លោក ញឹក ប៊ុនឆៃ ត្រូវបាន​បញ្ជូន​ដល់​តុលាការ​ហើយ ខណៈ​មន្ត្រី​ថា​មាន​ភស្តុតាង​ចោទប្រកាន់​

1416
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៧​នេះ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​លោក ញឹក ប៊ុនឆៃ​ទៅដល់​តុលាការ​​ហើយ ដើម្បី​បន្ត​ការសួរនាំ ចាត់ការ​តាមច្បាប់ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ការផលិត​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​១០​ឆ្នាំមុន​។​

​សូមបញ្ជាក់ថា នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​នេះ​កន្លងទៅ​ថ្មីៗ​នេះ លោក ញឹក ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​​ជាតិ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​យកទៅ​សួរនាំ​នៅ​ស្នងការ​ក្រុងភ្នំពេញ​អស់​ពេល​២​ថ្ងៃមុន​បញ្ជូន​មកកាន់​តុលាការ​នៅ​រសៀល​នេះ​។​

​ជុំវិញ​ការឃាត់ខ្លួន​អតីត​ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​ ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​អះអាង​​ប្រាប់​វិទ្យុ​ជា​ភាសា​ខ្មែរ​មួយ​ថា មូលហេតុ​នាំឱ្យមាន​ចុះ​ឆែកឆេរ​ផ្ទាល់​ដល់​គេហដ្ឋាន គឺ​បន្ទាប់ពី​សមត្ថកិច្ច​រក​ឃើញ​ភស្តុតាង​មួយចំនួន​ដែល​បង្ហាញថា លោក ញឹក ប៊ុនឆៃ បាន​ឃុបឃិត ទទួលបាន​ផលប្រយោជន៍​ជា​ទឹកប្រាក់ និង​ការគាំទ្រ​ក្នុង​បទល្មើស​គ្រឿងញៀន​កាលពី​ឆ្នាំ​២០០៧ កន្លងទៅ​៖ «​មិនត្រូវ​រួចខ្លួន​ទេ ព្រោះ​មានការ​ពាក់ព័ន្ធ ត្រូវ​រកឃើញ​ហើយ​»​។​លោក​ថា លោក ញឹក ប៊ុនឆៃ គេច​មិន​ផុតពី​ផ្លូវច្បាប់​ឡើយ​។​

​បើតាម​ឃែ​ម​បូ​ឌា ដេល្លី អះអាងថា លោក ខៀវ សុភ័គ បាន​មានប្រសាសន៍ថា​« គាត់​(​ញឹក ប៊ុនឆៃ​)​ទទួល​លុយរាប់​ពាន់​ដុល្លារ និង​នៅពេល​អាជ្ញាធរ​ចាប់ផ្តើម​ធ្វើការ​ចាប់ខ្លួន គាត់​ក៏បាន​សុំអោយ​អ្នកដទៃ​ភៀសខ្លួន​»​។​

​ការអះអាង​នេះ ស្របពេល​កងកម្លាំង​សមត្ថកិច្ច​ប្រហែល​ជិត​៤០​នាក់ មាន​ទាំង​កម្លាំង​ខាង​ព្រហ្មទណ្ឌ ដោយ​ខ្លះ​មាន​ប្រដាប់អាវុធ​វែង​ខ្លី​ជាច្រើន​ដើម​ផង នៅ​ល្ងាច​ថ្ងៃទី​៤ ខែកក្កដា បាន​នាំខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ទៅ​ឆែកឆេរ​ដល់​គេហដ្ឋាន​របស់លោក​ផ្ទាល់​ដើម្បី​តាម​ស្វែងរក​ភស្តុតាង​បន្ថែមទៀត ជុំវិញ​ដំណើររឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​កាលពី​ឆ្នាំ​២០០៧៕​ដោយ​៖​វាសនា​

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