លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និយាយ​ពីបទ​ចម្រៀង «​អន្លង់វែង​ស្នេហា​» និង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​»

807
ចែករម្លែក

១)​លោក​ឆាំង​យុ​តើ​លោក​អាច​ប្រាប់​ទស្សនិកជន​របស់​យើង​បន្ថែមទៀត​អំ​ពីបទ​ចម្រៀង​ទាំងពីរ​បទ​នេះ បានដែរ​ឬទេ​?

បទ​ចម្រៀង​ទាំងពីរ​បទ​នេះ និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​ដោ​យេ​លាក ស៊ុំ សារឿន អតីត​អ្នកចម្រៀង​ជើងចាស់​ម្នាក់​នឹង​ក៏​ជា​អតីត​អ្នកនិពន្ធ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​។ បទ​ចម្រៀង​ទាំងពីរ​បទ​នេះ​បាន​ផ្តោតលើ​សាច់រឿង​ពីរ​ខុសពី​គ្នា ក៏ប៉ុន្តែ​មាន​លក្ខណៈ​ស្រដៀង​គ្នា ដែល​តំណាង​ឲ្យ​ក្តី​ស្រឡាញ់​ចំពោះ​ប្រទេស​កម្ពុជា និង​ឥទ្ធិពល​ទៅលើ​សហគមន៍ និង​អត្តសញ្ញាណ​ជាតិ ប្រវត្តិសាស្ត្រ នយោបាយ និង​វប្បធម៌​។ ចម្រៀង​ទាំងពីរ​បទ​នេះ រៀបរាប់​អំពី​សេចក្តីស្នេហា​រវាង​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ ដែលមាន ក្តី​ស្នេហ៍​ជាមួយនឹង​គ្នា​។ រៀបចំ​ការផលិត​ដោយ សន ប៊ុន​ស៊ីម ប្រធាន​ផលិតកម្ម តន្ត្រី​ឥន្ទធនូ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ខ្ញុំបាទ សូម​ផ្ញើ​បទ​ចម្រៀង​ទាំងពីរ​បទ​នេះ ជូន​ដល់​អ្នកស្រុក​អន្លង់វែង​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ធ្វើ​ឲ្យ​មាន​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ នៅក្នុង​ប្រទេស​កម្ពុជា របស់​យើង​។

​បទ​ចម្រៀង​ទីមួយ​គឺ «​អន្លង់វែង​ស្នេហា​» ច្រៀង​ដោយ ឌី ថា​រ៉េ​ន បាន​បរិយាយ​អំពី​សាច់រឿង របស់​បុរស ម្នាក់​ដែលជា​អតីត​យោធា​ខ្មែរក្រហម ហើយ​បាន​លង់​ស្នេហ៍​លើ​ស្ត្រី​ម្នាក់​។ ស្ត្រី​រូបនោះ​គឺ​តំណាង​ឲ្យ ប្រទេស​កម្ពុជា​។ បុរស​ដែលជា​អតីត​យោធា​ខ្មែរក្រហម បាន​សុខចិត្ត​ទម្លាក់អាវុធ​ចុះ ដើម្បី​មក​រួមរស់​ជាមួយ​នារី​ដែល​ខ្លួន​ស្រឡាញ់ និង​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត ចំពោះ​សេចក្តីស្នេហា​របស់ខ្លួន​។ នារី​ដ៏ ស្រស់​សោភា​បាន​សន្យាថា​មាន​សេចក្តីស្នេហា ប៉ុន្តែ​មិនបាន​ប្តេជ្ញា​ចិត្តនឹង​លះបង់ ចំពោះ​សេចក្តីស្នេហា​នោះឡើយ​។ ដូច្នេះហើយ​នាង​ត្រូវបាន​ប្រៀបប្រដូច​ទៅនឹង​ពពក​នៅក្នុង​វប្បធម៌​ខ្មែរ​។ ពពក​មាន​ភាព ស្រស់ស្អាត និង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ប៉ុន្តែ​ពពក​នោះ​ក៏​អាច​ប្រែ​ទៅជា​ព្យុះភ្លៀង​មួយ​រំពេច​។ នៅពេល ដែល​ទឹកភ្លៀង​ធ្លាក់​ដល់​ដី វា​នឹង​ប្រែ​ទៅជា​ភក់ជ្រាំ​។ សាច់​រឿងនេះ​តំណាង​ឲ្យ​តំបន់​អន្លង់វែង ដែលជា ទីតាំង​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម ហើយ​ដែល​បាន​ទម្លាក់អាវុធ​ចុះ និង​ប្តេជ្ញាចិត្ត​រួមរស់ ក្នុង​សង្គមជាតិ ដោយ​ជំនួស​ឲ្យ​ការសន្យា​មួយ​។ បទ​ចម្រៀង​នេះ បាន​បង្ហាញថា​ការសន្យា មិនត្រូវ​បាន បំពេញ​នោះទេ​។

