លោក កឹម សុខា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​

394
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបពិភាក្សា​ជាមួយ លោកស្រី ខា​មិន ម៉ូ​រេណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ នៅ​គេហដ្ឋាន​របស់លោក​កឹម សុខា ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ជំនួប​រវាង​​លោក​ កឹ​ម ​សុ​ខា និង​ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​សហភាព​អឺរ៉ុប​ប្រកាស​ទុកពេល​មួយខែ​ឲ្យ​កម្ពុជា​ឆ្លើយតប​នឹង​របាយការណ៍​ខ្លួន​ពាក់ព័ន្ធ​នឹង​EBA​។​

​ចំណែក​នៅពេល​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​កឹម សុខា នឹង​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​នៅ​គេហដ្ឋាន​របស់លោក​កឹម សុខា​។​

​សូមជម្រាបថា បន្ទាប់ពី​មានការ​កែប្រែ​លក្ខខណ្ឌ​មួយចំនួន​របស់​តុលាការ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក​កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក បារាំង កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ហើយ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា លោក​កឹម សុខា បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​អូស្ត្រាលី​។ ហើយ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា លោក​កឹម សុខា ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បានសម្រេច​ដាក់​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ ពោលគឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការសម្រេច​នេះ ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព​និង​កិច្ចសហការ​ល្អ​របស់ លោក កឹម សុខា ជាមួយ​សមត្ថកិច្ច​នាពេល​កន្លងមក​។ ប៉ុន្តែ​លោក​ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​បី​គ្រប់​សមត្ថកិច្ច​។​

​សូម​រម្លឹកថា លោក កឹម សុខា អតីត​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កម្លាំង សមត្ថកិច្ច ចាប់ខ្លួន​កាលពី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ទង្វើ​ក្បត់ជាតិ ។ ដោយ​ធ្វើតាម​បញ្ជា​របស់​សហរដ្ឋអាមេរិក ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​សើ​ប៊ី ។ លោក​កឹម សុខា ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​របស់លោក​ស្ថិតនៅ​ផ្ទះ​លេខ ៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។ ការចាប់ខ្លួន​លោក កឹម សុខា ធ្វើឡើង​បន្ទាប់ពី​វីដេអូ មួយ​ដែល​លោក កឹម សុខា បាន​និយាយ​សារភាព​កាលពី ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី ថា ខ្លួន​បានធ្វើ តាម​បញ្ជា​របស់​អាមេរិក ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​យក គំរូ ទៅនឹង​ប្រទេស​យូ​ហ្គោ​ស្លា វី និង​សើ​ប៊ី​ដែរ​៕ ល​