លោក ច​ច គ្លូ​នី ប្តេជ្ញា​ប្តឹង​ទស្សនា​វ​ដ្តី​បារាំង ជុំវិញ​រឿង អ្នកប្រមាញ់​រូបថត​តោង​របង​ផ្ទះ តោង​ដើមឈើ លួច​ថត កូនភ្លោះ​របស់គាត់​

948
ចែករម្លែក

​លោក​ច​ច គ្លូ​នី កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កក្កដា បាន​និយាយថា លោក​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​ទស្សនា​វ​ដ្តី​មួយ ដែល​ចេញផ្សាយ​រូបថត​កូនភ្លោះ​ទើប​កើត​របស់គាត់​។ តារា​សម្តែង​ក្នុង​រឿង “Ocean’s Eleven” និយាយថា អ្នក​ថតរូប​មកពី​ទស្សនា​វ​ដ្តី Voici “​បាន​តោង​របង​ផ្ទះ​របស់​យើង តោង​ដើមឈើ​របស់​យើង និង​ថតរូប​កូនង៉ែត​របស់​យើង​ដោយ​ខុសច្បាប់​នៅក្នុង​ផ្ទះ​យើង​”​។​

​លោក​គ្លូ​នី​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា អ្នក​ថតរូប និង​ទស្សនា​វ​ដ្តី “​នឹងត្រូវ​កាត់ទោស​តាមច្បាប់​ពេញលេញ​។ សុវត្ថិភាព​កូន​របស់​យើង​គឺ​ទាមទារ​ឱ្យមាន​ការកាត់ទោស​បែប​នេះ​”​។​

​លោក​គ្លូ​នី និង ប្រពន្ធ​ជា​មេធាវី​របស់គាត់ ឈ្មោះ អា​ម៉ា​ល់ បានប្រកាស​ពី​ការ​ប្រសូត​កូនភ្លោះ ប្រុស​ស្រី ឈ្មោះ អា​ឡិច​សាន់​ឌ័​រ និង អែល​ឡា កាលពី​ខែមិថុនា ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត រូបថត ឬ កិច្ចសម្ភាសន៍​អំពី​កូនភ្លោះ​នោះទេ​។

​ទស្សនា​វ​ដ្តី Voici កាលពី​ថ្ងៃ​សុក្រ​បានចេញ​ផ្សាយ​រូបថត​របស់​លោកស្រី​អា​ម៉ា​ល់ និង​លោ​កច​ច គ្លូ​នី ស្លៀកពាក់​ឈុត​ហែល​ទឹក ដោយ​បីកូន​ម្នា​ក់មួយ​។ ពួកគេ​ទំនង​កំពុង​ដើរលេង​ក្នុង​សួនច្បារ ក្នុង​អ្វីដែល​ទស្សនា​វ​ដ្តី​បារាំង​នោះ​និយាយថា ជា​វីឡា​របស់លោក​គ្លូ​នី​នៅក្បែរ​បឹង​កូ​ម៉ូ ក្នុងប្រទេស​អ៊ីតាលី​។ ទស្សនា​វ​ដ្តី Voici មិនទាន់បាន​ឆ្លើយតប​នៅឡើយ​ទេ​អំពី​សំណើសុំ​ការអធិប្បាយ​។​

​ទារក​ភ្លោះ​នេះ​គឺជា​កូន​ដំបូង​របស់​ប្តី​ប្រពន្ធ​នេះ ដែល​រៀបការ​នៅ​ទីក្រុង​វេ​នី​ស ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ ២០១៤ ក្នុង​ពិធី​រៀបការ​ដ៏​ធំ​មួយ ប៉ុន្តែ​បាន​ព្យាយាម​រក្សា​ជីវិត​បែប​ឯកជន​តាំងពី​ពេលនោះ​មក​៕ ដោយ៖ កញ្ញាដាលីស

លោក ច​ច គ្លូ​នី និង ភរិយា លោកស្រី អា​ម៉ា​ល់