លោក គីម ហ៊ាង តំណាង​កម្ពុជា​ទៅ​អាម៉េរិក​សិក្សា​វិស័យ​ដីធ្លីពិភពលោក​

1117
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រោយពី​បណ្ឌិត គីម ហ៊ាង ម្ចាស់​អាជីវកម្ម​ក្រុមហ៊ុន Keller Williams Cambodia (KW-​កម្ពុជា​) បាន​ចុះហត្ថលេខា​ទិញ Master Franchise ពី​ក្រុមហ៊ុន​អាម៉េរិក Keller Williams Realty (KW) ដែលមាន មហិច្ឆតា​គ្រប់គ្រង​ទីផ្សា​ដីធ្លី​ស្រុក​ខ្មែរ​យ៉ាងហោច ៣០​ភាគរយ ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ​។

​ពេលនេះ​លោក និង ថ្នាក់ដឹកនាំ KW កម្ពុជា ១០​នាក់ តំណាង​ប្រទេស​ខ្លួន​បានធ្វើ​ដំណើរ​ទៅ ចូលរួម​កម្មវិធី MEGA CAMP 2018 នៅ​សហរដ្ឋ​អាម៉េរិក ចាប់ពី​ថ្ងៃទី​១១-១៩ ខែសីហា ឆ្នាំ​២០១៨​។​

​បណ្ឌិត គីម ហ៊ាង មាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃ​១១ ខែសីហា ថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន KW-​កម្ពុជា ចូលរួម​កម្មវិធី​រប​ស់​ក្រុមហ៊ុន​យក្ស​អាមេរិក​ខាងលើ គឺ​ដើម្បី សិក្សា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​សក្ដានុពល និង​វិធីសាស្ដ្រ​ក្រុមហ៊ុន​លំដាប់​កំពូល ពិភពលោក​នេះ សម្រាប់​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​វិស័យ​អចលនទ្រព្យ​កម្ពុជា ព្រោះ Keller Williams Realty គឺជា​ក្រុមហ៊ុន​មាន​គំរូ​អាជីវកម្ម​ស័ក្តិសម​ជាមួយ​ស្ថានភាព​ទីផ្សារ​ប្រទេស​កម្ពុជា ដែល សម្បូរ​ប្រជាជន​វ័យក្មេង ហើយ​ភ្នាក់ងារ​ជាច្រើន មិន​ទទួលបាន​ការបណ្ដុះបណ្ដាល និង​មាន អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម ដើម្បី​ទទួលបាន​ការបណ្ដុះបណ្ដាល​និង​ការរកស៊ី​ក្រោម​ដំបូល ដ៏​ធំ​របស់​ក្រុមហ៊ុន ។​

​លោក​ថា ក្រោយ KW-​កម្ពុជា បើក​ដំណើរ​នា​ឆ្នាំ​២០១៩ ក្រុមហ៊ុន​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល ដល់​បុគ្គលិក​ខ្លួន​ជា​រៀងរាល់ខែ ហើយ​ឆ្នាំ​២០២២ ក្រុមហ៊ុន​នឹង​បើក​វិទ្យាស្ថាន​ម័​យ សម្រាប់ បណ្ដុះបណ្ដាល​មនុស្ស​ទូទៅ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ក្នុង​រយៈពេល ១០​ឆ្នាំ ។ លោក​បាន បន្តថា “​គំរូ​អាជីវកម្ម ដែល​យើង​គ្រោង​បង្កើត យើង​បានកំណត់​បង្កើត​គ្រប់​ខណ្ឌ ស្រុក និង​ខេត្ត មួយ​ក្នុង​រយៈពេល ១០​ឆ្នាំក្រោយ ។ អាជីវកម្ម​យើង​ថ្ងៃក្រោយ រាល់​ការទិញ​-​លក់​ដីធ្លី យើង​នឹង មាន​ការិយាល័យ​គ្រប់​ខេត្ត​-​ក្រុង ។ អញ្ចឹង​យើង​មាន​ទស្សនៈវិស័យ​មួយ យើង​ចង់​គ្រប់គ្រង ចំណែក​មួយ នៃ​អាជីវកម្ម​ដីធ្លី​ស្រុក​ខ្មែរ​ឲ្យ​បាន​យ៉ាងហោច ៣០% ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ​” ។

​សូមបញ្ជាក់ថា កម្មវិធី MEGA CAMP 2018 ខាងលើ ក្រៅពី​ប្រតិភូ និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Keller Williams Cambodia ទាំង ១០​នាក់ ក៏មាន​សមាជិក​របស់​ក្រុមហ៊ុន Keller Williams Realty សរុប​ទាំង ៩,០០០​នាក់​ចូលរួម​ផងដែរ ដែល​នឹង​ដំណើរ​ផ្លូវការ​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៧ ខែសីហា នៅ​រដ្ឋ TEXAS ។

​ចំពោះ​កម្មវិធីសិក្សា​បែង​ចែកជា ២​វគ្គ រួម​ទី​១. វគ្គ​ពិសេស​សម្រាប់​មនុស្ស​ម្នាក់ តំណាង​ប្រទេស មួយ និង​វគ្គ​ទី​២. ផ្ដោតលើ​ដំណើរការ​អាជីវកម្មរ​បស់ Keller Williams Realty ដោយនិយាយ ពី​បច្ចេកទេស និង​វិធីសាស្ដ្រ នាំ​ឲ្យ​ក្រុមហ៊ុន​ដំណើរការបាន​ជោគជ័យ​ដោយ​អនុវត្តតាម​ស្ដង់ដារ របស់​ក្រុមហ៊ុន​រកបាន​ចំណូល​ជាង​១.០០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧ នេះ ៕ ដោយ​: បូ​រិ​ន​

#