លោក ឈេ​ង សុវណ្ណ​ដា​: “​មិន​អនុគ្រោះ​ដល់​ក្រុមហ៊ុន​ដឹក​អាចម៍ដី ខ្សាច់ ថ្ម និង​គ្រួស ដែល​ល្មើសច្បាប់​”

652
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: អភិបាលក្រុង​ខេមរភូមិន្ទ បាន​អះអាងថា ខ្លួន​នឹងមិន​លើកលែង​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ថ្ម ណាមួយ​ដែល​មិនបាន​គ្រប​តង់​ត្រឹមត្រូវ​មុនពេល​ធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ ជៀសវាង​ការបាត់បង់​សោ​ភណ្ឌ​ភាព និង​កើតមាន​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អ្ន​ក​បើកបរ​ដទៃទៀត​។​

លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ​វ័យក្មេង​ម្នាក​នៅក្នុង​ខេត្តកោះកុង បញ្ជាក់​កាលពី​ល្ងាច​ថ្ងៃទី​៨ វិច្ឆិកា ជាមួយនឹង​តំណាង​ម្ចាស់​ក្រុមហ៊ុន​រកស៊ី​ដឹក​គ្រួស ថ្ម ខ្សាច់ និង​អាចម៍ដី ប្រមាណ​ជាង​២០​រូប​ថា ចាប់ពី​ថ្ងៃនេះ​តទៅ រាល់​រថយន្ត​ដឹក​គ្រួស ថ្ម និង​អាចម៍ដី ក្នុង​មូលដ្ឋាន​ក្រុង​ខេមរភូមិន្ទ ដែល​ពុំបាន​អនុវត្ត​ទៅតាម​ការណែនាំ​ទេនោះ អាជ្ញាធរ​នឹងមាន​វិធានការ​ទៅតាម​ច្បាប់ គ្មាន​ការយោគយល់​ទៀតឡើយ ករណី​បើ​នៅតែ​បន្ត​ល្មើស​ដោយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រិះគន់​មកកាន់​អាជ្ញាធរ​។

​លោក ឈេ​ង សុវណ្ណ​ដា បន្ថែមថា លោក​ចង់អោយ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អាជីវកម្ម​រ៉ែ​ទាំងអស់ ប្រាប់​អ្នកបើកបរ​របស់ខ្លួន ពេល​ដឹក​អាចម៍ដី គ្រួស ខ្សាច់ និង​ថ្ម ត្រូវយក​តង់​គ្រប​អោយ​ជិត មិនឱ្យ​ហុយ ដោយ​ធានាថា មិន​ជ្រាប​ទឹក ឬ​ជ្រុះ​អាចម៍ដី​មកលើ​ដងផ្លូវ​សាធារណ​។ កុំ​បើកបរ​ហួស​ល្បឿន​កំណត់​គ្មាន​ក្រមសីលធម៌ និង កុំ​សេព​គ្រឿងញៀន​ជាដើម​។​

​ទន្ទឹម​នោះដែរ លោក​អភិបាលក្រុង ក៏បាន​ដាក់​កំ​ហិប​ទៀតថា ប្រសិនបើ​ម្ចាស់​ក្រុមហ៊ុន និង​បុគ្គលិក មិន​គោរព​តាម​ការណែនាំ​បង្កឱ្យមាន​ជ្រុះ​អាចម៍​ពាល​ពេញ​ផ្លូវ​សាធារណ និង​ផ្លូវ​ទីតាំង​ចូល​ការដ្ឋាន​សំណង់ ចាំ​ា​បាច់​សម្អាត​អោយបាន​ស្អាត​ល្អ ជៀស​ជាង​បាត់បង់​សណ្តាប់ធ្នាប់ សោ​ភណ្ឌ​ភាព​ទីក្រុង ឬ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដំណើរ​ដទៃទៀត​។ ពិសេស​ហាម​ដាច់ខាត ការចាក់ដី​លុប​អូរ ប្រឡាយ លូ ព្រែក ឬ​តំបន់​រំដោះ​ទឹក​របស់​រដ្ឋ ករណី​នៅ​បន្ត​ល្មើ​សនឹង​បទបញ្ជា អាជ្ញាធរ​នឹងមាន​វិធានការ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ច្បាប់​អាជីវកម្ម​រ៉ែ​។​

​ការដាក់ចេញ​នូវ​វិធានការ​បន្ទាន់​លើ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​អាចម៍ដី ខ្សាច់ គ្រួស និង​ថ្ម នៅពេលនេះ ធ្វើឡើង​ក្រោយពី​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំងៗ​ដែលថា អាជ្ញាធរ​ខ្វះ​យន្តការ​ដោះស្រាយ ខណៈ​រថយន្ត​មាន​ដឹក​ដី ខ្សាច់ ថ្ម មួយចំនួន​ពុំបាន​អនុវត្ត​ច្បាប់​កំណត់​។ ហើយ​នេះ​ជាការ​កោះហៅ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អាជីវកម្ម​រ៉ែ​ជា​លើក​ទី​២​។​

​ចំណែក​លោក ង៉ែត ចាន់​ឌី និង​លោក សោម នាង តំណាង​ក្រុមហ៊ុន​ដឹក​ដី ខ្សាច់ ក្រួស និង​ថ្ម បាន​សន្យាថា ពួកគាត់​នឹង​គោរព​ទៅ​អ្វីដែល​ជាការ​ណែនាំ​របស់​អាជ្ញាធរ​ក្រុង គ្រា​ដែរ​ពួកគាត់​បាន​អនុវត្ត តែ​ក្រុមហ៊ុន​មួយចំនួន​ផ្សេងទៀត ពុំបាន​ចូលរួម​អនុវត្តតាម​។ បន្ថែម​លើ​នេះ តំណាង​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អាជីវកម្ម​រ៉ែ​ង ក៏​ស្នើ​ឱ្យដល់​អាជ្ញាធរ​ក្រុង និង​ខេត្ត​វិញ​ដែរ​ថា សុំឱ្យ​វិធានការ​តាមច្បាប់​ដោយ​តម្លាភាព ដើម្បី​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​កន្លងទៅ បើតាម​ការឱ្យ​ដឹង​រប​ស់​ពលរដ្ឋ ពួកគាត់​មិន​សប្បាយ​ទេ នៅពេល​ឃើញ​មាន​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ និង​គ្រួស តូចធំ ហាក់​ប្រ​ងើយ​កន្តើយ​នឹង​ផលប៉ះពាល់​ដល់​សុខភាព​អ្នករស់នៅ សុវត្ថិភាព​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ និង​បង់​បាត់​សោ​ភណ្ឌ​ភាព​ទីក្រុង ព្រោះតែ​ដឹក​អាចមន៍​ដី ខ្សាច់ និង​គ្រួស​លើ​រថយន្ត​ពុំបាន​គ្រប​ហៀរ​កំពប់​ពាសពេញ​ផ្លូវថ្នល់​។ ដោយ​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ទាំងនោះ គឺ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​គិត​ប្រយោជន៍​សាធារណៈ​៕

#