លោក ជ័យ ចាប បន្ត​តំណែង​ជា ប្រធាន​សមាគម​តេ​ក្វាន់​ដូ WT រាជធានី​ភ្នំពេញ មួយ​អាណត្តិ​ទៀត​

159

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សមាគម​តេ​ក្វាន់​ដូ WT រាជធានី​ភ្នំពេញ បានធ្វើ​សន្និបាត បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​របស់ខ្លួន កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ ។​

​មូលបទ​សំខាន់ ដែល​ជជែក​គ្នា នៅក្នុង​សន្និបាត​នោះ គឺ​លោក ជ័យ ចាប នៅ​បន្ត​តំណែង​ជា ប្រធាន​សមាគម មួយ​អាណត្តិ​ទៀត ក្នុងខណៈដែល​លោក សំ សុខ​យី ក៏​បន្ត​តំណែង​ជា អគ្គលេខា​របស់​សមាគម បន្តទៀត​ដែរ ។ សន្និបាត បាន​ជជែក​គ្នា ពី​វិធី​ស្វែងរក​ចំណូល សម្រាប់​សហព័ន្ធ ក្នុងខណៈដែល​ចំណូល ប្រចាំឆ្នាំ​របស់​សហព័ន្ធ មាន​កម្រិត​ទាប ហើយ​ការចំណាយ​ទៅវិញ ដោយ​ត្បិតត្បៀត ឲ្យ​សមស្រប ទៅតាម​ចំណូល​។​

ទិដ្ឋភាព​មហាសន្និបាត​

​ប្រាក់ចំណូល​របស់​សហ​ព័ន្ធ គ្មានអ្វី​ក្រៅពី​ការប្រឡង តម្លើង​ខ្សែក្រវាត់ បានមកពី​ការប្រកួត​ប៉ុណ្ណោះ ។ ចំពោះ ចំណូល​ដែល​បានមកពី ការជួយឧបត្ថម្ភ​រប​ស់ សប្បុរសជន​នានា និង​ក្រុមហ៊ុន​នានា នៅ​មិនទាន់មាន​នៅឡើយ​ទេ ។​

​តេ​ក្វាន់​ដូ WT នាពេល​បច្ចុប្បន្ននេះ ជា​កីឡា​របស់​ពិភពលោក មាន​ជាង ២១០ ប្រទេស ដែល​កំពុងតែ​ហ្វឹកហាត់ ដោយ​យកចិត្តទុកដាក់​បំផុត ដូច្នេះ​នៅ​កម្ពុជា​យើង ក៏បាន​បង្កើត​ក្លិប​កីឡា​តេ​ក្វាន់​ដូ WT ជាច្រើន នៅតាម​រាជធានី​-​ខេត្ត រួមបញ្ចូល​ទៅជា សមាគម​តេ​ក្វាន់​ដូ WT ដែលមាន​ខេ​មរ​សហព័ន្ធ តេ​ក្វាន់​ដូ WT ទទួលខុសត្រូវ ចំពោះមុខ​ស្ថាប័ន​កីឡា ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា តាមរយៈ​សកម្មភាព​នេះ​។​

ទិដ្ឋភាព​មហាសន្និបាត​

​សមាគម​តេ​ក្វាន់​ដូ WT រាជធានី​ភ្នំពេញ បាន​បង្កើតឡើង នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១១ មាន ១៣ ក្លិប ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រុមការងារ នៅ រាជធានី​ភ្នំពេញ និង​គ្រូ​ជម្រើសជាតិ លោកគ្រូ Choi Yong Sok ។

​អាណត្តិ​ទី​២​នេះ សមាគម មាន​ក្លិប​ជា​សមាជិក ចំនួន​១៧ ថ្នាក់ដឹកនាំ​ចំនួន ១៣​នាក់ ប្រធាន​១៣​រូប គ្រូបង្វឹក គ្រូ​ជំនួយ កម្រិត​ខ្សែក្រវាត់​ខ្មៅ ១​ដាន់ រហូតដល់ ៥​ដាន់ ចំនួន​២៦​នាក់ មន្ត្រី​បច្ចេកទេស​ចំនួន​៨​នាក់ កីឡាករ កីឡាការិនី ៥៩៧​នាក់ ក្នុងនោះ មាន​កីឡាការិនី ២៨០ នាក់​៕v