​បទ​ចម្រៀង​ទី​ពីរ​គឺ «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» ច្រៀង​ដោយ ស៊ុន ស្រី​ពេជ្រ គឺមាន​គោល​គំនិត​តែមួយ​ប៉ុន្តែ​ប្តូរ តួអង្គ​វិញ​ម្តង​។ តួអង្គ​ស្ត្រី គឺ​តំណាង​ឲ្យ​អតីត​យោធា​ខ្មែរក្រហម ចំណែកឯ​ប្រទេស​កម្ពុជា​គឺជា​តួអង្គ បុរស​។ ស្ត្រី​ម្នាក់​ដែល​តំណាង​ឲ្យ​អតីត​យោធា​ខ្មែរក្រហម មាន​អារម្មណ៍​ថា ព្រហ្ម​លិខិត​បានកំណត់​ឲ្យ​ខ្លួន​ជួប​បុរស​ម្នាក់​ដែលជា​អ្នកទីក្រុង ហើយ​នាង​គឺជា​អ្នក​រស់​ក្នុងព្រៃ​នៅ​ស្រុក​អន្លង់វែង​។ អ្នក​ទាំងពីរ បាន​ជួបគ្នា​នៅលើ​ភ្នំ​ដងរែក​ដោយសារ​ទេវតា​បាន​ចារ​ទុក​មក​។ បទ​ចម្រៀង​ទី​ពីរ​នេះ បាន​ផ្លាស់ប្តូរ​វេន​ជា​និមិត្តរូប​។ បុរស​គឺជា​ឥន្ទធនូ ដែល​នារី​រូប​នោះបាន​ស្ងើចសរសើរ និង​គយគន់​មិនចេះ​នឿយណាយ​។ ប៉ុន្តែ​ឥន្ទធនូ​ក៏បាន​រលាយបាត់​រូប​ទៅវិញ បន្ទាប់ពី​រដូវវស្សា​បាន​បញ្ចប់ ដោយ​ទុក​ឲ្យ​នារី​រូបនោះ​រស់នៅ​កំព្រា​ឯកោ​តែម្នាក់ឯង​។ បទ​ចម្រៀង​នេះ គឺជា​ន័យធៀប​ទៅនឹង​ការតស៊ូ​របស់​ស្រុក​អន្លង់វែង ដើម្បី​ផ្សះផ្សា​ជាមួយ​ប្រទេសជាតិ​។ តំបន់​អន្លង់វែង​មាន​ភក្តីភាព​ចង់​រួម​រស់នៅ​ជាមួយ​ប្រទេសជាតិ ដូចគ្នា​ទៅនឹង​នារី​ដែល​ប្រាថ្នា​ចង់​រស់នៅ​ជាមួយ​បុរស​ដែលជា​ឥន្ទធនូ​នោះដែរ​។ ប៉ុន្តែ​ឥន្ទធនូ​បាន​រសាត់​ទៅតាម​ទឹកភ្លៀង ហើយ​នារី​នោះ​ត្រូវបាន​បង្ខំចិត្ត​បោះបង់ចោល និង​តស៊ូ​ជម្នះ​រស់នៅ​ដោយ​ខ្លួនឯង​វិញ​។

