លោក​អេ​ឡុ​ន ម៉ាស នឹង​ចុះ​ចេញពី​តំណែង​ប្រធាន​ក្រុមហ៊ុន Tesla ក្នុងការ​ដោះស្រាយ​បណ្តឹង​ទាក់ទង​នឹង​ករណី​ឆបោក​

618
ចែករម្លែក

​ប្រធាន​ក្រុមហ៊ុន Tesla លោក អេ​ឡុ​ន ម៉ាស និង​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​នេះ​បាន​យល់ព្រម​បង់ប្រាក់​សំណង​សរុប​ចំនួន ៤០ លាន​ដុល្លារ​និង​ធ្វើ​សម្បទាន​ជា​បន្តបន្ទាប់​ដើម្បី​ដោះស្រាយ​បណ្តឹង​របស់​រដ្ឋាភិបាល ដែល​ចោទប្រកាន់​លោ​កថា​បាន​បោកប្រាស់​វិនិយោគិន ជាមួយ​សេចក្តីថ្លែងការណ៍​បំភ័ន្ត​ជាច្រើន​អំពី​សំណើ​ទិញយក​ក្រុមហ៊ុន​នេះ​ទាំងមូល​។​

​គណៈកម្មការ​មូល​ប​ត្រ​និង​ប្តូរប្រាក់​បានប្រកាស​អំពី​ការដោះស្រាយ​បណ្តឹង​នេះ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៩​កញ្ញា ពោលគឺ​២​ថ្ងៃ​បន្ទាប់ពី​បានដាក់​ពាក្យ​ប្តឹង​មួយ​ដើម្បី​បណ្តេញ​លោក​ម៉ាស​ចេញពី​ប្រធាន​ក្រុមហ៊ុន​។​

​ដំណោះស្រាយ​នេះ​នឹង​តម្រូវឱ្យ​គាត់​បោះបង់​តួនាទី​ជា​ប្រធាន​ក្រុមហ៊ុន​រយៈពេល​យ៉ាងហោចណាស់​៣​ឆ្នាំ ប៉ុន្តែ​គាត់​នឹង​នៅតែ​អាច​ធ្វើជា​ប្រធាន​ប្រតិបត្តិ​។​

​ក្រុមហ៊ុន Tesla ត្រូវតែ​ជួល​ប្រធាន​ឯករាជ្យ​ម្នាក់​ដើម្បី​មើល​ការខុសត្រូវ​លើ​ក្រុមហ៊ុន​។​

​លោក​មហាសេដ្ឋី អេ​ឡុ​ន ម៉ាស និង​ក្រុមហ៊ុន Tesla នឹងត្រូវ​បង់ប្រាក់​សំណង​ម្នាក់ៗ ២០ លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​សំណុំ​រឿងនេះ​។​

​ការព្រមព្រៀង​នេះ​អាច​នឹង​ដកចេញ​នូវ​ពពក​មួយ​ដែល​សំកាំង​នៅ​ពីលើ​ក្រុមហ៊ុន Tesla ។ វិនិយោគិន​មានការ​ព្រួយបារម្ភ​អំពី​សមត្ថភាព​របស់​ក្រុមហ៊ុន​ក្នុងការ​បោះជំហាន​ទៅមុខ​ដោយ​គ្មាន​លោក​ម៉ាស ដែលជា​សហគ្រិន​មាន​មន្ត​ទាក់ទាញ​ម្នាក់ ដែល​គំនិត​របស់គាត់​មាន​លក្ខណៈ​បដិវត្តន៍​អាច​ប្រៀបធៀប​បាន​ទៅនឹង​ទស្សនវិស័យ​ដ៏​ពេញនិយម​បំផុត​នៅ​ទីក្រុង Silicon Valley នោះ​គឺ​ទស្សនវិស័យ​របស់​សហ​ស្ថាបនិក​ក្រុមហ៊ុន Apple លោក ស្ទី​វ ចប​៕ ដោយ៖ កញ្ញាដាលីស

លោក អេ​ឡុ​ន ម៉ាស នឹង​ចុះ​ចេញពី​តំណែង​ប្រធាន​ក្រុមហ៊ុន Tesla ក្នុងការ​ដោះស្រាយ​បណ្តឹង​ឆបោក ដែល​រដ្ឋាភិបាល​ប្តឹង
#