លោក ច​ន បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ដូ​ណា​ល់ ត្រាំ ជាម​នុស្ស ដែល​តែងតែ​ធ្វើឱ្យ​កូរ៉េខាងជើង​ខឹងសម្បារ​

3771
ចែករម្លែក

​លោក ច​ន បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ដូ​ណា​ល់ ត្រាំ ដែល​គេ​ស្គាល់​ចំពោះ​ពុកមាត់​កាច និង​សម្តី​មិន​ញញើត​របស់គាត់​នោះ ឥឡូវនេះ​កំពុង​ធ្វើឱ្យ​ខ្លួនឯង​ប្រទាំង​ប្រទើស​ក្នុង​ក្រសែភ្នែក​របស់​កូរ៉េខាងជើង ខណៈ​ព្យុងយ៉ាង​មានការ​ខកចិត្ត​ជាខ្លាំង​ចំពោះ​ការលើកឡើង​របស់លោក​ថា ខ្លួន​ធ្វើតាម​លំនាំ​នៅ​លី​ប៊ី​លើ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

​នេះ​គឺជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត​នៅក្នុង​ការជានាគ្នា​បណ្តោះអាសន្ន ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី ៨ មីនា នៅពេលដែល​លោក​ប្រធានាធិបតី​ត្រាំ​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​ពិភពលោក ដោយ​និយាយថា លោក​ត្រៀមខ្លួន​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​

​កាលពី​ថ្ងៃ​ពុធ​ទី​១៦​ឧសភា របប​គីម​ជុង​អ៊ុន​បាន​សម្តែង​ការស្រងាកចិត្ត​របស់ខ្លួន និង​គំរាម​លុបចោល​ជំនួប​កំពូល​ដែល​គេ​រំពឹងទុក​ខ្ពស់ រវាង​មេដឹកនាំ​ជា​គូបដិបក្ខ​នឹង​គ្នា​ទាំង​២​រូបនេះ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ១២ មិថុនា​នៅ​ប្រទេស​សិង្ហ​បុរី​។​

​កូរ៉េខាងជើង ប្រុងប្រយ័ត្ន​ណាស់​ដោយ​មិន​រិះគន់​ចំៗ​លើ​លោក​ត្រាំ​ទេ ជំនួស​មកវិញ​បាន​វាយប្រហារ​ទៅលើ​លោក​បូល​តុ​ន ជា​អ្នកគាំទ្រ​អភិរក្សនិយម​ម្នាក់ ដែល​កាលពីមុន​ធ្លាប់​តស៊ូ​មតិ​ចំពោះ​សកម្មភាព​យោធា​អាមេរិក​នៅលើ​ឆាក​អន្តរជាតិ​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​ទីមួយ​លោក​គីម ក្យេ​ក្វាន់ និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​ថា “​យើង​បានដឹង​ច្បាស់​អំពី​គុណភាព​របស់​បូល​តុ​ន​កាលពី​អតីត​រួចទៅហើយ ហើយ​យើង​មិន​លាក់​បំបាត់​អារម្មណ៍​នៃ​ការ​ស្អប់ខ្ពើម​របស់​យើង​ចំពោះ​គាត់​នោះទេ​”​។​

​ខណៈដែល​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ​សំឡេង​របស់​ព្យុងយ៉ាង គេ​នៅ​មិនទាន់​ដឹង​ច្បាស់ ប៉ុន្តែ​ហេតុការណ៍​នេះ​បាន​គូសបញ្ជាក់​ច្បាស់​អំពី​ភាពខុសគ្នា​នៃ​វិធីសាស្ត្រ​ក្នុង​រង្វង់​ដឹកនាំ​ផ្ទៃក្នុង​របស់​ត្រាំ​។​

​លោក​បូល​តុ​ន ដែល​ចូលកាន់​តំណែង​មិនទាន់បាន​២​ខែ​ផង​នេះ មិនមែនជា​រឿង​ថ្មី​សម្រាប់​កូរ៉េខាងជើង​ឡើយ​។ ជា​មន្ត្រី​មួយរូប​ក្នុង​រដ្ឋបាល​របស់លោក​ច​ច ដាប់​ប​ល​យូ ប៊ូ​ស គាត់​ធ្លាប់​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​ហៅ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០ ថា “​មនុស្ស​ថោកទាប​” និង “​សត្វ​ជញ្ជក់​ឈាម​”​។​

​មុនពេល​ចូលរួម​ជាមួយ​រដ្ឋបាល​បច្ចុប្បន្ន អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​រូបនេះ​បាន​និយាយ​ការពារ​ជម្រើស​នៃ​ការវាយប្រហារ​ជាមុន​ទៅលើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ថា​ជា​ជម្រើស “​ស្របច្បាប់​ល្អឥតខ្ចោះ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ច​ន បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ដូ​ណា​ល់ ត្រាំ