លោក​ឧកញ៉ា សៀង​ណាំ ចូលរួមចំណែក​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ជនរងគ្រោះ និង​រាជរដ្ឋាភិបាល​ជប៉ុន​

1307
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: ចាប់តាំងពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៨ រហូតមកដល់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ គឺ​អស់​រយៈពេល ៤​ថ្ងៃ​មកហើយ ដែល​សភាពការណ៍​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់ នៅ​ព្រះរាជាណាចក្រ​ជប៉ុន ដែល​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​បំណាក់​ដី និង​គ្រោះទឹកជំនន់ ដែល​បង្កឡើង ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ នៅតាម​តំបន់​ភាគ​ខាងលិច​ប្រទេស​ជប៉ុន ស្លាប់​បាន​កើន​ដល់ ១៤៨​នាក់​ហើយ រីឯ​មនុស្ស​បាត់​ខ្លួន ៥៩​នាក់ ទៀត​ត្រូវបាន​គេ​ជឿជាក់ថា ជាប់​ក្រោម​ល្បាប់​ភក់​។​

​គ្រោះមហន្តរាយ​ដោយសារ​ទឹកជំនន់​នេះ បាន​វាយលុក​ខេត្ត​ទាំង​១២​របស់​ព្រះរាជាណាចក្រ​ជប៉ុន គឺមាន​ខេត្ត​ហ៊ី​រ៉ូ​ស៊ី​ម៉ា អូ​កា​យ៉ាម៉ា​, អ៊ី​ហ៊ី​មី​, ក្យូ​តូ​, យ៉ាម៉ា​ហ្គូ​ជី​, ហ្វូ​គូ​កា​,​ខា​ហ្គូ​ស៊ី​ម៉ា​, ក្យូ​ហ្គោ​, ស្ស៊ី​ហ្គា​, ជី​ហ្វូ​, កូ​ជី​, និង​សា​ហ្គា​។

​ឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជូន​ប៉ូលិស ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​កងទ័ព​ជាង ៧៣,០០០​នាក់ រួមទាំង​ឧទ្ធម្ភាគចក្រ ៧០០​គ្រឿង ឱ្យទៅ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរុករក និង​ជួយសង្គ្រោះ​នៅតាម​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​។

​អាជ្ញាធរ​ជប៉ុន​មិនទាន់​សរុប​ការខូចខាត​បានទេ តែ​អាជ្ញាធរ​ជប៉ុន​បាន​បង្គាប់​ឲ្យ​ជម្លៀស​ខ្លួន ប្រជាជន​ជប៉ុន​ជិត ០៦​លាន​នាក់​នៅតាម​ខេត្ត​ចំនួន ១៩ ហើយ​ក្នុង​រយៈពេល​ជាង ៤​ថ្ងៃ​ទឹកជំនន់​បាន​បង្ករ​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១១,២០០​ខ្នង គ្មាន​អគ្គីសនី​ប្រើប្រាស់ និង ៣០០,០០០​ខ្នង​ទៀត​គ្មាន​ទឹកស្អាត​ប្រើប្រាស់ នៅក្នុង​ខេត្ត​ចំនួន ១២​។

​លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​មានប្រសាសន៍ថា ក្នុងនាម​ខ្ញុំបាទ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប និង​ខ្លួន​ខ្ញុំ​ផ្ទាល់ បានឮ​ដំណឹង​ដូច​រៀបរាប់​ខាងលើនេះ ខ្ញុំ​សូម​ចូលរួមចំណែក​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​ជនរងគ្រោះ និង រាជរដ្ឋាភិបាល​ជប៉ុន ។ ខ្ញុំ​សូម​បួងសួង​សូម​ឲ្យ​វត្ថុ​ស័​កិ្ត​សិទ្ធិ​ក្នុង​លោក ជួយ​តាម​ថែរក្សា​បីបាច់​ប្រជាពលរដ្ឋ​ជប៉ុន​ទាំងអស់ ឲ្យ​រួច​ផុតពី​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់​ដ៏​ឃោរឃៅ​នេះ​៕ ល​