លោក​អូ​បា​ម៉ា​ត្រូវបាន​ចោទប្រកាន់ថា ប្រៀបធៀប ដូ​ណា​ល់ ត្រាំ ជាមួយ ហ៊ី​ត្លែរ​

837

​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​បាន​ជំរុញ​ពលរដ្ឋ​អាមេរិក​ឱ្យ​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​ក្លិប​សេដ្ឋកិច្ច​ទីក្រុង​ឈី​កា​ហ្គោ ដែល​ក្នុងនោះ​លោក​ហាក់​បាន​ប្រើប្រាស់​ការកើនឡើង​ឥទ្ធិពល​របស់ អា​ដូ​ហ្វ ហ៊ី​ត្លែរ ជាការ​ព្រមាន​ប្រឆាំងនឹង​ការកើនឡើង​ការ​លម្អៀង និង​ការប្រកាន់​ពូជសាសន៍ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​ថ្វីបើ​គាត់​មិនបាន​សំដៅ​ទៅលើ​ត្រាំ​ចំឈ្មោះ ក៏ប៉ុន្តែ​វា​បាន​នាំមក​នូវ​ការចោទប្រកាន់ថា អតីត​ប្រធានាធិបតី​ម្នាក់នេះ​កំពុង​ប្រៀបធៀប​ប្រធានាធិបតី​បច្ចុប្បន្ន​ជាមួយនឹង​មេដឹកនាំ​ដែល​គេ​ជេរប្រមាថ​ខ្លាំង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ (​ហ៊ី​ត្លែរ​)​។​

​នៅក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ លោក​អូ​បា​ម៉ា​បាន​ប្រាប់​ទស្សនិកជន​របស់​គាត់​អំពី​គ្រោះថ្នាក់​នៃ​ការកើនឡើង​នៃ “​ការ​មាន​ទំនុកចិត្ត​ហួសហេតុ​ពេក​”​។ នេះ​បើតាម​កាសែត Crain’s Chicago Business​។​

​លោក​អូ​បា​ម៉ា​បាន​និយាយ​ក្នុង​ម៉ោង​សួរ​និង​ឆ្លើយ​សំណួរ យ៉ាង​ដូច្នេះ “​យើង​ត្រូវតែ​ទោរទន់​ទៅរក​សួន​ប្រជាធិបតេយ្យ បើ​មិន​អ៊ីចឹង​ទេវា​នឹង​ដួលរលំ​យ៉ាង​ឆាប់រហ័ស​បំផុត​”​។​

​លោក​អូ​បា​ម៉ា​បាន​បន្ថែមថា បើទោះបី​ជាមាន​លទ្ធិប្រជាធិបតេយ្យ​នៅ​សាធារណរដ្ឋ​វី​ម៉ា (​សាធារណរដ្ឋ​អាល្លឺម៉ង់​) ក៏ដោយ ក៏​លោក​អា​ដូ​ហ្វ ហ៊ី​ត្លែរ នៅតែ​អាច​ឡើងកាន់​អំណាច​បាន​។​

​ដោយ​សំដៅ​ដល់​ចំនួន​អ្នកស្លាប់​ពី​សង្គ្រាមលោកលើកទីពីរ លោក​អូ​បា​ម៉ា​បាន​និយាយថា “​មនុស្ស ៦០ លាន​នាក់​បាន​ស្លាប់​…​ដូច្នេះ​អ្នក​ត្រូវ​យកចិត្តទុកដាក់ ហើយ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​”​។​

​ក្រុម​អ្នក​រិះគន់​លោក​ត្រាំ​បាន​ចោទប្រកាន់​លោក​ត្រាំ​ថា​បាន​បញ្ឆេះ​អារម្មណ៍​ជាតិនិយម​នៅ​ទូទាំង​សហរដ្ឋអាមេរិក​និង​បញ្ចេញ​វោហា​សាស្ត្រ​ប្រឆាំងនឹង​មូស្លីម​។​

​ទោះយ៉ាងណា ការអធិប្បាយ​របស់លោក​អូ​បា​ម៉ា​ត្រូវបាន​ក្រុម​អ្នកគាំទ្រ​ប្រធានាធិបតី​ត្រាំ យកមក​កេងចំណេញ​ន​យោ​បាយ​។ អ្នកគាំទ្រ​ត្រាំ​ខ្លះ​និយាយថា ពួកគេ “​មិន​ស្នេហា​ជាតិ​ទេ​” ដែល​រិះគន់​ត្រាំ​អំពី​ការ​រើ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ដោយ​លើកឡើងថា ការប្រៀបធៀប​ជាមួយ​មេដឹកនាំ​ណា​ហ្ស៊ី ដែល​បញ្ជា​ឱ្យមាន​ការសម្លាប់​រង្គាល​ដ៏​ធំ​នោះ គឺ រឹតតែ​មិន​សម​ហេតុផល​ទៅ​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​បា​រ៉ា​ក់ អូ​បា​ម៉ា អតីត​ប្រធានាធិបតី​អាមេរិក