លោក កឹម សុខា មិន​ត្រូវបាន​បញ្ជូនមក​កាន់​សាលាឧទ្ធរណ៍​នៅថ្ងៃនេះ​ទេ​ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព

329

(​ភ្នំពេញ​)៖ ជន​ត្រូវ​ចោទ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវបាន​បញ្ជូន​មកកាន់​សាលាឧទ្ធរណ៍​ដើម្បី​ចូលរួម​ជំនុំជម្រះ​​លើ​សំណុំរឿង​ស្នើសុំ​នៅក្រៅ​ឃុំ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ នេះឡើយ ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​និង​ភាព​​មិនចាំបាច់​នៃ​វត្តមាន​របស់លោក​។​

​លោក ចាន់ គីម​សេង អគ្គនាយក​នៃ​អគ្គនាយក​ពន្ធនាគារ​រ​បស់​ក្រសួងមហាផ្ទៃ​ដ្ឋា​ន​ពន្ធនាគារ​បានបញ្ជាក់​ប្រាប់​វិទ្យុ​ជា​ភាសា​ខ្មែរ​មួយ​យ៉ាង​ដូច្នេះ​កាលពី​ល​ល្ងាចម្សិលមិញ​។​

​ចំណែក​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុ​គ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ក៏បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ហ្វ្រេស​ញូ​វ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧​ថា សមត្ថកិច្ច​និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ សម្រេច​មិន​បញ្ជូន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​​ត្បូងឃ្មុំ មកកាន់​សាលាឧទ្ធរណ៍ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​ស្នើសុំ​នៅក្រៅ​ឃុំ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ នេះឡើយ​ដោយសារ​​តែមាន​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ជនជាប់ចោទ តែ​សវនាការ​នឹង​នៅតែ​បន្តធ្វើ​ឡើងជា​ធម្មតា នៅ​ថ្ងៃស្អែក​។​

​លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានទទួល​លិខិត​ពី​សាលាឧទ្ធរណ៍​រួចហើយ​ដោយ​បញ្ជាក់ថា វត្តមាន ឬ​អវត្តមាន លោក កឹម សុខា នៅក្នុង​សវនាការ​មុន​អង្គសេចក្តី ពោលគឺ​សវនាការ​ជ​នុំ​ជម្រះ​ករណី​ស្នើសុំ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា នៅ​ថ្ងៃស្អែក​នេះ មិន​សំខាន់​នោះទេ ហើយក៏​មិន​ខុស​នីតិវិធី​ដែរ ដោយសារតែ​មិនមែនជា​សំណុំរឿង​អង្គសេចក្តី (​សំណុំរឿង​ក្បត់ជាតិ​) ដូច្នេះ​ក្រសួងមហាផ្ទៃ សម្រេច​មិន​បញ្ជូន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ មក​រាជធានី​ភ្នំពេញ​ទេ ដោយសារតែ​គិត​អំពី​បញ្ហា​សុវត្ថិភាព​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅផ្ទះ​របស់លោក​ស្ថិតក្នុង​​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោយពី​បែកធ្លាយ​វីដេអូ​មួយ​បង្ហាញថា លោក​បាន​អនុវត្តតាម​ការបញ្ជារ​បស់​បរទេស​​ដើម្បី​ដណ្តើម​អំណាច​។​លោក ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់​ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​»​ដែលជា​បទល្មើស​មួយ​ក្នុង​អំពើ​ក្បត់​​ជាតិ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​កំណត់​ការ ដាក់ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ​៕វាសនា