​តំបន់​អន្លង់វែង​ត្រូវបាន​លើកទឹកចិត្ត ឲ្យ​បន្តដំណើរ​ទៅមុខទៀត​។ នៅពេលដែល​កត្តាសេដ្ឋកិច្ច បាន​បង្វែរ​ការចាប់អារម្មណ៍​របស់​រាជរដ្ឋាភិបាល ឲ្យ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ស្រុក​អន្លង់វែង តំបន់​នេះ​បាន​បាត់បង់​អត្តសញ្ញាណ​រប​ស់​ខ្លួន​។ មនុស្ស​ជំនាន់​ក្រោយ ជាពិសេស​យុវវ័យ​ដែល​បានកើត​នៅក្នុង​ស្រុក​អន្លង់វែង​មិន​យល់​អំពី​សារសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​របស់​ស្រុក​អន្លង់វែង ឬ​តំបន់​ផ្សេងទៀត ហើយ​មានការ​ភ័ន្តច្រឡំ​នៅពេលដែល​ខ្លួន​បាន​ស្តាប់ឮ​ការពិភាក្សា​អំពី​របប​ខ្មែរក្រហម​។

​ប្រទេស​កម្ពុជា​បាន​បោះជំហាន​ចាកចេញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ ការប្តេជ្ញាចិត្ត​និង​ការយកចិត្តទុកដាក់​ចំពោះ​តំបន់​ខ្មែរក្រហម​ជាច្រើន​បាន​រសាត់​និង​សាបរលាប​ទៅ​បន្តិច​ម្តងៗ ដោយសារតែ​មានការ​ផ្លាស់​ប្តូរ​ការយកចិត្តទុកដាក់​របស់​ប្រទេសជាតិ​ដែរ​។

​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ព្យាយាម​នាំយក​ប្រវត្តិសាស្ត្រ​ជូន​សាធារណជន​តាមរយៈ​ការអប់រំ សិល្បៈ ចម្រៀង និង​វប្បធម៌​។ បេសកកម្ម​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង គឺ​ដើម្បី​ផ្សារភ្ជាប់​សហគមន៍​ដែល​មិន​ត្រឹមតែ​សម្រាប់​ការយល់ដឹង​អំពី​ប្រវត្តិសាស្ត្រ តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​បង្កើត​គំនិត​ថ្មីៗ និង​ល្អៗ សម្រាប់​បុគ្គល​ម្នាក់ៗ សហគមន៍ និង​អត្តសញ្ញាណ​ជាតិ​ទៀតផង​។​

​តើ​បទ​ចម្រៀង​ទី​ពីរ «​គ្មាន​ឥន្ទធនូ​ស្នេហ៍​» មាន​អត្ថន័យ​ដូចម្តេច​?

​ដូច​បទ​ចម្រៀង​«​អន្លង់វែង​ស្នេហា​»​ដែរ គោលបំណង​នៃ​ការផលិត​បទ​ចម្រៀង «​គ្មាន​ឥន្ទធនូ​ស្នេហ៍​»​នេះ គឺ​ដើម្បី​ចូលទៅក្នុង​ទឹកចិត្ត​និង​ព្រលឹង​របស់​ប្រជាជន នៅក្នុង​ស្រុក​អន្លង់វែង​។

​បទ​ចម្រៀង​នេះ​គឺជា​សារ​មួយ សម្រាប់​អធិប្បាយ​អំពី​ការតស៊ូ​ជម្នះ​របស់​ប្រទេស​កម្ពុជា ជាមួយនឹង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ឯង តាមរយៈ​សាច់រឿង​របស់​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​។ បទ​ចម្រៀង​នេះ គឺជា​សាច់រឿង​ដែល​បង្ហាញ​អំពី​ថា​តើ​ប្រទេស​កម្ពុជា​នៅ តែ​បន្ត​ស្វែងរក​ចម្លើយ ទៅនឹង​អតីតកាល​ដ៏​សែន​ត្រដាបត្រដួស​របស់ខ្លួន​យ៉ាងដូចម្តេច ហើយ​ថា​តើ​ទស្សនៈ និង​ការប្តេជ្ញាចិត្ត​រវាង​អតីតកាល​និង​អនាគត​កាលដែល​ប្រកបទៅដោយ​ភាព​សម្បូណ៌​បែប​និង​ខ្សត់ខ្សោយ ប្រពៃណី​និង​ទំនើបនិយម អាច​ផ្សះផ្សា​បាន​តាមរយៈ​ការ​ជា​គ្នា​ឡើងវិញ និង​ការស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​បាន​យ៉ាងដូច​ម្តេចទៅ​។

