លោក​ឧកញ៉ា សៀង ណាំ ចូលរួម​សម្ភោ​ធ​អគារសិក្សា​០១​ខ្នង​មាន​៥​បន្ទប់ នៅ​សាលាបឋមសិក្សា​អំពិល​ស្រុក​ក្រឡាញ់

967
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ អគារសិក្សា​១​ខ្នង​មាន​៥​បន្ទប់ ស្ថិតនៅក្នុង​បរិវេណ​សាលាបឋមសិក្សា​អំពិល ស្ថិត​ក្នុង​ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែលជា​អំណោយ​របស់​សប្បុរសជន​ជប៉ុន បានរៀបចំ​ធ្វើ​ពិធី​កាត់​ខ្សែបូរ​សម្ភោ​ធ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ឧកញ៉ា សៀង​ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។

លោក​ឧកញ៉ា សៀង ណាំ បាន​បញ្ជាក់ថា អគារសិក្សា​០១​ខ្នង​៥​បន្ទប់​ស្ថិតនៅ​សាលាបឋមសិក្សា អំពិល គឺ​ចំណាយ​អស់​ថវិកា​ចំនួន​៥១០០០​ដុល្លារ​អាមេរិក ក្នុងនោះ​ថវិកា​ចំនួន​៣៦០០០​ដុល្លារ​អាមេរិក​គឺជា​ថវិកា​ចូលរួម​​របស់​សប្បុរស​ជន​ជប៉ុន​និង​ថវិកា ចូលរួម​របស់ខ្ញុំ​ផ្ទាល់​ចំនួន​១៥០០០​ដុល្លារ​។

លោក​សៀង ណាំ បាន​បន្តថា ដោយ​អគារសិក្សា​នេះ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅថ្ងៃនេះ រូបខ្ញុំ​បាទ​និង​សប្បុរសជន​ជប៉ុន បាន​ទៅ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​នោះ​ដើម្បី​ឲ្យ​សិស្សានុសិស្ស​ចូល​សិក្សា​រៀនសូត្រ​តរៀង​ទៅ​។

ក្នុង​ឳ​កាស​នោះ​លោក​ឧកញ៉ា សៀង ណាំ ក៏បាន​ឧបត្ថម្ភ ជូន​ប្រជាពលរដ្ឋ​៣៣០​នាក់​ក្នុង​ម្នាក់​សា​រ៉ុង​មួយ លោកគ្រូ អ្នកគ្រូ ចំនួន​១១​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥០០០០​រៀល សិស្សានុសិស្ស​ចំនួន​២៩០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅសរសេរ​២​ក្បាល ប៊ិច​២​ដើម បន្ទាត់​២ និង​ប្រាក់​២០០០​រៀល កម្លាំង​ការពារ​ចម្រុះ​ទទួលបាន​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល និង​ចំណាយ​រៀបចំ​ពិធី​ចំនួន២​លាន​រៀល​៕​B/