លោក កឹម សុខា គ្មាន​វាសនា​បាន​នៅក្រៅ​ឃុំ​ទេ !

839
ចែករម្លែក

​ដោយ : ​ឆាយា​នាថ​/​ភ្នំពេញ : ​ក្រោយ​បញ្ចប់​ការសួរដេញដោល , តុលាការ​កំពូល នៅវេលា​ថ្ងៃត្រង់​ទី​២២ ខែសីហា នេះ សម្រេច​មិន​ដោះលែង​លោក​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទេ ដោយ​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដដែល ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ុក គឹម​សិទ្ធិ អគ្គព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល និង ជា​អ្នកនាំពាក្យ​ផងដែរ ។

លោកកឹម សុខា មិនត្រូវបានអនុញ្ញាតិឲ្យនៅក្រៅឃុំឡើយ

​វាសនា​លោក កឹម សុខា ពេលនេះ គឺ ខុសពី​លោក គឹម សុខ , ស្ត្រី​សកម្មជន​បឹងកក់​៤​នាក់ និង អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ ដែល​ត្រូវ​តុលាការ​ដោះលែង​ជា​បន្តបន្ទាប់ ។ លោក​កឹម សុខា ដែល​បច្ចុប្បន្ន​ជាប់ ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ខេត្ត​ត្បូងឃ្មុំ ជិត​១​ឆ្នាំ ហើយ​នោះ ពុំ​ត្រូវបាន​បញ្ជូនមក​ចូលរួម​សវនាការ​នៅ​តុលាការ​កំពូល ទេ ។ ​ទោះបីយ៉ាងណា មេធាវី​លោក​កឹម សុខា បានបង្ហាញ​វត្តមាន ដើម្បី​បំពេញ​នីតិវិធី​របស់​តុលាការ​កំពូល ។

​ជាមួយ​ការចាប់ផ្ដើម​សវនាការ​នេះ ក្រុម​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ជាច្រើន​ស្ថាប័ន រួមទាំង​អង្គការ​ជាច្រើន​ទៀត​នោះ ទន្ទឹងរង់ចាំ​ក្រៅរបង​តុលាការ​កំពូល ដើម្បី​ចង់ដឹង​លទ្ធផល តើ​តុលាការ​កំពូល ដោះលែង​លោក​កឹម សុខា ដែរឬទេ ? ពេលនេះ លទ្ធផល បានដឹង​ហើយ គឺ តុលាការ​កំពូល សម្រេច​មិន​ដោះលែង​លោក​កឹម សុខា នោះទេ ។ ​មតិ​ខ្លះ ថា អាច​នឹងមាន​ការដោះលែង​លោក​កឹម សុខា ព្រោះ​បាន​មើលឃើញថា បុគ្គល​លេចធ្លោ​មួយចំនួន​ត្រូវបាន​តុលាការ​ដោះលែង​ជា​បន្តបន្ទាប់ ។ ​ក្នុងនោះ មាន​លោក​គឹម សុខ អ្នកវិភាគ​សង្គម ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់​៤​នាក់ និង ចុងក្រោយ គឺ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ ។

​ការសម្រេច​ទាំងអស់នេះ ត្រូវបាន​តុលាការ​អះអាងថា ធ្វើតាម​ច្បាប់ ពុំមែន​ស្ថិតក្រោម​ហេតុផល​នយោបាយ​ទេ ទោះបី​មជ្ឈដ្ឋាន​ខ្លះ​មិន​យល់ស្រប​ក៏ដោយ ។

​ដីកា​តុលាការ​កំពូល ដែល​ទទួលបាន​បង្ហាញ​ថា សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ គង់ ស្រ៊ី​ម ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក ឈួន ចាន់ថា ជា​តំណាង​មហាអយ្យការ ។

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥ ដល់ ៣០​ឆ្នាំ​៕​B