លោក ញឹក ប៊ុនឆៃ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជាបណ្តោះអាសន្ន​

1836
ចែករម្លែក

ដោយៈ​លីន​ណា​,​ស​.​រិ​ទ្ធ​,​មុនី​រ័ត្ន​/​ភ្នំពេញៈ​មន្ត្រី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​មុននេះ​បន្តិច​ថា​លោក​ញឹក​ប៊ុនឆៃ​ត្រូវ​បានទទួល​ការអនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​តាមរយៈ​ដីកា​សម្រេច​នៅពេល​ល្ងាច​នេះ​។​

លោក ញឹកប៊ុនឆៃ កាលពីពេលចាប់ខ្លួន

​មន្ត្រី​ដដែល​បញ្ជាក់ថា ការសម្រេច​នេះ​បន្ទាប់ពី​មានការ​ស្នើ​ពី​មេធាវី​របស់លោក​ញឹក ប៊ុនឆៃ ដោយ សារ​លោក​មាន​ជំងឺ​ដែល​ត្រូវការ​ព្យាបាល​។​លោក​បញ្ជាក់ថា​នេះ​ជាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​តែ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យរ​បស់​តុលាការ​។​

ដីការដោះលែងបានធ្វើឡើងដោយលោក លី លឹម​ម៉េង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​នេះ ។

​គួរ​រំលឹក​កាល​ថ្ងៃទី​៣ សីហា ២០១៧ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​ទី​ប្រឹក្សា​រដ្ឋាភិបាល លោក ញឹក ប៊ុនឆៃ ដោយជាប់​ពាក់ព័ន្ធ​ករណី​ផលិត​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១២​កន្លងទៅ នៅ​ខេត្តកំពង់ស្ពឺ​។​

​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​តាម​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី​៦ សីហាថា ការ​សម្រេច​​​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ នេះ ដោយសារ​មាន​លិខិត​ចុះ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ របស់​ទណ្ឌិត​ជា​ជនជាតិ​ចិន និង​ធ្លាប់ជា​ទីប្រឹក្សា​របស់លោក ញឹក ប៊ុនឆៃ ឈ្មោះ ជា ជុង បាន​បរិហារ​រៀបរាប់​ពី​មេខ្លោង​ផលិត​គ្រឿងញៀន​ជា​ជន​ជាតិចិន មួយចំនួនទៀត និង​មាន​ចំណុច​ដែល​ពាក់ព័ន្ធ​ដល់​លោក ញឹក ប៊ុនឆៃ ក្នុង​សំណុំរឿង​គ្រឿងញៀន​កាលពី​ឆ្នាំ​២០០៧ កន្លងទៅ​។​

​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០០៧ សមត្ថកិច្ច​បាន​ឆែកឆេរ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​គោមួយ​កន្លែង​ស្ថិតនៅ​ភូមិ​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺ​បាន​រកឃើញ​ឧបករណ៍​ផលិត​គ្រឿងញៀន និង​សារធាតុ​ផលិត​គ្រឿងញៀន ព្រមទាំង​បាន​ឃាត់ខ្លួន​ជនល្មើស​ជនជាតិខ្មែរ ចិន និង​ថៃ ចំនួន ៧​នាក់​។ ក្រោយពី​មានការ​ស៊ើបអង្កេត តុលាការ​សម្រេច​ផ្ដន្ទាទោស​ឈ្មោះ ជា ជុង និង​មនុស្ស ៦​នាក់​ផ្សេងទៀត​ដាក់ពន្ធនាគារ​ចាប់ពី ២៥​ឆ្នាំ និង​ដល់​មួយជីវិត​ក្នុង​សំណុំរឿង​គ្រឿងញៀន​នេះ តាម​មាត្រា​៣២.២​ថ្មី និង​មាត្រា​៣៨.១​ថ្មី នៃ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​រហូតមកដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​តាមរយៈ​អគ្គនាយក​ដ្ឋាន​ពន្ធនាគា​រ បានទទួល​លិខិត​របស់​ទណ្ឌិត​ឈ្មោះ ជា ជុង ដែល​បាន​សុំ​ស្វែងរក​យុត្តិធម៌ និង​បរិហារ​ឡើង​វិញ​អំពី​សំណុំរឿង​គ្រឿងញៀន​នេះ និង​បាន​ទាំង​បង្ហាញ​អំពី​ជន​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត ដោយ​ក្នុងនោះ​មាន​ទាំង​លោក ញឹក ប៊ុនឆៃ ផង​។​

​ការចុះ​ឆែកឆេរ​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០០៧ ទៅលើ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​គោ ដែល​អាជ្ញាធរ​រកឃើញ​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន គឺ​គ្រប់គ្រង​ផ្ទាល់​ដោយ​ទណ្ឌិត​ឈ្មោះ ជា ជុង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាជ្ញាធរ​រកឃើញ​រថ​យន្ត​ម៉ាក​កា​ម៉េ​រី​ស៊េរី​ឆ្នាំ​២០០៣ (Camry) មួយគ្រឿង ដែលជា​រថយន្ត​សម្រាប់​បើក​នាំ​ផ្លូវ​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ​។​

​ផ្អែកលើ​ភស្តុតាង​ទាំងនេះ និង​ការស្រាវជ្រាវ​បន្ថែមទៀត អយ្យការ​សម្រេច​ចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ពីបទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​តាម​បញ្ញត្តិ​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣៨.១​ថ្មី​ចំណុច​ទី​៤ និង​មាត្រា​៣២.១​ថ្មី​ចំណុច​ទី​៤-​ង នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០០៥ និង​បាន​បញ្ជូន​សំណុំ​រឿងនេះ​ឲ្យ​ទៅ​ចៅក្រម ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ​៕​មន​