លោក ឌី​ជេ ហេ​រ៉ូ ក្លាយជា​ម្ចាស់​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​

416

(​ភ្នំពេញ​)៖ ឌី​ជេ​(D.J) ហេ​រ៉ូ ដែល​គេ​ស្គាល់ តាមរយៈ​ការធ្វើ​អត្ថាធិប្បាយ​កម្មវិធី​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​នោះ ពេលនេះ បាន​ក្លាយជា​ម្ចាស់​ភោជនីយដ្ឋាន​ដ៏​សមរម្យ​មួយ នៅ​ទីក្រុង​តាខ្មៅ ។​
​ ​
​ជា​អ្នកលេង​វោហារ បង្កប់​ដោយ​ភាព​កំប្លុកកំប្លែង​នោះ អ្នក​អត្ថាធិប្បាយ​រូបនេះ ក៏​ជា​ពិធីករ ក្នុង​កម្មវិធី​តន្ត្រី​ថ្ងៃ​សោ​រ៍ វេលា​ថ្ងៃត្រង់ របស់​អាស៊ីអាគ្នេយ៍​ដែរ ។​
​ ​
​ជា​បុរស​សង្ហារ​មួយរូប​នោះ ហេ​រ៉ូ បាន​ក្លាយជា​ពិធីករ ជា D.J ដោយ​ឆ្លងកាត់​ការប្រឡង ប្រជែង​ដ៏​តឹងតែង​មួយ​។ ​កាលនោះ នៅ​ឆ្នាំ​២០០២ យុវជន​ហេ​រ៉ូ បាន​ចូលរួម​ប្រឡងប្រជែង ក្នុងចំណោម​បេក្ខជន​ជាច្រើន​រយ​នាក់ នោះ​ជាការ​ប្រឡង​លើកដំបូង​របស់គេ ដើម្បី​ចាប់យក​អាជីព​ជា D.J ។ គេ​បាន​ប្រឡង​ជាប់​ដោយ​ជោគជ័យ ដែល​ជាមួយនឹង​ភាពជោគជ័យ​នេះ លោក​ហេ​រ៉ូ បាន​ក្លាយជា​ពិធីករ​របស់​វិទ្យុ​ក្នុងស្រុក​មួយ គឺ​តាំងពី​ឆ្នាំ​២០០២ រហូតដល់​ឆ្នាំ​២០០៥ ទើប​គេ​ចាក​ចេញពី​វិទ្យុ​នោះ មក​ធ្វើជា​ពិធីករ នៅ​ស្ថាន​នី​យ៍​ទូរទស្សន៍​អប្សរា ។​
​ ​
​នៅ​ឆ្នាំ​២០០៥ លោក​ហេ​រ៉ូ បាន​ចាក​ចេញពី​ទូរទស្សន៍​អប្សរា ហើយ​មក​ធ្វើជា​ពិធីករ នៅ​ស្ថាន​នី​យ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ រហូតដល់​សព្វថ្ងៃនេះ ។ ជា​ពិធីករ ជា​D.J តែ​លោក​ហេ​រ៉ូ ជា​មនុស្ស​មាត់ឆៅ គឺ​បើ​ឃើញ​ខុស ថា​ខុស បើ​ត្រូវ គឺ សរសើរ ។ លោក​ធ្វើ​អត្ថាធិប្បាយ​ប្រដាល់ បើ​អ្នក​ប្រដាល់​រូប​ណា វ៉ៃ​មិន​អស់ពី​សមត្ថភាព​លោក​នឹង​បន្ទោស​ភ្លាមៗ តែបើ​វ៉ៃ​អស់ពី​សមត្ថភាព លោក​មិន​ត្រឹមតែ​កោតសរសើរ​ប៉ុណ្ណោះ​ទេ ជួនកាល​លោក​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ទៀតផង ។​
​ ​
​លោក​ហេ​រ៉ូ មាន​ចំណូលចិត្ត ក្នុង​ការដាំ​សួន បណ្ដុះ​ផ្កា​លក់ ដាំ​កូនឈើ ដែល​សព្វថ្ងៃនេះ លោក​មាន​សួន​លក់​កូនឈើ នៅ​ក្រុង​តាខ្មៅ និង មាន​ស្រះ​ចិញ្ចឹម​ត្រី​ទៀតផង ។ ចំពោះ​ការបើក ភោជនីយដ្ឋាន​នេះ គឺជា​រឿង​ក្រោយ​ទេ តែ​វា​ក៏​ជា​របរ​រកស៊ី​មួយ ដែល​លោក​ប៉ង​មកជា​យូរ ណាស់​មកហើយ ។​
​ ​
​ភោជនីយដ្ឋាន​របស់លោក មាន​ឈ្មោះថា ព្រៃ​ឡង់ ។ ជា​ភោជនីយដ្ឋាន​មួយ​ដែលមាន​ការតុបតែង របៀប​ធម្មជាតិ ដោយ​ក្រាល​ស្មៅ​សិប្បនិម្មិត និង មាន​តុបតែង​កូនឈើ ផ្កា​ដែល​លោក​ដាំ នៅក្នុង​សួន​របស់លោក​។ ភោជនីយដ្ឋាន​នេះ នៅពេល​យប់ មាន​តន្ត្រី​ដែល​ប្រគំ​បែប​ក្លាស់​ស៊ី​ក​ទៀតផង ។​
​ ​
​ចំពោះ​តម្លៃ និង គុណភាព​ម្ហូបអាហារ​វិញ លោក​អះអាងថា អ្នកក្រ ក៏​អាច​ចូល​បាន អ្នកមាន ក៏​អាច​ចូល​បាន គឺមាន​តម្លៃ​សមរម្យ និង មានឱជារស​ឆ្ងាញ់ ។ ភោជនីយដ្ឋាន​នេះ មាន​ទីតាំងនៅ​ផ្លូវ​ក្រោយ​វត្ត​ព្រែក​សំរោង ក្រុង​តាខ្មៅ ។​

​លោក​បាន​បន្តថា ប៉ុន្មាន​ថ្ងៃនេះ តារា​សំដែង អ្នកកំប្លែង អ្នកចម្រៀង គេ​បានមក​សាក​ម្ហូប នៅ​កន្លែង​លោក​មិនសូវ​លស់​នោះទេ ។​
​ ​
​ខ្យង​អាំង​លើ​អម្បែង​នំគ្រក់ កូន​ត្រី​បណ្ដូលល្ពៅ និង កំពឹស​បំពង ជាមួយ​ស្លឹក​ក្រូចសើច ដែល​មើលទៅ​មាន​ភាពសាមញ្ញ​នោះ វា​បាន​ក្លាយជា​ម្ហូប​ពិសេស​និង​ត្រូវគេ​ហៅ​មក​ហូប​ច្រើន ។​
​ ​
​លោក​ហេ​រ៉ូ និយាយថា លោក​មិនមាន​សមត្ថភាព​បើកហាង​នេះ តែម្នាក់ឯង​នោះទេ គឺ​លោក​ហ៊ុន​គ្នា ៣​នាក់​ហើយ ទីតាំង​ហាង​នេះ​ក៏​ជួល​គេ​ដែរ ៕ ដោយ​:​រ៉ូ​ហ្សា​

​លោក​ហេ​រ៉ូ
​ហាង​របស់លោកហេរ៉ូ