លោក គឹម សុខ ជាប់ពន្ធនាគារ ១៨​ខែ ពិន័យ​៨​លាន​រៀល និង​សង​សំណង​៨០០​លាន​រៀល​

684

(​ភ្នំពេញ​)៖ លោក​គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ ត្រូវ​បានប្រកាស​ដាក់ពន្ធនាគា​រ​រយៈពេល​១៨​ខែ ពិន័យ​៨​លាន​រៀល​ចូល​ថវិការដ្ឋ និង​សងជំងឺចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន​៨០០​លាន​រៀល ករណី​ចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត​កែម ឡី ។​​ការប្រកាស​សាលក្រម​ធ្វើឡើង​ដោយ​លោក គី ឫទ្ធី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧​នេះ ។​

​លោក គឹម សុខ ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ ញុះញុង​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ត្រូវបាន​តុលាការ​ឃុំខ្លួន កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​សាលក្រម​នេះ បាន​ទុក​សិទ្ធិ​ឱ្យ​ភាគី​ទាំងសងខាង​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​ភាគី​ណាមួយ​កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​ការ​កាត​ក្តី​នោះ ៕​ដោយ​៖​វាសនា​