លោក គួច ចំរើន នឹង​ទៅ​ជំនួស​តំណែង​លោក យន្ត មីន រីឯ​លោក អ៊ុន ចាន់​ដា នឹងទៅជាអភិបាលខេត្ត​កំពង់ចាម​

891
ចែករម្លែក

ដោយ​: ឫទ្ធិ​ស័ក្តិ​
​ភ្នំពេញ​:
យោងតាម​ប្រភព​ច្បាស់​ការណ៍​ដែល​អាច​ជឿទុកចិត្ត​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៤ ខែមិថុនា នេះ​ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានធ្វើ​លិខិតស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរ​ភារកិច្ច​លោក​គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម ទៅជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក​យន្ត មីន ដែល​បាន​សុំលាលែង​ពី​តំណែង​។

លោក​គួច ចំរើន

ប្រភព​បាន​បន្តថា ចំណែក​លោក​អ៊ុន ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ ស្នើ​ផ្ទេរ​ភារកិច្ច​ទៅជា​អភិបាលខេត្ត​កំពង់ចាម​ជំនួស​ល​លោក​គួច ចំរើន​។ រីឯ​លោក​ប្រាក់ សុវណ្ណ អភិបាលរង​ខេត្តស្វាយរៀង ត្រូវបាន​ស្នើ​ទៅជា​អភិបាលខេត្ត​ព្រះវិហារ ជំនួស​លោក​អ៊ុន ចាន់​ដា​។​

លោក​អ៊ុន ចាន់​ដា​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​២៤ ខែមិថុនា យ៉ាង​ដូច្នេះ​ថា “​ក្នុងពេល​បំពេញការងារ​នៅ​ខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បានទទួល​ស្គាល់​កំហុស​លើ​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដែល​បណ្តាលអោយ​មានរឿង​ឈឺចាប់​កើតឡើង​។ គាត់​បានស្នើ​មក​ខ្ញុំ​ដើម្បី​លាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ​។ ខ្ញុំ​បាន​យល់ព្រម​អោយ​គាត់​លាលែង​និង​បាន​ពិភាក្សា​ជាមួយ សម្តេច ស ខេង យក​ឯកឧត្តម គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម មក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ​។ ទោះជា​មានការ​រៀបចំ​បែបនេះ​ក៏ដោយ​ក៏ ឯកឧត្តម យន្ត មីន នៅ​បន្ត​ដឹកនាំ​យុទ្ធនា​ការរុករក​និង​សង្គ្រោះ​តទៅទៀត​រហូត​ចប់​កិច្ចការ​និង​អភិបាលខេត្ត​ថ្មី​ចូលកាន់​តំណែង​។ ខ្ញុំ​ក៏​សូមបញ្ជាក់ថា ថ្ងៃនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ដក ឯកឧត្តម ញឹម វណ្ណដា ចេញពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​”៕ ល​/សរន

​លោក​ប្រាក់ សុវណ្ណ