លោក​អា​បេ​បង្កើត​កំណត់ត្រា​ជា​នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​បំផុត​របស់​ជប៉ុន ចំពេល​មានការ​ចោទប្រកាន់​ជាច្រើន​លើ​រូបលោក​

200
ចែករម្លែក

នាយករដ្ឋមន្ត្រី​ស៊ីន​ហ្សូ អា​បេ​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​បំផុត​របស់​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា ដែលជា​ស្នាដៃ​ដ៏​គួរឱ្យកត់សម្គាល់​មួយ​សម្រាប់​មេដឹកនាំ​ដែល​ធ្លាប់​ចុះ​ចេញពី​តំណែង​យ៉ាង​អាម៉ាស់ នៅ​គ្រា​កំពុងមាន​បញ្ហា​សេដ្ឋកិច្ច​និង​ការចោទប្រកាន់ថា​គាត់​បាន​រំលោភច្បាប់​បោះឆ្នោត​។​

​លោក​អា​បេ​អាយុ ៦៥ ឆ្នាំ​ទទួលបាន​ជោគជ័យ​ខ្ពស់​សម្រាប់​ការទូត​របស់លោក​។ ទំនាក់ទំនង​កក់ក្តៅរ​បស់​លោក​ជាមួយ​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់​ត្រាំ​ប្រហែលជា​អាច​ជៀស​ផុតពី​រឿងរ៉ាវ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​បើទោះបីជា​មានការ​រីកចម្រើន​តិចតួច​លើ​ជម្លោះទឹកដី​ជាមួយ​រុស្ស៊ី​ហើយ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​នៅតែ​រកាំរកូស​ក្តី​។​

​លោក​អាគី​ហ៊ី​សា ណាហ្គា​ស៊ី​ម៉ា អតីត​សមាជិកសភា​គណបក្សប្រឆាំង​ដែល​ឥឡូវ​បម្រើការ​នៅ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់លោក​អា​បេ បាន​និយាយថា “​គ្មាន​មេដឹកនាំ​ពិភពលោក​ផ្សេង​រូប​ណា​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក​ត្រាំ​នោះឡើយ​”​។​

​លោក​អា​បេ ដែល​បាន​បម្រើការ​អាណត្តិ​មុន​បាន​មួយឆ្នាំ​មុនពេល​លាលែង​ពី​តំណែង​ក្នុង​ឆ្នាំ ២០០៧ បាន​វិលត្រឡប់​មកកាន់​តំណែង​វិញ​នៅ​ខែធ្នូ​ឆ្នាំ ២០១២ ដោយ​សន្យា​ឱ្យមាន​យោធា​ខ្លាំងក្លា​និង​សេដ្ឋកិច្ច​រីកចម្រើន ខណៈ​មាន​គោលបំណង​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់​ជប៉ុន​។​

​រួមបញ្ចូល​គ្នា​នូវ​ចំណុច​មុនៗ​និង​បច្ចុប្បន្ន ថ្ងៃ​ពុធ​គឺជា​ការកត់សម្គាល់​ថ្ងៃទី ២.៨៨៧ របស់លោក​អា​បេ​ក្នុង​តំណែង ដោយ​បំបែក​ឯតទគ្គ​កម្ម​កាន់​កាប់​ដោយ​លោ​កថា​រ៉ូ កាត់​ស៊ូ​រ៉ា កាលពី​ជាង​មួយ​សតវត្សរ៍​មុន​។​

​លោក​អា​បេ​បាន​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​កាន់អំណាច​របស់លោក​ឱ្យ​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោតជាតិ​ចំនួន ៦ លើក​ចាប់តាំងពី​ការវិល​ត្រឡប់មកវិញ ដោយ​រួច​ផុតពី​ការចោទប្រកាន់​ពីបទ​បក្ខពួកនិយម​និង​រឿងអាស្រូវ​ជុំវិញ​ការ​ក្លែងបន្លំ​ទិន្នន័យ​ដោយ​ពួក​មន្ត្រីការិយាធិបតេយ្យ​។​

