លោក ចូ​សេ ម៉ូ​រី​ញ៉ូ រង​ការចោទប្រកាន់ថា បាន​លួច​បន្លំ​ប្រាក់​ពន្ធ អំឡុងពេល​ដឹកនាំ​ក្លិប រៀល ម៉ា​ឌ្រី​ត​

963
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) រង​ការចោទប្រកាន់​ពីបទ​បន្លំ​ប្រាក់​ពន្ធ​ពី​រដ្ឋអាជ្ញា នៅ​ប្រទេស​អេ​ស្ប៉ា​ញ ក្នុង​ទំហំ​ទឹកប្រាក់​២,៩​លាន​ផោន អំឡុងពេល​លោក​ដឹកនាំ​ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid) ។​

​រដ្ឋអាជ្ញា​ប្រទេស​អេ​ស្ប៉ា​ញ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​បាន​ប្តឹង​គ្រូបង្វឹក​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​ចំនួន​ពីរ​ករណី​ជុំវិញ​ការលួចបន្លំ​ប្រាក់​ពន្ធ​ដែល​កើតមាន​តាំងពី​ពេល​លោក​នៅ​ដឹកនាំ​ក្លឹប Real Madrid ។​

​តាម​បណ្តឹង​របស់​រដ្ឋអាជ្ញា​ម្នាក់​នៅ​ទីក្រុង Madrid បាន​ឲ្យ​ដឹងថា​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ រូបនេះ​ជំពាក់​ប្រាក់​ពន្ធ​អាជ្ញាធរ​អេ​ស្ប៉ា​ញ​៣,៣​លាន​អឺរ៉ូ ដោយបាន​បន្ថែមថា​ខ្លួន​បានដាក់​ពាក្យ បណ្តឹង​ទៅ​តុលាការ​ក្នុង​មូលដ្ឋាន​។​

​លោក ម៉ូ​រី​ញ៉ូ បាន​ចាក​ចេញពី​ក្លឹប Real Madrid កាលពី​ឆ្នាំ​២០១៣ មក​ដឹកនាំ​ក្លឹប​ឆេ​ល​ស៊ី​ជា​លើក​ទី​២ មុនពេល​ផ្ទេរ​មកកាន់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កាលពី​ឆ្នាំមុន​។​

​ក្រុម​រដ្ឋអាជ្ញា​បាន​និយាយថា លោក​ខកខាន​មិនបាន​ប្រកាស់​ប្រាក់ចំណូល​នៅក្នុង​សេចក្តីប្រកាស​ពន្ធ លើ​ប្រាក់ចំណូល​របស់​អេ​ស្ប៉ា​ញ​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១២​ដោយមាន​បំណង​ទទួលបាន​ផលចំណេញ ដោយ​ទុច្ចរិត​។​

​ក្រុម​រដ្ឋអាជ្ញា​បន្តថា លោក ម៉ូ​រី​ញ៉ូ ធ្លាប់​ដោះស្រាយ​បណ្តឹង​កន្លងមក​ទាក់ទិន​ការបន្លំ​ប្រាក់​ពន្ធ ដែល​បណ្តាល​ឲ្យ​មានការ​ពិន័យ​ប្រាក់​១​លាន​ផោន​កាលពី​ឆ្នាំ​២០១៤​។ ប៉ុន្តែ​ក្រោយមក​អាជ្ញាធរ គ្រប់គ្រង​ប្រាក់​ពន្ធ​បាន​រកឃើញថា ព័ត៌មាន​ខ្លះ​ក្នុងចំណោម​ព័ត៌មាន​ដែល​លោក​ដាក់ជូន​ក្នុង ការ​ទូរ​ទាត់​នោះ​មិន​ត្រឹមត្រូវ​។​

​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា បណ្តឹង​នេះ​កើតមាន​ចំពេល​មានការ​ចោទប្រកាន់​ពី​ការបន្លំ​ប្រាក់​ពន្ធ​ជា​បន្ត​បន្ទាប់ពី​សំណាក់​កីឡាករ​ល្បីៗ​នៅ​អេ​ស្ប៉ា​ញ​៕

​ចំណងជើង​រូប​: គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)