំឡេងភាគច្រើន ពីរភាគបី ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់វិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ជាតិនោះឡើយ។
យោងតាមលទ្ធផលបឋម គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនិងដៃគូចម្រុះរបស់ខ្លួនគឺបក្សកូមេអ៊ីតូ ទទួលបានត្រឹម ៦៩ អាសនៈក្នុងចំណោមអាសនៈ ១២៤ ដែលត្រូវដណ្តើមយកប៉ុណ្ណោះ។ ដោយកាន់កាប់អាសនៈ ៧០ ក្នុងអាសនៈពាក់កណ្តាលដែលគ្មានការប្រកួតប្រជែង ពួកគេបានឆ្លងផុតខ្សែបន្ទាត់ជ័យជម្នះដែលកំណត់ដោយលោកអាបេដើម្បីរក្សាសំឡេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់ ដែលមាន ២៤៥ កៅអី។
ជាមួយបេក្ខជន ៣៧០ នាក់ប្រកួតប្រជែងសម្រាប់អាសនៈចំនួន ១២៤ អាសនៈចំនួន ៧៤ ត្រូវបានជ្រើសរើសនៅក្នុងមណ្ឌលជាក់លាក់ និង ៥០ តាមរយៈការតំណាងសមាមាត្រ។
នៅវេលាម៉ោង ៣ និង ៣០ នាទីរសៀលថ្ងៃចន្ទទី២២កក្កដានេះ គណបក្សប្រឆាំងដ៏សំខាន់គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន បានបង្កើនអាសនៈរបស់ខ្លួនដល់ ១៧ ពីអាសនៈចំនួន ៩ នៅមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ប៉ុន្តែចំនួនអាសនៈដែលធានាបានដោយគណបក្សប្រជាធិបតេយ្យសម្រាប់ប្រជាជន បានធ្លាក់ចុះពី៨មកនៅត្រឹម៦អាសនៈ។
លោកអាបេបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ស្ថិរភាពក្នុងអំឡុងយុទ្ធនាការបោះឆ្នោតនេះដោយនិយាយថា “បញ្ហាធំបំផុតដែលនឹងត្រូវពិភាក្សានៅក្នុងការបោះឆ្នោតនាពេលខាងមុខគឺថាតើយើងចង់បង្កើនល្បឿនកំណែទម្រង់សមស្របទៅនឹងយុគថ្មីស្ថិតនៅក្រោមស្ថិរភាពនយោបាយឬក៏ដើរថយក្រោយទៅរកសម័យកាលចលាចល”។
លោកអាបេស្ទើរតែប្រាកដណាស់ថានឹងកាន់អំណាចរហូតដល់ខែវិច្ឆិកានៅពេលដែលគាត់នឹងបំបែកឯតទគ្គកម្មសម្រាប់នាយករដ្ឋមន្ត្រីបម្រើការយូរបំផុតរបស់ប្រទេសនេះដែលកាន់កាប់ដោយលោកថារ៉ូ កាត់ស៊ូរ៉ា (Taro Katsura) ជាអ្នកនយោបាយដែលគេគោរពបំផុត ដែលកាន់អំណាច៣អាណត្តិក្នុងចន្លោះឆ្នាំ ១៩០១ និង ១៩១៣។
ខណៈដែលលទ្ធផលនៃការបោះឆ្នោតបានចាប់ផ្តើមចេញបណ្តើរៗ លោកអាបេបាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយថា លទ្ធផលបង្ហាញថា អ្នកបោះឆ្នោតជ្រើសរើសស្ថិរភាពនយោបាយដូចដែលគាត់បានអំពាវនាវ។
លោកបានមានប្រសាសន៍ថា “យើងបានធានានូវអាណត្ដិមួយដើម្បីអនុវត្តនយោបាយរបស់យើងឱ្យបានខ្ជាប់ខ្ជួន”៕ ដោយ៖ កញ្ញាដាលីស