លោក ជា ចាន់តូ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្ដាល នៃ​ប្រទេស​និយាយ​ភាសា​បារាំង លើក​ទី​២៥ នៅ​ទីក្រុង Bordeaux

597
ចែករម្លែក

ភ្នំពេញ​: លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្ដាល នៃ​ប្រទេស​និយាយ​ភាសា​បារាំង លើក​ទី​២៥ ចាប់ពី​ថ្ងៃទី​២៣-២៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង Bordeaux ប្រទេស​បារាំង​។

​សន្និសីទ​នៅ​ឆ្នាំ​២០១៩ នេះ ត្រូវបាន​រៀបចំឡើង ដោយ​ធនាគារកណ្តាល​បារាំង ក្រោម​ប្រធានបទ “​ធនាគារកណ្តាល រដ្ឋាភិបាល និង​សាធារណៈមតិ​” ដោយមាន​វត្តមាន​ទេសាភិបាល​មកពី​ធនាគារកណ្តាល​ចំនួន ២១ មកពី​ទ្វីបអឺរ៉ុប អាមេរិក អាស៊ី​និង​អាហ្វ្រិក​។ សន្និសីទ​នេះ មាន​គោលបំណង​បង្កើតជា​វេទិកា​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង ដើម្បី​ផ្តល់ឱកាស​ជូន​ថ្នាក់​ទេសាភិបាល បាន​ជួបជុំ​រឹតចំណង​មិត្តភាព ព្រមទាំង​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​និង​បទពិសោធន៍​ទៅលើ​ការងារ​ចម្បង​របស់​ធនាគារកណ្តាល​។​

​ប្រធានបទ​នា​ឆ្នាំនេះ បាន​លើក​យកមក​ពិភាក្សា​ពី​៖ i/-​ការរួមចំណែក​របស់​ធនាគារកណ្តាល​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស ដែល​អង្គប្រជុំ​បានបង្ហាញ​ពី​តួនាទី​ដ៏​ចម្បង​របស់​ធនាគារកណ្តាល​ក្នុង​ការដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ និង​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន ដែល​រួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ii/-​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ធនាគារកណ្ដាល​និង​រដ្ឋាភិបាល ក្នុងការ​សម្របសម្រួល​ការដឹកនាំ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ការរក្សា​ភាព​ឯករាជ្យ​របស់​ធនាគារ​កណ្តាល ដែលមាន​សារៈសំខាន់​ក្នុងការ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​មុខងារ​ភារកិច្ច​របស់ខ្លួន iii/-​គោលនយោបាយ​និង​ឧបករណ៍​ផ្សព្វផ្សាយ​នៃ​ធនាគារកណ្ដាល ដែល​កាន់​តែមាន​ភាពចាំបាច់​ដ​ល់​សាធារណជន ដើម្បី​បង្កើន​ភាពជឿជាក់ និង​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​និង​វិធានការ​នានា iv/-​តួនាទី​របស់​ធនាគារ​កណ្ដាល​នៅក្នុង​ការបង្កើន​ចំណេះដឹង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង v/-​ធនាគារកណ្ដាល បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​វិសមភាព​។​

​នាឱកាស​នោះ លោក​ទេសាភិបាល ក៏បាន​ចែករំលែក​ពី​ស្ថានភាព​រីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា នា​រយៈពេល ២ ទស្សវត្សរ៍​ចុងក្រោយ និង​តួនាទី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​រួមចំណែក​ដល់​វ​ឌ្ឍ​ភាព​នេះ​។ ការរួមចំណែក​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ ការរក្សា​ស្ថិរភាព​ថ្លៃ​និង​អត្រា​ការប្រាក់ ការបង្កើន​ទុនបម្រុង​អន្តរជាតិ ការអភិវឌ្ឍ​វិស័យ​ធនាគារ និង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូរ​ទាត់ ជាដើម​។ លើសពីនេះ ធនាគារជាតិ​នៃ​កម្ពុជា បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ការអប់រំ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដល់​សាធារណជន​។ ថ្មីៗ​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​សម្ភោ​ធ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រវត្តិ និង​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​កម្ពុជា​ជូន​ដល់​សាធារណជន​។ ម្យ៉ាងទៀត ការផ្តល់​ព័ត៌មាន​និង​ស្ថិតិ​នានា​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ងាយស្រួល​ទទួលបាន និង​ទាន់ពេលវេលា តាមរយៈ​គេហទំព័រ និង​បណ្តាញ​សង្គម​នានា​៕ ល​