​ជ័យជម្នះ​ទាំងនោះ​ត្រូវបាន​ជួយ​ដោយ​ការបែកបាក់​ក្នុង​បក្សប្រឆាំង​និង​ការចងចាំ​អំពី​ការគ្រប់គ្រង​ដ៏​រង្គោះរង្គើ​ក្នុងអំឡុង​ឆ្នាំ ២០០៩-២០១២ ដោយ​គណបក្ស​ថ្មីថ្មោង​គឺ​បក្ស​ប្រជាធិបតេយ្យ​ជប៉ុន (DPJ) ដែល​ធ្វើឱ្យ​អ្នកបោះឆ្នោត​ជាច្រើន​ប្រាថ្នា​ចង់បាន​ស្ថិរភាព​យូរអង្វែង​។​

​លោក សី​កូ ណូ​ដា សមាជិកសភា​បក្ស LDP និង​ជា​អនាគត​គូប្រជែង​របស់លោក​អា​បេ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​ហេតុផល​ធំ​បំផុត​សម្រាប់​ការ​កាន់តំណែង​បានយូរ​របស់គាត់​គឺថា​គាត់​ល្អ​ជាង​រដ្ឋាភិបាល​របស់​បក្ស DPJ”​។​

​ប៉ុន្តែ​ចាប់តាំងពី​ការរុះរើ​គណៈរដ្ឋមន្ត្រី​ក្នុង​ខែកញ្ញា​មក រដ្ឋមន្ត្រី​ពីររូប​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក​អា​បេ បាន​លាលែង​ពី​តំណែង​ជុំវិញ​ការចោទប្រកាន់​អំពី​ការរំលោភច្បាប់​យុទ្ធនាការ​បោះឆ្នោត​។​

​ឥឡូវនេះ​លោក​អា​បេ​កំពុង​រង​សម្ពាធ​ជុំវិញ​ការចោទប្រកាន់ថា​លោក​មិន​ត្រឹមតែ​បាន​អញ្ជើញ​ពួក​អ្នកគាំទ្រ​ឱ្យចូល​រួម​ពិធីជប់លៀង​មើល​ផ្កា​ឆឺ​រី​ដោយ​ចាយលុយ​រដ្ឋ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​អាច​រំលោភបំពាន​ច្បាប់​យុទ្ធនាការ​បោះឆ្នោត​ទៀតផង ដោយ​ជួយឧបត្ថម្ភ​ដល់​ការចូលរួម​របស់​អ្នកគាំទ្រ​នៅឯ​ពិធី​មួយ​នៅ​យប់​មុន​នោះ​។​

​លោក​អា​បេ​បាន​បដិសេធ​មិនបាន​ធ្វើ​ខុស​នោះទេ​។ ការស្ទង់មតិ​របស់​កា​សែត Asahi កាលពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៧ ខែវិច្ឆិកា​បានបង្ហាញ​ថា មនុស្ស​៦៨​ភាគរយ​មិន​ជឿ​ការពន្យល់​របស់គាត់​ទេ ទោះបីជា​អត្រា​គាំទ្រ​របស់គាត់​នៅ​ថេរ ៤៤ ភាគរយ​ក៏ដោយ​។​

​មានការ​ព្រួយបារម្ភ​ថា សេដ្ឋកិច្ច​កំពុង​ឈានទៅរក​វិបត្តិ ចំពេល​ផលប៉ះពាល់​នៃ​គោលនយោបាយ “Abenomics” របស់លោក​ក៏​ធ្វើឱ្យ​អនាគត​របស់លោក​អា​បេ​អាប់អួ​រដែរ​។ ក្រុម​អ្នក​រិះគន់​និយាយថា “​ព្រួញ​” ទី​៣​នៃ​កំណែទម្រង់​រចនាសម្ព័ន្ធ​របស់លោក មិនដែល​បាញ់​ចេញ​ម្តងណា​ឡើយ​៕ ដោយ៖ កញ្ញាដាលីស

ថ្ងៃ​ពុធ​គឺជា​ការកត់សម្គាល់​ថ្ងៃទី ២.៨៨៧ របស់លោក​អា​បេ​ក្នុង​តំណែង​នាយករដ្ឋមន្ត្រី