លោក​អឺ​ដូ​ហ្គែ​ន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​តួ​ក​គី និង​តែងតាំង​កូនប្រសារ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​

784
ចែករម្លែក

​លោក​ប្រធានាធិបតី ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន បានតែងតាំង​កូនប្រសារ​របស់គាត់​ជា​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​តួ​ក​គី​នៅក្នុង​គណៈរដ្ឋមន្ដ្រី​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​ទី ៩ កក្កដា គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​គាត់​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រមុខរដ្ឋ​នៃ​ប្រទេស​ដែល​គាត់​បាន​គ្រប់គ្រង​អស់​រយៈពេល ១៥ ឆ្នាំ​។​

​ប្រាក់​លី​រ៉ា ដែល​បាន​បាត់បង់​តម្លៃ​ជិត​១​ភាគ​៥ ធៀប​នឹង​ប្រាក់​ដុល្លារ​កាលពី​ឆ្នាំមុន បាន​ធ្លាក់ចុះ​ជិត ៣ ភាគរយ គឺ​ស្មើ ៤,៧៤ លី​រ៉ា​ក្នុង​១​ដុល្លារ បន្ទាប់ពី​ការប្រកាស​អំពី​គណៈរដ្ឋមន្ត្រី​ថ្មី​។​

​លោក​អឺ​ដូ​ហ្គែ​ន​បានតែងតាំង​កូនប្រសារ​របស់គាត់​ឈ្មោះ បេ​រ៉ាត់ អាល់​បាយ​រ៉ា​ក់ (Berat Albayrak) ឱ្យធ្វើជា​រដ្ឋមន្ដ្រី​រតនា​គារ​និង​ហិរញ្ញវត្ថុ​។ គ្មាន​តំណែង​ណាមួយ​នៅក្នុង​គណៈរដ្ឋមន្ត្រី​សម្រាប់​អតីត​ឧបនាយករដ្ឋមន្ត្រី​លោក មេ​ម៉េ​ត ស៊ីម​សេក ដែល​គេ​មើលឃើញថា​ជា​រដ្ឋមន្ត្រី​គាំទ្រ​ទីផ្សារសេរី​នៅក្នុង​រដ្ឋាភិបាល​មុន​ទេ​។​

​ប្រាក់​លី​រ៉ា​បាន​រង​ផលប៉ះពាល់​ពី​ការព្រួយបារម្ភ​អំពី​ការជំរុញ​របស់លោក​អឺ​ដូ​ហ្គែ​ន​ឱ្យ​បន្ថយ​អត្រា​ការប្រាក់ និង​ការអត្ថាធិប្បាយ​របស់លោក​កាលពី​ខែឧសភា​ថា​លោក​មាន​ផែនការ​គ្រប់គ្រង​សេដ្ឋកិច្ច​ខ្លាំង​ជាង​មុន បន្ទាប់ពី​ការបោះឆ្នោត​ខែមិថុនា​។​

​ដោយ​បន្ត​តំណែង​ប្រធានាធិបតី​ប្រតិ​ប​ត្ដិ​ថ្មី ដែល​គាត់​បាន​តស៊ូ​បង្កើតជា​យូរ​មកហើយ​នោះ លោក​អឺ​ដូ​ហ្គែ​ន​បានប្រកាស​ស្បថ​ចូលកាន់​តំណែង​នៅក្នុង​រដ្ឋសភា មុនពេល​ថ្លែង​ទៅកាន់​ពួក​មេដឹកនាំ​អន្តរជាតិ​ដែល​បាន​ជួបជុំគ្នា​នៅ​វិមាន​ប្រធានាធិបតី​នៅក្នុង​ទីក្រុង​អង់កា​រ៉ា​។​

​លោក​បាន​ប្រាប់​ឥស្សរជន​និង​ភ្ញៀវ​រាប់ពាន់នាក់​ថា “​យើង​ក្នុងនាម​ជា​ប្រទេស​តួ​ក​គី​និង​ជា​ប្រជាជន​តួ​ក​គី កំពុងធ្វើការ​ចាប់ផ្តើម​ថ្មី​នៅថ្ងៃនេះ​។ យើង​កំពុង​ចាក​ចេញពី​ប្រព័ន្ធ​នៅក្នុង​អតីតកាល​ដែល​បានធ្វើឱ្យ​ប្រទេស​របស់​យើង​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ភាពវឹកវរ​ខាង​នយោបាយ​និង​សេដ្ឋកិច្ច​”​។​

​លោក​អឺ​ដូ​ហ្គែ​ន​វ័យ ៦៤ ឆ្នាំ​និយាយថា ប្រធានាធិបតី​ប្រតិបត្តិ​ដ៏​មានអំណាច​គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច ធានា​សន្តិសុខ​បន្ទាប់ពី​រដ្ឋប្រហារ​យោធា​បរាជ័យ​ឆ្នាំ ២០១៦ និង​ការពារ​តួ​ក​គី​ពី​ជម្លោះ​ឆ្លងកាត់​ព្រំដែន​នៅ​ភាគខាងត្បូង​ជាប់​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

​លោក​បាន​និយាយថា “​យើង​កំពុងធ្វើដំណើរ​តាមផ្លូវ​នេះ​ដោយ​ប្រើ​ឱកាស​នេះ​ឱ្យ​បានល្អ​បំផុត​សម្រាប់​រដ្ឋសភា​ដ៏​រឹងមាំ រដ្ឋាភិបាល​ដ៏​រឹងមាំ និង​តួ​ក​គី​ដ៏​រឹងមាំ​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​តួ​ក​គី លោក ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន