លោក ឈឹម ផល​វរុណ ចូល​បំភ្លឺ​ក្នុង​តុលាការ​ក្នុង​សំណុំរឿង​ក្បត់ជាតិ​របស់ លោក កឹម សុខា

563

(​ភ្នំពេញ​) ៖ តាម​ការកោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ជុំវិញ​សំណុំរឿង​ក្បត់ជាតិ​របស់ លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​​គណបក្ស​សង្គ្រោះ​ជាតិ​។

​នៅក្នុង​ដីកាកោះ​កន្លងទៅ តុលាការ​បានកំណត់​ឱ្យ លោក ឈឹម ផល​វរុណ ចូល​បំភ្លឺ នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក នៅ​ជា​ន់ទី​៣ បន្ទប់​គ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក ឈឹម ផល​វរុណ ត្រូវ​នាំទៅ​ជាមួយ នូវ​ឯកសារ​ផ្សេងៗ​ដែល​ទាក់​​ទង​នឹង​ករណីនេះ​។​

​សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​បន្ទាប់ពី​មាន​​ការ​បែកធ្លាយ​វីដេអូ មួយ​បង្ហាញថា លោក​បាន​សារភាព​អំពី​ការ​អនុវត្តតាម​ការបង្គាប់​បញ្ជា​របស់​សហរដ្ឋអាមេរិក​ក្នុង​គោលបំណង​ផ្តួល​​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ប្រទេស​ស៊ែ​ប៊ី​។​

​លោក កឹម សុខា ត្រូវបាន​តុលាការ​ឃុំខ្លួន ដាក់ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧​ដោយ​ចោទប្រកាន់​ពីបទ​​ល្មើស «​ក្បត់ជាតិ​» ដែល​អាច​ប្រឈមមុខ​នឹង ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញថា លោក កឹម សុខា ជាប់ចោទ​ប្រកាន់​ពីបទ «​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស » តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​៕​ដោយ​៖​វិបុល​/sn