​បទ​ចម្រៀង​ទាំងពីរ​នេះ គឺជា​ការបង្ហាញ​ពី​ក្តី​ស្រមើស្រមៃ​របស់​មនុស្សជាតិ ចំពោះ​អ្វី​អាច​កើតមានឡើង ប្រសិនបើ​យើង​មានការ​ប្តេជ្ញាចិត្ត ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ មានចិត្ត​ល្អ​ប្រពៃ និង​តាំងចិត្ត​មោះមុត​។

​បទ​ចម្រៀង​ទីមួយ​គឺ​«​អន្លង់វែង​ស្នេហា​» បាន​រៀបរាប់​អំពី​បុរស​ម្នាក់ ដែល​តំណាង​ឲ្យ​អតីត​យោធា​ខ្មែរក្រហម ដែល​បាន​លង់​ស្នេហ៍​លើ​នារី​ដ៏​ស្រស់​ផូរផង់ ដែល​តំណាង​ឲ្យ​សង្គម​កម្ពុជា​ទំនើប នាពេល​បច្ចុប្បន្ន​។ បុរស​យោធា​ខ្មែរក្រហម​បាន​បោះបង់ចោល​ការតស៊ូ​រប​ស់​ខ្លួន​។ ផ្ទុយទៅវិញ នារី​ក្នុង​ក្តី​ស្រមៃ​របស់ខ្លួន មិនបាន​បង្ហាញ​ការប្តេជ្ញាចិត្ត ចំពោះ​សេចក្តីស្នេហា​ដ៏​ផ្អែមល្ហែម មួយ​នោះឡើយ​។ នាង​ត្រូវបាន​ពង្វក់​ដោយ​សង្គម​សម័យ​ទំនើប​ពោរពេញ​ទៅដោយ​សំភា​រះ​និយម ហើយ​សោះអង្គើយ​ចំពោះ​សេចក្តីស្នេហា​ដ៏​បរិសុទ្ធ​នោះ​ទៅវិញ​។

​ប្រសិនបើ​អ្នក​ជំនួស​តួអង្គ​យោធា​ខ្មែរក្រហម​ម្នាក់នេះ ទៅជា​យោធា​ផ្តាច់ខ្លួន​ខ្មែរក្រហម ហើយ​ជំនួស​តួអង្គ​ស្ត្រី ដោយ​ប្រទេស​កម្ពុជា​សម័យ​ទំនើប ពេលនោះ​អ្នកនឹង​យល់​អំពី​និមិត្តរូប​នៃ​បទ​ចម្រៀង​នេះ ថា​តើ​បទ​ចម្រៀង​នេះ​ផ្តោត​សំខាន់ ទៅលើ​គោល​គំនិត​សំខាន់ៗ​ជាច្រើន ដែល​ទាក់ទង​ទៅនឹង​ប្រវត្តិសាស្ត្រ សហគមន៍​អន្លង់វែង​។​

