លោក ចូ​សេ ម៉ូ​រី​ញ៉ូ ផ្ទុះ​ជម្លោះ​ក្តៅគគុក​ជាមួយ​កីឡាករ​របស់ Man City បន្ទាប់ពី​ប្រកួត​ចាញ់​មេ​ឃៀវ ២-១

587

​វេ​ប​សាយ​កីឡា Press Association Sport បានឱ្យដឹងថា ជម្លោះ​បាន​ផ្ទុះឡើង​រវាង​ក្រុម Manchester City និង Manchester United បន្ទាប់ពី​ការប្រកួត​រវាង​ក្រុម​ក្បែរ​ខាង​នេះ កាលពី​ថ្ងៃអាទិត្យ ទី​១០​ធ្នូ នៅ​ទឹកដី Old Trafford​។​

​វេ​ប​សាយ​នេះ​និយាយថា ការផ្ទុះ​ជម្លោះ​ដ៏​ក្តៅគគុក​នេះ​បាន​កើតឡើង ដោយ​ពាក់ព័ន្ធ​នឹង​លោក​ចូ​សេ ម៉ូ​រី​ញ៉ូ និង​កីឡាករ​របស់ City មួយចំនួន ជាមួយ​អ្នកចាត់ការ​ទូទៅ​របស់ United រូបនេះ​បានជា​ប់​ពាក់ព័ន្ធ​នឹង​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​អ្នកចាំទី​របស់ City គឺ​កីឡាករ អេ​ឌ័​រ​សុន (Ederson)​។​

​មនុស្ស​សំខាន់ៗ​ក្នុង​ក្លិប United ហាក់ដូចជា​ខឹង​ក្តៅស្លឹកត្រចៀក​ចំពោះ​ចរិត​ដ៏​គួរឱ្យ​សង្កៀរត្រចៀក​របស់​កីឡាករ Man City ដែល​អបអរសាទរ​ជ័យជម្នះ ២-១ របស់​ពួកគេ ដោយ​ចាក់​តន្ដ្រី​ខ្លាំងៗ នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​ពួកគេ​។​

​ច្រករបៀង​ឆ្ពោះទៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​មានកា​រ​កកស្ទះ​យ៉ាងខ្លាំង នៅពេលដែល​កីឡាករ​និង​បុគ្គលិក​បានធ្វើ​ដំណើរ​ឆ្លង​កាត់​ទីនោះ បន្ទាប់ពី​ការប្រកួត ហើយ​ភាព​តានតឹង​បាន​ឈានទៅដល់​ការ​រុញ និង​ច្រាន​គ្នា​ទៅវិញទៅមក​។​

​លោក មី​គែល អា​តេ​តា (Mikel Arteta) គ្រូបង្វឹក​ជំនួយការ​របស់​ក្លិប City តាម​ដឹង​គឺ​បាន​រងរបួស​ក្បាល ខណៈដែល​លោក​ម៉ូ​រី​ញ៉ូ​ទំនង​បាន​ស្រែក​សំដៅទៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់ City​។​

​ក៏មាន​របាយការណ៍​ថា ទឹកដោះគោ និង​ទឹក​ត្រូវបាន​គេ​គប់​មកលើ​លោក​ម៉ូ​រី​ញ៉ូ​ផងដែរ​។​

​ក្លិប​ទាំងពីរ​មិនបាន​ឆ្លើយតប​ទេ នៅពេល​ទាក់ទង​ដោយសារ​ព័ត៌មាន​កីឡា Press Association Sport នៅ​ល្ងាច​ថ្ងៃអាទិត្យ​នោះ​។​

​ឧបទ្ទវហេតុ​ទាំងនេះ​បាន​កើតឡើង​បន្ទាប់ពី​ចប់​ការប្រកួត​ដ៏​ប្រទាំង​ប្រទើស​។ មានការ​ឈ្លោះប្រកែក​គ្នា​ក្នុងចំណោម​កីឡាករ ក្រោយពី Man Utd ត្រូវបាន​បដិសេធ​ការទាមទារ​បាល់​ប៉េ​ណា​ល់​ទី​នៅ​ចុង​ម៉ោង​។​

Man City បានទទួល​ជ័យជម្នះ​ជាមួយ​កីឡាករ ដេវីត ស៊ី​ល​វ៉ា និង នី​កូ​ឡាស អូ​តា​មែន​ឌី ជា​អ្នក​ស៊ុត​បញ្ចូល​ទី និង កីឡាករ ម៉ា​កូ​ស រ៉ា​ស​ស្វ៊​ត ជា​អ្នក​ស៊ុត​ឱ្យ Man Utd ។ ជ័យជម្នះ​នេះ​គឺជា​ជ័យជម្នះ​លើក​ទី ១៤ របស់​ក្រុម Manchester City នៅក្នុង​ក្របខ័ណ្ឌ Premier League ហើយ​បាន​នាំមុខគេ​ក្នុង​តារាង​ពិន្ទុ​រហូតដល់​ទៅ ១១ ពិន្ទុ​៕ ដោយ៖ កញ្ញាដាលីស

កីឡាករ Man City និង​លោក​ម៉ូ​រី​ញ៉ូ ប៉ះទង្គិច​គ្នា ក្រោយ​ចប់​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