លោក គឹម សុខ បាន​បញ្ជូន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​ការអនុវត្ត​ទោស ក្នុង​ពន្ធនាគារ

760
ចែករម្លែក

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ទណ្ឌិត គឹម សុខ ត្រូវបាន​អនុរក្ស​ពន្ធនាគារ​នាំខ្លួន​មកកាន់​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា​ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​និង​ពិនិត្យ​លើ​ការអនុវត្ត​ទោស របស់លោក​ក្នុង​ពន្ធ​គារ ដើម្បី​សម្រេច​ថា​ត្រូវ​ដោះលែង ឬ​បន្ត​ឃុំខ្លួន​ទៀត​។

​គួររំលឹកថា​លោក គឹម សុខ ដែល​សាធារណជន​មួយចំនួន​ហៅថា «​អ្នកវិភាគ​សង្គម​» កាលពី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញ​ទ្ធី សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់​ចំនួន​៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​ដើមបណ្តឹង​៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍​។ ការផ្តន្ទាទោស​នេះ ធ្វើឡើង​បន្ទាប់ពី លោក គឹម សុខ បាន​ញុះញង់ និង​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី​។​

​លោក​គឹម សុខ​ក៏​នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន ពាក់ព័ន្ធ​ករណី​ដែល​អ្នកវិភាគ​រូបនេះ បាន​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិនដែល​ឃើញ​៕ ល​