លោក ច​ន ម៉ាក​ខេន រង់ចាំតែ​ថ្ងៃ​ស្លាប់ ខណៈ​រូបលោក​សម្រេចចិត្ត​ជ្រើសរើស​បញ្ឈប់​ការព្យាបាល​ជំងឺមហារីក​ខួរក្បាល​

767
ចែករម្លែក

​គ្រួសារ​របស់គាត់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​សីហា​ថា ព្រឹទ្ធសមាជិក​មកពីរ​ដ្ឋ​អា​រី​ហ្សូ​ណា លោក ច​ន ម៉ាក​ខេន លែង​បន្ត​ការព្យាបាល​ជំងឺមហារីក​ខួរក្បាល​ទៅហើយ ដែល​នេះ​ទំនងជា​បង្ហាញថា​វីរបុរស​សង្គ្រាម អតីត​បេក្ខជន​ប្រធានាធិបតី និង​ជា​សមាជិកសភា​ឈានមុខ​គេ​ជា​យូរ​ឆ្នាំ​ជិត​ឈានដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់គាត់​ហើយ​។​

​គ្រួសារ​គាត់​បាន​និយាយថា លោក​ម៉ាក​ខេន​បាន​នៅរស់​លើសពី​ការរំពឹងទុក ប៉ុន្តែ “​ការវិវត្ត​នៃ​ជំងឺ​និង​ភាព​ចាស់ជរា​បាន​រារាំង​ការរំពឹងទុក​នៃ​ការពន្យា​ជីវិត​។ ជាមួយនឹង​កម្លាំង​ឆន្ទៈ​ជាទូទៅ​របស់គាត់ ឥឡូវនេះ​គាត់​បានជ្រើសរើស​បញ្ឈប់​ការព្យាបាល​”​។

​ព្រឹទ្ធសមាជិក​បក្ស​សាធារណរដ្ឋ​៦​អាណត្តិ ដែល​នឹង​ឈានចូល​វ័យ ៨២ ឆ្នាំ​នៅ​សប្តាហ៍​ក្រោយ​រូបនេះ បាន​នៅ​ឆ្ងាយ​ពី​វិមាន​កា​ពី​តូ​ល​តាំងពី​ខែធ្នូ​ឆ្នាំមុន​។ ប្រសិនបើ​គាត់​លាលែង​ពី​អាសនៈ​របស់គាត់​ឬ​ស្លាប់​ឆាប់ៗ​នេះ អភិបាលរដ្ឋ​អា​រី​ហ្សូ​ណា​របស់​បក្ស​សាធារណរដ្ឋ លោក ដូ​ក ដូ​ស៊ី នឹងត្រូវ​ចូលមក​ជំនួស​អាសនៈ​របស់គាត់​រហូតដល់​ការបោះឆ្នោត​ឆ្នាំ ២០២០​។ ជ័យលាភី​នៃ​ការបោះឆ្នោត​នឹង​បន្ត​អាសនៈ​របស់លោក​ម៉ាក​ខេន​រហូតដល់​ឆ្នាំ ២០២២​។​

​ក្នុង​រយៈពេល​ជាង​៣​ទសវត្សរ៍​នៅក្នុង​សភា លោក​ម៉ាក​ខេន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកនយោបាយ​ដែលមាន​ឆន្ទៈ​ប្រកាន់ខ្ជាប់​នូវ​ការវិនិច្ឆ័យ​របស់គាត់​ជាជាង​ស្រប​ជាមួយ​មេដឹកនាំ​គណបក្ស​ដែលជា​ចរិតលក្ខណៈ​ឯករាជ្យ​មួយ ទទួលបាន​ទាំង​សេចក្តី​គោរព​និង​សេចក្ដី​ទោសៈ​។​

​ថ្មីៗ​បំផុត​នេះ គាត់​បាន​ក្លាយជា​បន្លា​នៅក្នុង​កែវភ្នែក​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​បន្ត​ការរិះគន់​របស់គាត់​ទៅ​លើ​សេត​វិមាន សូម្បីតែ​កំពុង​ទទួល​ការព្យាបាល​ជំងឺមហារីក​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​រដ្ឋ​អា​រី​ហ្សូ​ណាក៏ដោយ​។​

​កាលពី​ខែកក្កដា លោក​ម៉ាក​ខេន​រិះគន់​យ៉ាង​ចាស់ដៃ​អំពី​កិច្ចប្រជុំ​កំពូល​របស់លោក​ត្រាំ ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ដោយ​ហៅ​កិច្ចប្រជុំ​នោះ​ថា​ជា “​កំហុស​គួរឱ្យ​ខ្លោចផ្សា​” និង “​ជាការ​ដឹកនាំ​ដ៏​អាម៉ាស់​បំផុត​មួយ​របស់​ប្រធានាធិបតី​អាមេរិក​ក្នុង​ប្រវត្តិសាស្ត្រ​”​។​

​ទំនាក់ទំនង​ដ៏​តឹងតែង​រវាង​លោក​ត្រាំ​និង​លោក​ម៉ាក​ខេន​បានចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ ២០១៥ នៅពេលដែល​លោក​ត្រាំ​បាន​លើកឡើងថា អតីត​ទាហាន​ជើងចាស់​សម័យ​សង្គ្រាម​វៀតណាម ដែល​ជាក់​គុក​ជាង ៥ ឆ្នាំ​នៅក្នុង​ពន្ធនាគារ​វៀតណាម​ខាង​ជើង បន្ទាប់ពី​យន្តហោះ​កងទ័ពជើងទឹក​របស់​គាត់​ត្រូវបាន​បាញ់​ធ្លាក់​នោះ មិនមែនជា​វីរបុរស​សង្គ្រាម​ទេ​។​

​ជម្លោះ​រវាង​អ្នក​ទាំង​២​នៅតែ​បន្ត​មាន​ដដែល​សូម្បី​ដល់​គ្រា​ចុងក្រោយ​នៃ​ស្ថានភាព​សុខភាព​យ៉ាប់យ៉ឺន​របស់លោក​ម៉ាក​ខេន​។ ខណៈ​មេដឹកនាំ​នយោបាយ​បក្ស​ទាំង​២​បាន​សម្តែង​ការគោរព​ដល់​លោក​ម៉ាក​ខេន និង បន់ស្រន់​ដល់​គាត់​កាលពី​ថ្ងៃ​សុក្រ លោក​ត្រាំ​និង​សេត​វិមាន​បន្ត​នៅ​ស្ងាត់ស្ងៀម​។ លោក​ត្រាំ​មិនបាន​និយាយ​អំពី​ឈ្មោះ​ម៉ាក​ខេន ឬ ការបោះឆ្នោត​គាំទ្រ​ការថែទាំ​សុខភាព​ទេ នៅក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​សុក្រ​នៅ​ពិធី​រៃអង្គាស​មូលនិធិ​មួយ​នៅក្នុង​រដ្ឋ​អូ​ហៃ​យ៉ូ​៕ ដោយ៖ កញ្ញាដាលីស

លោក ច​ន ម៉ាក​ខេន