២) បទ​ចម្រៀង​ទី​១ «​អន្លង់វែង​ស្នេហា​» ភាគច្រើន​ដូចជា​បទ​ចម្រៀង​ស្នេហា និង​ពិពណ៌នា​អំពី​តំបន់​អន្លង់វែង និង​ទីបញ្ជាការ​របស់ តា​ម៉ុក នៅលើ​កំពូលភ្នំ​។ ខ្ញុំ​ឆ្ងល់​ណាស់​ថា​តើ​លោក​គិតថា​បទ​ចម្រៀង​នេះ​នឹង​ផ្សារភ្ជាប់​ប្រជាជន​កម្ពុជា​ទៅនឹង​ទៅ​ទីកន្លែង​នោះ​យ៉ាងដូចម្តេច​? ហើយ​ថា​តើ​អតីត​យោធា​ខ្មែរក្រហម​និង​អតីត​មេដឹកនាំ​ខ្មែរក្រហម​រស់នៅ​ទីនោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​យ៉ាងដូចម្តេច​? តើន​រណា​ជា​តួអង្គ​ស្ត្រី​នៅក្នុង​បទ​ចម្រៀង ដែល​អ្នកនិពន្ធ​បាន​សរសេរ​? តើន​រណា​ជា​តួអង្គ​បុរស​នៅក្នុង​បទ​ចម្រៀង​នេះ​ដែល​អ្នកនិពន្ធ​ចង់បង្ហាញ​?

​ដូចដែល​បាន​ជម្រាបជូន​ខាងលើ តួអង្គ​ស្ត្រី​គឺជា​សង្គម​កម្ពុជា​សម័យ​ទំនើប​នេះ ដែល​ប្រៀបដូចជា​ដុំ​ពពក ហើយ​កំពុងតែ​ប្រឡោម​លួងលោម និង​ទាក់ទាញ​ដោយសារតែ​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​និង​សម្ភារ​និយម ហើយ​កំពុងរ​សាត់អណ្តែត​បាត់​ទៅវិញ ដោយសារតែ​ដុំ​ពពក​នោះ បាន​ហោះហើរ​ទៅតាម​ការប្រែប្រួល​អាកាសធាតុ និង​វាយោ​បោកបក់​។

៣) តើ​ចម្រៀង​ទាំងពីរ​បទ​នេះ អាច​ព្យាបាល​របួស​ផ្លូវចិត្ត​ពី​អតីតកាល​បាន​យ៉ាងដូចម្តេច​? ហេតុអ្វី​បានជា​ចម្រៀង​នេះ​អាច​ព្យាបាល​របួស​ផ្លូវ​ចិត្តបាន​?

​បទ​ចម្រៀង គឺជា​មធ្យោបាយ​មួយ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​គ្នា រវាង​ទស្សនវិជ្ជា សីលធម៌ និង​សោភ័ណភាព​។ សម្រាប់​មនុស្សជាតិ បទ​ចម្រៀង​អាច​តំណាង​ឲ្យ​មនោសញ្ចេតនា​របស់​មនុស្ស​ទាំងអស់ និង​លក្ខខណ្ឌ​ទាំងឡាយ ដែល​បង្ហាញ​អំពី​សេចក្តី​ល្អ​និង​សេចក្តី​អាក្រក់ សន្តិភាព​និង​ភាព​ហិង្សា ភាព​រីកចម្រើន​និង​ភាពក្រីក្រ ភាព​រស់រានមានជីវិត​និង​សេចក្តីស្លាប់​។

​បទ​ចម្រៀង​ទាំងពីរ​នេះ គឺ​សម្រាប់​ប្រាប់​ដល់​ការតស៊ូ​របស់​ប្រទេស​កម្ពុជា ក្នុងការ​ស្វែងរក​ការផ្សះផ្សា ដែល​មិន​ត្រឹមតែ​សម្រាប់​ខ្លួនឯង ប៉ុន្តែ​សម្រាប់​អតីតកាល​និង​អនាគតកាល​ទៀតផង​។ បទ​ចម្រៀង​នេះ ក៏មាន​គោលបំណង ដើម្បី​អប់រំ​អំពី​ការតស៊ូ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា និង​ជម្រុញ​ឲ្យ​ប្រទេស​កម្ពុជា ព្យាយាម​រិះរក​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​ជៀសវាង​ការដើរតាម​គន្លង​ចាស់​នៃ​ប្រវត្តិសាស្ត្រ​ដ៏​អាប់អួរ​នៅក្នុង​អតីតកាល ជាពិសេស​សម្រាប់​យុវជន​ជំនាន់​ក្រោយ ឲ្យ​មានជីវិត​រស់នៅ​បានល្អ​ប្រសើរ​ជាង​នេះ​។

៤) តើ​បទ​ចម្រៀង​ថ្មី​ទាំងពីរ​នេះ អាច​ចូលរួមចំណែក​ក្នុងការ​ផ្សះផ្សា​នៅក្នុង​ប្រទេស​កម្ពុជា​បាន​យ៉ាងដូចម្តេច​?

