លោក ជៀង អំ : “​កុំឱ្យ​មានការ​រើសអើង​ចំពោះ​បងប្អូន​ដែល​មិនបាន​ទៅ​បោះឆ្នោត​”

1079
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​៖ លោក ជៀង អំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ប្រាប់​ដល់​សមាជិក​បក្ស​ថា កុំឱ្យ​មានការ​រើសអើង​ចំពោះ​បងប្អូន ដែល​មិនបាន​ទៅ​បោះឆ្នោត នាពេល​កន្លងមក ពីព្រោះ​យើង​សុទ្ធតែជា​ប្រជាជន​ខ្មែរ​ដូច​គា្ន​ទេ ធ្វើ​ម៉េច​បើ​គាត់​ជ្រុល​ទៅហើយ​តែ​យើង​ក៏ត្រូវ​គិតពី​រឿង​បច្ចុប្បន្ន​ទៅ​ពេលអនាគត​វិញ ហើយ​ត្រូវមាន​ការជឿជាក់​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​បច្ចុប្បន្ន​។​

​លោក ជៀង អំ បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ ចុះ​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា នៅ​ភូមិ​ត្រពាំង​ផ្អាវ ឃុំ​ពងទឹក ស្រុក​រំដួល​ខេត្តស្វាយរៀង ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​លោក ជៀង អំ បានបញ្ជាក់​ប្រាប់​សមាជិក​បក្ស​បន្តទៀតថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ មាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជាង​៨៣​ភាគរយ ដូច្នេះ​ការបោះឆ្នោត​នេះ​បាន​បង្ហាញថា ប្រជាពលរដ្ឋ​មិនបាន​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​អគតិ​មួយចំនួន​នោះឡើយ គឺ​ពួក​ម្នាក់ៗ បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ហើយ​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ឈ្នះ​ភ្លូកទឹកភ្លូកដី​តួ យ៉ាង​ដូចជា​ខេត្តស្វាយរៀង​គណបក្ស​ប្រជាជន ទទួលបាន​៥​អាសនៈ​លើ​៥​អាសនៈ​។​

​លោក​បាន​បន្តទៀតថា ចាប់​ពេលនេះ​តទៅ នៅ​អាណត្តិ​ទី​៦ រាជរដ្ឋាភិបាល និង​បន្តការងារ​អភិវឌ្ឍ​ប្រទេស​ឲ្យ​មាន​ភាព​រីកចម្រើន​គ្រប់​វិស័យ ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ទឹក ភ្លើង ផ្លូវ ធនធានមនុស្ស មួយវិញទៀត​បង្កើន​ការវិនិយោគ​បន្ថែមទៀត ដើម្បី​ស្រូបយក​កម្មករ​កម្ម​ការ​នី​មាន​ការងារ​ធ្វើ​កាន់តែ​ច្រើនឡើង ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​៕