​ដូចគ្នា​ទៅនឹង​ទម្រង់​នៃ​សិល្បៈ​ដទៃទៀត​ដែរ ចម្រៀង​ទាំងពីរ​បទ​នេះ អាច​ជ្រៀត​ចូលក្នុង​ដួងចិត្ត​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ ក្នុងស្ថានភាព​ដែល​គ្មាន​សៀវភៅ ឬក៏​ការបង្រៀន​ណាមួយ អាច​ធ្វើទៅ​បានឡើយ​។ បទ​ចម្រៀង​ទាំងនេះ​ជួយ​ជម្រុញ​ទឹកចិត្ត​និង​អប់រំ អំពី​អ្វីដែល​កើតមានឡើង និង​អ្វីដែល​អាចធ្វើ​ទៅបាន​។

៥)​តើ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​បាន​បំពេញការងារ​យ៉ាងដូច​ម្តេច​ខ្លះ​?

​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បានផ្តល់​ការគាំទ្រ​និង​យល់ស្រប​ជាមួយនឹង​ចក្ខុវិស័យ​នៃ​ការបង្កើត​បទ​ចម្រៀង​ទាំងពីរ​បទ​នេះ​។ មជ្ឈមណ្ឌល​នេះ​បាន​ប្រើប្រាស់​ប្រ​វ​ត្ដិ​សាស្ដ្រ​ដើម្បី​អប់រំ​យុវជន អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ របស់​ប្រទេស​កម្ពុជា​និង​តំបន់​ដើម្បី​ធ្វើជា​ស្ពាន​ក្នុង​ការកសាង​ទំនាក់ទំនង​រវាង​បុគ្គល សហគមន៍ និង​ប្រទេសជាតិ​។ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​បាននិងកំពុង​សម្រេច​គោលដៅ​របស់ខ្លួន​ដោយ​ចាប់ផ្ដើម​ពី​សិស្ស​ម្នាក់ គ្រូ​ម្នាក់ និង​សហគមន៍​មួយ​។

​ដូច​ទស្សនវិទូ​ជនជាតិ​ក្រិ​ក​គឺ​លោក​ផ្លា​តូ​បាន​និយាយថា​៖ «​តន្ត្រី​គឺជា​ច្បាប់​សីលធម៌​។ តន្ត្រី​បានផ្តល់​ព្រលឹង​ទៅ​ឲ្យ​ចក្រ​វា​ឡ ស្លាប​ហោះហើរ​សម្រាប់​ការគិត​ពិចារណា និង​ការស្រមើស្រមៃ ភាព​ទាក់ទាញ និង​ភាពសប្បាយ​រីករាយ​ដល់​ជីវិត​និង​អ្វីៗ​គ្រប់យ៉ាង​»​។

​ខ្ញុំ​ផ្ទាល់​ជឿជាក់ថា តន្ត្រី​ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទម្រង់​សិល្បៈ​ដទៃទៀត​ដែរ ពិត​ជាមាន​សារសំខាន់​ចំពោះ​ប្រវត្តិសាស្ត្រ​និង​អនាគត​របស់​ប្រទេស​។ យើង​ត្រូវតែ​ប្រើ​រាល់​ទម្រង់​ផ្សព្វផ្សាយ និង​វប្បធម៌​ដែល​យើង​មាន​ដើម្បី​ទទួលបាន​នូវ​សក្តានុពល​របស់​បុគ្គល​ម្នាក់ៗ សហគមន៍ និង​ប្រទេសជាតិ​៕